ខេត្តសៀមរាប ៖ ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១) និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មកគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជិតមួយឆ្នាំកន្លងមកនេះដំណើរការជួសជុលប្រព្រឹត្តិទៅយ៉ាងរលូន និងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពីស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរ និងច្បាប់អន្តរជាតិ ។
ទាក់ទងនឹងលទ្ធផលដែលទទួលបានលោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលឱ្យដឹងថា ក្រុមការងារសម្រេចនូវការលើករូបបង្កាន់ដៃអសុរាដែលទ្រេត ដួល ខ្វះលំនឹងបានចំនួន៥រូប និងបង្កាន់ដៃទេវតាដែលដួលរលំរាយប៉ាយ ទ្រេត ស្រុត បម្រុងដួលរលំ បាន១៦រូប (លើកតម្រង់រូបចម្លាក់ឱ្យត្រង់ ជាប់មាំឡើងវិញបាន១០០%) និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់អសុរាកាន់ក្បាលនាគបាន៦៥% តួខ្លួនអសុរាបាន៦៥% និងព្រះកេសនាគខាងលើបាន៦៥% ។ ក្នុងនោះដែរ ក្រុមការងារក៏បានស្វែងរកឃើញព្រះកេសរបស់ទេវតាចំនួន០១ដែលនឹងតភ្ជាប់ឱ្យមានសុវត្ថិភាពឡើងវិញផងដែរ ។
ចំពោះការជួសជុលលោក ឃាម មុនី បញ្ជាក់ថា ក្រុមការងារបានលម្អិតខ្លាំងទៅលើរូបនាគនិងមេទ័ពអសុរា(លេខ០១) ព្រោះរូបនេះមានហានិភ័យខ្ពស់ដោយសារដួលទាំងស្រុង រូបប្រេះបែកពីគ្នា ព្រះកេសបែករបេះធ្លាក់ថ្ម ព្រមទាំងគ្រឹះរបស់រូបផងដែរ ដោយសារកត្តាធម្មជាតិ មានបរិយាកាស ទឹកភ្លៀង លំហូរច្រោះដី កត្តាមនុស្សដោយការបំផ្លាញ និងការលំញ័ររបស់យានយន្តដែលឆ្លងកាត់ ។
តាមរយៈតម្លៃនៃការជួសជុល ប្រធានគម្រោងរូបនេះបានសង្កត់ធ្ងន់ថា ចម្លាក់អសុរា និងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំង គឺជាទីតាំងសំខាន់ដែលទេសចរឆ្លងកាត់ឥតដាច់ ដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ