យោងតាមសេចក្ដីប្រកាសផ្លូវការមួយចេញផ្សាយកាលពីយប់ថ្ងៃទី១៧ មេសា ថា បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែរ្ស៍សម្រេចបានកិច្ចព្រមព្រៀងមួយដែលអាចបញ្ចប់វិបត្ដិរវាងប្រទេស៤ក្នុងតំបន់នោះ ពិសេសរវាងអារ៉ាប៊ីសាអ៊ូឌីតនិងកាតា ។ កិច្ចព្រមព្រៀងនោះសម្រេចបានក្នុងឱកាសនៃកិច្ចប្រជុំមួយរបស់រដ្ឋមន្ដ្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្ដិការឈូងសមុទ្រ CCG ដែលប្រព្រឹត្ដទៅនៅឯមូលដ្ឋានអាកាសចរណ៍ទីក្រុងរីយ៉ាដ ។
កាលពីថ្ងៃទី៥ មីនា កន្លងមកនេះមានរឿងមួយគួរឱ្យភ្ញាក់ផ្អើលពុំធ្លាប់មានពីមុនមក ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន បានដកឯកអគ្គរដ្ឋទូតរបស់ពួកគេចេញពីក្រុងដូហា ដោយចោទប្រកាន់ប្រទេសកាតាថាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពួកគេ ហើយអនុវត្ដនយោបាយបង្កអស្ថេរភាពក្នុងតំបន់មកពីកាតាជួយទ្រទ្រង់ដល់ចលនារបស់ពួកអ៊ិស្លាមនិយម ។ ប្រទេសទាំង៣ចោទកាតាថា មិនគោរពកិច្ចសន្យាមួយកាលពីខែវិច្ឆិកា របស់ព្រះមហាក្សត្រប្រទេសនោះ ព្រះចៅតាមីម បេនហាម៉ាដអាល់ថានី ដែលថាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជិតខាងខ្លួន ហើយមិនជួយទ្រទ្រង់ដល់សកម្មភាពណាមួយដែលគំរាមកំហែងដល់ស្ថេរភាពរបស់ប្រទេសទាំងនោះ ។
យោងតាមសេចក្ដីប្រកាសរបស់ CCG រដ្ឋមន្ដ្រីរបស់ក្រុមប្រទេសតំបន់នោះបានព្រមព្រៀងគ្នាកាលពីយប់ថ្ងៃទី១៧ មេសាថា គ្មាននយោបាយរបស់ប្រទេសជាសមាជិកណាមួយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ សន្ដិសុខនិងស្ថេរភាពរបស់ប្រទេសដទៃៗទៀតរបស់ CCG ៕
ចែករំលែកព័តមាននេះ