ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេជោយ៉ត​បាត់​ដាវ ព្រឹក​នេះ​យក​ដាវ​ជូន​វិញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ទាំង​អ្នក​ដំណើរ​ និង​អ្នក​ទេស​ចរ នៅ​ពេល​ទៅ​ដល់​តំបន់​មាត់​ទន្លេ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង​​ ​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ងឿង​ឆ្ងល់​​​​ពេល​ក្រឡេក​មើល​ទៅ​រូប​សំណាក​តេជោ​មាស និង​តេជោ​យ៉ត ហើយ​​ឃើញ​រូប​សំណាក​តេជោ​យ៉ត​ បាត់​ដាវ​ពី​លើ​ខ្នង​​ ។

រាជធានីភ្នំពេញ ៖ ក្នុង​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ទាំង​អ្នក​ដំណើរ​ និង​អ្នក​ទេស​ចរ នៅ​ពេល​ទៅ​ដល់​តំបន់​មាត់​ទន្លេ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង​​ ​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ងឿង​ឆ្ងល់​​​​ពេល​ក្រឡេក​មើល​ទៅ​រូប​សំណាក​តេជោ​មាស និង​តេជោ​យ៉ត ហើយ​​ឃើញ​រូប​សំណាក​តេជោ​យ៉ត​ បាត់​ដាវ​ពី​លើ​ខ្នង​​ ។

ទាក់​ទិន​​នឹង​ការ​បាត​់ដាវ​នេះ​​ ​មន្ត្រី​សាលា​រាជ​ធានី​​ភ្នំពេញ​ម្នាក់​​បាន​​ឱ្យ​ដឹង​ថា​ ​តាម​​ពិត​ដាវ​នោះ​​​បាន​ជ្រុះ​​មក​ដី​ មិន​មែន​បាត់​ទេ តាំង​តែ​ពី​មាន​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​រញ៉េ​រញ៉ៃ​​ទី​នោះ​ម្លេ៉ះ​ និង​ត្រូវ​បាន​​​អាជ្ញាធរ​សាលា​រាជ​ធានី​​​​យក​មក​រក្សា​ទុក​សិន​ ។ មន្ត្រី​ដដែល​និយាយ​ថា ដោយ​សារ​ឃើញ​ព័ត៌​មាន​ផ្សាយ​ហូរ​ហែ​ពី​ការ​បាត់​នេះ​ អាជ្ញា​ធរ​នឹង​យក​ដាវ​នេះ​​ទៅ​បំពាក់​លើ​ខ្នង​ជូន​រូប​សំណាក​តេជោ​យ៉ត​​ នៅ​ព្រឹក​នេះ​វិញ​ហើយ ។

​​គួរ​រំឭក​ថា រូប​សំណាក​មេទ័ព​ខ្មែរ «តេជោ​មាស» និង​ «តេជោយ៉ត» នេះ ត្រូវ​បាន​សាលា​រាជ​​ធានី​ភ្នំពេញ​កសាង​ឡើង​ នៅ​សួន​ច្បារ​​មុខ​វត្ត​ឧណ្ណា​លោម​ ប្រប​មាត់​ទន្លេ​សាប (អតីត​​ទីលាន​ព្រះ​គម្លង់) ដែល​បាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា​ ​ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​ពេញ​​បូណ៌​មី​ខែ​ស្រាពណ៍​ ឆ្នាំ​រោង ចត្វា​ស័ក​ ពុទ្ធ​សក​រាជ​២៥៥៦​ ដែល​ជា​ទិវា​ខួប​មួយ «ចក្រ​រាសី» របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ ។ ពិធី​សម្ពោធ​នេះ ស្ថិត​ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​​តំណាង​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​​សេនា​បតី​​តេជោ ហ៊ុន សែន​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​អ្នក​មុខ​​អ្នកការ​​​ជា​ច្រើន​រូប​ទៀត ។

​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​ឱ្យ​ដឹង​ថា ការ​កសាង​រូប​សំណាក​អតីត​មេទ័ព​ខ្មែរ​ដ៏​ខ្លាំង​​ពូកែ​នេះ​ឡើង ព្រោះ​តេជោ​មាស និង​តេជោ​យ៉ត​ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​​ គឺ​លោក​​ទាំង​ពីរ​​ជា​ចៅ​ហ្វាយ​ស្រុក​​ និង​ជា​មេទ័ព​ដែល​មាន​វីរ​ភាព​អង់​អាច​ក្លាហាន​​ ធ្វើ​ចម្បាំង​ឈ្នះ​មា​រសត្រូវ​​រាល់​លើក​ មាន​ប្រាជ្ញា​ឈ្លាស​វៃ​ និង​មាន​ប្រជា​ប្រិយ​ភាព​ពី​គ្រប់​មជ្ឈ​ដ្ឋាន​​របស់​មេទ័ព​ខ្មែរ​នា​សត​វត្ស​ទី​១៦ ​ទី​១៧ ។ ​បើ​តាម​​ការ​ស្រាវ​ជ្រាវ​​​របស់​ប្រវត្តិ​វិទូ​​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ការ​កកើត​​ទឹក​ដី​យើង​មក​ មាន​អ្នក​ដឹក​នាំ​ដែល​មាន​ងារ​ជា «តេជោ» ចំនួន​៤៩​រូប​​មក​ហើយ ។ នៅ​សត​វត្ស​ទី​២១​នេះ ព្រះ​​រាជា​​ណា​ចក្រ​កម្ពុជា​យើង​​មាន​តួ​អង្គ​មួយ​ទៀត​ដែល​មាន​គោរម្យ៍​ងារ​ជា «តេជោ» ដែល​លោក​​មាន​ឈ្មោះ​ពេញ​​​គឺ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ ។ តេជោ​សែន មិន​ត្រឹម​តែ​ជា​មេទ័ព​ ឬ​ចៅ​ហ្វាយ​ខេត្ត​​ដូច​តេជោ​ចំនួន​៤៩​រូប​​​​មុន​ឡើយ គឺ​លោក​ជា​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

ការ​ទទួល​បាន​ងារ​ជា «តេជោ» របស់​សម្តេច ហ៊ុន សែន គឺ​អនុ​លោម​ទៅតាម​វីរ​ភាព​​របស់​សម្តេច​​ក្នុង​ការ​លះ​​បង់​កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ដើម្បី​មាតុ​ភូមិ​ជា​ទី​ស្នេហា​នៃ​  យើង ។ ពិសេស​គុណ​​ធម៌​៥​យ៉ាង​ ដែល​សម្តេច​មាន​ចំពោះ​ជាតិ​មាតុ​ភូមិ និង​ប្រជា​ជន​គឺ ៖
១-​ការ​រំដោះ​ជាតិ​ និង​​ប្រជា​ជន​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ។
២-​ការ​ចរចា​រក​ដំណោះ​ស្រាយ បញ្ចប់​ជម្លោះ​​រវាង​​ភាគី​ខ្មែរ​ទាំង​អស់​ ។
៣-​គោល​នយោ​បាយ​​ឈ្នះ​-ឈ្នះ​ បាន​ផ្តល់​នូវ​ស្ថិរភាព​នយោ​បាយ​​ ដើម្បី​​អភិ​វឌ្ឍ​ប្រទេស​ជាតិ​​ ព្រម​ទាំង​អាច​បង្រួប​បង្រួម​​ទឹក​ដី​កម្ពុជា ដែល​ពី​មុន​មក​គ្មាន​​នរណា​​អាច​ធ្វើ​បាន​ចាប់​តាំង​ពី​សម័យ​អង្គរ ។
៤-​ការ​ធ្វើ​បដិវត្ត​ន៍​ជល​ផល​​នៅ​បឹង​ទន្លេ​សាប​ ក្នុង​រយៈ​ពេល​ជាង​១​សត​វត្ស​ ។ ការ​បែង​ចែក​ដី​ជូន​ប្រជា​ពលរដ្ឋ​ដែល​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​តាម​រយៈ​នយោ​បាយ​ចាស់ សកម្ម​ភាព​ថ្មី។
៥-​សម្តេច​​បាន​ការពារ​​ទឹក​ដី​ដែល​នៅ​សេស​សល់​ពី​ការ​ឈ្លាន​ពាន​​របស់​បរទេស​ពី​មុន​​មក​ឱ្យ​នៅ​គង់​វង្ស​​មិន​ឱ្យ​បាត់​បង់​សូម្បី​១​មីល្លី​ម៉ែត្រ។

​មន្ត្រី​ដដែល​​បញ្ជាក់​ថា រូប​សំណាក​​តេជោ​មាស និង​េតជោ​យ៉ត​​ ពិត​ជា​កសាង​ឡើង​ប្រកប​ដោយ​អត្ថ​ន័យ​​ប្រវត្តិ​សាស្ត្រ​ ដើម្បី​រំឭក​​ដល់​គំរូ​វីរ​ជន​ខ្មែរ​ អ្នក​ស្នេហា​ជាតិ​ និង​ជា​មេទ័ព​ដ៏​ឆ្នើម​សម្រាប់​ជន​ជំនាន់​ក្រោយ​ចង​ចាំ​ជា​រៀង​រហូត ៕