ខេត្តព្រៃវែង ៖ ដោយសារតែឥទ្ធិពលនៃ សុរា ធ្វើឱ្យកូនថ្លើមធំហ៊ានបន្លំហៅឪពុកបង្កើតថាក្លើ(មិត្តភក្ដិ) ធ្វើឱ្យឪពុកខឹងរហូតទប់កំហឹងមិនបានក៏ទាញកាំបិតកកុកអារក និងកាប់ចិញ្ច្រាំកូនខ្លួនឯងដូចកាប់សាច់ជ្រូក បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
នេះគឺជាហេតុការណ៍មួយមិនធ្លាប់មាននិងគួរឱ្យរន្ធត់បំផុតដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៣ មេសាមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិមួយថ្ងៃ នៅក្នុងផ្ទះស្ថិតក្នុងភូមិសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក ។ ជនដៃដល់ជាឪពុកដែលដាច់ចិត្តលើកដៃប្រហារកូនខ្លួនឯងឈ្មោះអ៊ុយ សុផាត អាយុ៦៤ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់បាត់បង់ជីវិតឈ្មោះសៀង ចាន់ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយប៉ាក ឃុំជ្រៃ ស្រុកកំពង់ត្របែក ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក សេង សុភ័ក្រ្ត ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា យោងតាមចម្លើយរបស់ជនឈ្មោះអ៊ុយ សុផាត ដែលជាឪពុកបានឆ្លើយថា មុនពេលកើតហេតុប្រពន្ធរបស់គាត់បានទិញស្រា១លីត្រកន្លះឱ្យផឹក២នាក់ឪពុក-កូននៅក្រោមផ្ទះ ដើម្បីកុំឱ្យដើរទៅផឹកនៅឯណាឆ្ងាយដោយកូនប្រុសជាអ្នកចាក់ស្រា ។ ដំបូងមិនទាន់ស្រវឹងកូនប្រុសនិយាយស្រួលណាស់«កែវនេះខ្ញុំ កែវនេះឪឯង» លុះផឹកយូរៗទៅស្រវឹងក៏ប្ដូរនិស្ស័យស្រាប់តែកូនប្រុសបន្លំហៅ«ហ្អែងអញ» ហើយគាត់ចេះតែប្រាប់ថា«អញឪអានេះ…ៗ» ។ ប៉ុន្តែកូននៅតែមិនឈប់រហូតចុងក្រោយហ៊ានហៅគាត់ថាក្លើទៀត ទើបធ្វើឱ្យគាត់ទ្រាំមិនបានក៏កើតទៅជារឿងឈ្លោះប្រកែកគ្នា ហើយកូនប្រុសគាត់បានស្រែកជេរប្រមាថគាត់ថែមទៀត ទើបគាត់ទប់កំហឹងមិនបានក៏ទាញកាំបិតកកុកចាប់អារកនិងកាប់ជាច្រើនកាំបិតសម្លាប់ចោលតែម្ដងទៅ ។
លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អធិការនគរបាលស្រុកកំពង់ត្របែកបានបញ្ជាក់ថា ក្រោយពីឃើញសកម្មភាពឪពុកចាប់អារកកូនប្រុស និងកាប់ចិញ្ច្រាំជាច្រើនកាំបិតដូចកាប់ចិញ្រ្ចាំសាច់ជ្រូកនោះ អ្នកជិតខាងក៏រាយការណ៍ទៅនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រៃភ្លាម ដើម្បីឱ្យសមត្ថកិច្ចទៅជួយជនរងគ្រោះ ។ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបឃាត់ខ្លួនបុរសជាឪពុកនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ