តើ​បច្ចុប្បន្ន​​អ្នក​អាន​សៀវភៅ​ច្រើន​ដែរ​អត់ ? ខណៈបច្ចេក​វិជ្ជា​ទំនើប​ៗ​កាន់​តែ​​ខ្លាំង


រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​មុខរបរ​លក់​សៀវភៅ​បាន​ត្អូញត្អែរ​ថ្ងូរ​ដូច​ព្រាប ខណៈ​ដែល​ចំនួន​អ្នក​អាន​សៀវភៅ​មានការ​ថយ​ចុះ​ស្ទើរតែ​លែង​មាន​ទៅ​ហើយ​នោះ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​របស់​យើង​កំពុង​តែ​មានការ​រីក​ចម្រើន ប្រព័ន្ធ​បច្ចេក​វិជ្ជា​ទំនើប​ៗ​កំពុង​តែ​មានការ​វិវឌ្ឍន៍ ទៅ​មុខ កាន់តែ​ជឿនលឿន​ទៅ​មុខ​កាន់តែ​ខ្លាំង ជា​ពិសេស​គឺ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​កាន់តែ​ទំនើប​ទៅ​ៗ​បម្រើ​បាន​នូវ​គ្រប់​តម្រូវការ​អ្វី​ដែល​អ្នក​ចង់​ដឹង ចង់​មើល​ទាំងអស់ ។

ដោយហេតុ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ងាក​ទៅ​រក​ការ​ប្រើ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ទំនើប ដោយ​គ្រាន់តែ​ចុច​អាច​មើលឃើញ​ទាំងអស់ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ងាក​ទៅ​រក​ការ​ប្រើ​ប្រាស់​វា ធ្វើ​ឱ្យ​ចំនួន​អ្នក​អាន​សៀវភៅ​ដែល​បោះពុម្ព មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ស្ទើរតែ​លែង​មាន​ទៅ​ហើយ ។

ស្ត្រី​ឈ្មោះ សួង វ​ណ្ណា អាយុ ៥៣​ឆ្នាំ ជា​អ្នកលក់​សៀវភៅ​នៅ​ក្បែរ​សាលា​វិទ្យាល័យ​ព្រះ​យុគន្ធរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​លក់​សៀវភៅអាន​របស់​គាត់​សព្វថ្ងៃ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ស្ទើរតែ​អស់​គ្មាន​សល់ និង​នៅ​មាន​លក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​គឺ​ចាប់តាំងពី​កើត​មាន​ទូរស័ព្ទ​បច្ចេកវិជ្ជា​ទំនើប​មក​នោះ ។ គាត់​ថា​ដោយ​ខុស​កាលពី​ពេល​មុន​មាន​មនុស្ស​ចូល​ចិត្ត​អាន​សៀវ​ភៅ​ច្រើន ហើយ​រូប​គាត់​ក៏​បានក​ម្មង់ យក​សៀវភៅ​ជា​ច្រើន​យក​មក​ដាក់​លក់​ដែល​មាន​ដូច​ជា ទស្សនាវដ្តី កាសែត សៀវភៅ​រឿង និង​សៀវភៅ​ច្បាប់ លក់ដាច់​យ៉ាង​ខ្លាំង​។

អ្នកស្រី​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​មួយ​រយះ​ក្រោយ​នេះ ការ​លក់​សៀវភៅអាន​របស់​គាត់​គ្រប់​ប្រភេទ​លក់​លែង​ដាច់​ដូច​មុន ដោយសារ​តែ​អ្នក​ធ្លាប់​ទិញ​សៀវ​របស់​គាត់​យក​ទៅ​អាន គេ​ចង់​មើល​រឿង ឬ​ក៏​អ្វីមួយ​នោះ គឺ​គេ​គ្រាន់តែ​ចុច​ទូរស័ព្ទ​គេ​អាច​មើល​បាន​ទាំងអស់​។ ចំណែកឯ​ការ​លក់​សៀវភៅ​របស់​គាត់​សព្វ​ថ្ងៃនេះ គឺ​នៅ​លក់ដាច់​តែ​ប្រភេទ​សៀវភៅពុម្ព​របស់​ក្មេង​រៀន សៀវ​ភៅសរសេរ​ធម្មតា ការ​សែត រួម​ទាំង​ឧបករណ៍​សិក្សា​របស់​ក្មេង​រៀន​តិច​ប៉ុណ្ណោះ​។ ចំណែក​ក្រៅពី​នេះ​លក់​លែង​ដាច់់​ហើយ និង​ប្រាក់​ចំណូល​ក៏​វា​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដែរ ។

ស្ត្រី​អ្នកលក់​ម្នាក់​ឈ្មោះ ហ៊ុន ណា​វី អាយុ ៤៩​ឆ្នាំ ដែល​មាន​តូប​លក់​សៀវភៅ​ក្បែរ​គ្នា​នេះ​ក៏​បាន​ប្រាប់​ដែរ​ថា មុខរបរ​លក់​សៀវភៅ​របស់​គាត់​សព្វ​ថ្ងៃនេះ គឺ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ស្ទើរតែ​លែង​មាន​អ្នក​មក​រក​ទិញ​យក​ទៅ​អាន​ទាល់តែ​សោះតែ​ម្តង ។ ចំណែកឯ​ប្រាក់់​ចំណូល​ក៏​មានការ​ធ្លាក់​ចុះ និង​ជីវភាព​រស់នៅ​កាន់តែ​មានការ​លំបាកលំបិន​ជាង​មុន​ទៅ​ទៀត ។ តូប​របស់​គាត់​មាន​លក់​ទស្សនាវដ្តី កាសែត សៀវភៅពុម្ព​ថ្នាក់​ទី​១ ថ្នាក់​ទី​២ ថ្នាក់​ទី​៣ រហូត​ទៅ​ដល់​សៀវភៅពុម្ព​ថ្នាក់​ទី​១២ ទៅ​តាម​កម្មវិធី​សិក្សារ​របស់​រដ្ឋ ក្រៅពី​នោះ​នៅ​មាន​សៀវភៅ​រឿងនិទាន អង់គ្លេស វចនានុ​ក្រម សៀវភៅ​ភាសា​ចិន ភាសា​វៀតណាម​ជាដើម ។

ស្ត្រី​ដដែល​បាន​រៀបរាប់ ប្រាប់​បន្ត​ទៀត​ថា កាលពីមុន​ទស្សនាវដ្តី និង​កាសែត​តែងតែមាន​អ្នក​មក​ទិញ​យក​ទៅ​អាន​ច្រើន​ណាស់ តែ​នៅ​ពេល​នេះ​នៅ​លក់ដាច់ តិចតួច​ប៉ុណ្ណោះ តែ​សម្រាប់​សៀវ​ភៅអាន​ផ្សេង​ៗ​មួយ​ចំនួន​ធំ​វិញ​គឺ​លក់​លែង​ដាច់​តែ​ម្តង ។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ជា​សៀវ​រឿង ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​និង​មេរៀន​សំរាប់​ប្រលង​សិស្ស​ថ្នាក់​ទី​៩​និង​ទី​១២​ក៏​នៅ​លក់ដាច់​ខ្លះ​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​សៀវភៅអាន​នេះ​ដែរ កើតឡើង​ក្រោយ​ពី​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ចេញ​មក ដោយ​គេ​ចង់​មើល​អ្វី​គ្រាន់តែ​ចុច​ឈ្មោះ​នោះ គឺ​គេ​អាច​មើលឃើញ​ទាំងអស់ នេះ​ហើយ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​មិនបាច់​ទិញ​សៀវភៅ​យក​ទៅ​អាន​ដូច​ពេល​មុន​ៗ​ទៀត​នោះ ។ ការ​ប្រកប​មុខរបរ​លក់ សៀវភៅ លក់​កាសែត​របស់​គាត់​នៅ​ទី​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​កាលពីមុន​លក់ដាច់​អាច​រក​ចំណូល​បាន​ច្រើន តែ​ពេល​នេះ​មិនសូវ​មាន​អ្នក​អាន​សៀវភៅ​លក់​លែង​ដាច់​ប្រាក់​ចំណូល​ក៏​វា​មានការ​ថយ​ចុះ​ខ្លាំង​ដែរ ។

ស្ត្រី​ឈ្មោះ សុខ ខេ​ង អាយុ​៥៦​ឆ្នាំ អ្នកលក់​សៀវភៅ​នៅ​ក្បែរ​របង​វត្ត​ទួល​ទំពូង​បាន​ប្រាប់​ឱ្យ​ដឹង​ថា តូប​របស់​គាត់​រាល់ថ្ងៃ​គឺ មិន​មាន​សៀវភៅអាន​ដាក់​លក់​ទៀត​ហើយ ដោយសារ​តែ​មិន​មាន​អ្នក​ទិញ និង​យក​មក​លក់​មិន​ដាច់​នោះ ដោយនៅ​មាន​លក់​តែ​កាសែត ទស្សនាវដ្ដី សៀវភៅ​ក្មេង​រៀន និង​សៀវភៅសរសេរ​ក្មេង​បន្តិចបន្តួច​ប៉ុណ្ណោះ ។ កាលពីមុន​រូប​គាត់​យក​កាសែត​មក​លក់ ក្នុង​មួយ​ថ្ងៃ​ចាប់ពី​៥០​ទៅ ៦០​ច្បាប់ ។ ចំណែកឯ​សៀវភៅ​ទស្សនាវដ្តី​វិញ​យក​មក​លក់​ម្តង​ៗ២០​ទៅ​៣០​ក្បាល តែ​ឥឡូវ​ក្នុង​មួយ​ថ្ងៃ​កាសែត លក់​មួយ​ថ្ងៃ​បាន​តែ​ចំនួន​៣០​ទៅ​៤០​ច្បាប់ ហើយ​ទស្សនាវដ្តី​កន្លះ​ខែ​ចេញ​ម្តង​យក​មក​តែ​៦​ទៅ​៧​ក្បាល​ក៏​លក់​មិន​អស់​ដែរ ។

ស្ត្រី​ដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា កាលពី​២​ទៅ​៣​ឆ្នាំ​មុន​មក​ទល់​នឹង​ពេល​នេះ គឺ​ការ​លក់​កាសែត ទស្សនាវដ្តី និង​សៀវភៅអាន ផ្សេង គឺ​មានការ​ខុស​គ្នា​ឆ្ងាយ​ណាស់ ដោយសារ​តែ​ពេល​នេះ​គេ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​គេ​អាច​មើល​អ្វី​បាន​ទាំងអស់ និង​ដឹង​គ្រប់​រឿង ។ ដូច្នេះ​ហើយ​បានជា​ប្រភេទ​សៀវភៅអាន​មួយ​ចំនួន​ដូច​ជា សៀវភៅ​រឿងព្រេង​និទាន សៀវភៅ​ប្រលោមលោក​ផ្សេង​ៗ គឺ​គាត់​ឈប់​យក​មក​លក់​ដូច​មុន​ទៀត​ហើយ​។

ចំណែកឯ​ប្រាក់​ចំណូល​ក៏​ថយ​ចុះ​ច្រើន​ដែរ ដោយ​កាលពីមុន​ក្នុង​មួយ​ថ្ងៃ​រក​ប្រាក់​ចំណេញ​បាន​ចាប់់ពី​៥​ទៅ​៦​ម៉ឺន​រៀល តែ​ពេល​នេះ​នៅ​សល់​ត្រឹមតែ​មួយ​ថ្ងៃ​ចំនួន​ពី​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ