ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សត្វដំរីព្រៃឈ្មោលមួយក្បាល ក្នុងចំណោមជាច្រើនក្បាលបានដើរឡើងពីទឹកដីថៃ ឆ្លងចូលតាមច្រកទ្វារតំបន់«៤០០» ក្នុងស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យខាងភាគីកម្ពុជា បណ្ដាលឲ្យខូចខាតអស់គ្មានសល់ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៧ តុលា ខណ:បារ៉ាស់ខាងភាគីថៃបានលើកផុត ដោយសារបានដឹង មុនពេលសត្វដំរីដើសំដៅមក ។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា សត្វដំរីព្រៃមួយក្បាលនោះ បានដើរមកពីទឹកដីថៃ តាមដងផ្លូវ
នាពេលយប់ឡើង ឆ្ពោះមកកាន់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់«៤០០»ដែលទំនងសត្វដំរីព្រៃឈ្មោលដ៏ ធំ១ក្បាលនោះចុះប្រេងផង ទើបបានមនអុកឡុកប៉ុស្តិ៍យាមបែបនេះ ។
ប្រភពបានបន្តថា ពេលនោះទាហានខាងភាគីថៃ បានលើកបារ៉ាស់ផុត ហើយនាំគ្នារត់ចេញពីក្នុងប៉ុស្ដិ៍យាម រីឯខាងភាគីកម្ពុជា ដែលមិនបានដឹងមុន ហើយមិនបានលើកបារ៉ាស់ ក៏ត្រូវសត្វដំរីនោះទាញកាច់បំបាក់ខូចខាតអស់ ។
បើតាមប្រភពពីទាហានថៃបានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានសត្វដំរីព្រៃមួយហ្វូងបានបំភ្លេចបំផ្លាញផលដំណាំរបស់ពលរដ្ឋថៃអស់ជាច្រើន។ ហើយគេសង្ស័យថា សត្វដំរីឈ្មោលមួយក្បាលដែលចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្តិ៍ច្រកទ្វារ៤០០ ខាងលើនេះ បានរត់ព្រាតពេលដំរីចូលអុកឡុក ។ ប៉ុន្តែយ៉ាងណា សត្វដំរីចុះ ព្រេងមួយក្បាលនោះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ តែបានបំផ្លាញកុងត្រូលប៉ុស្តិ៍ត្រូតពិនិត្យ។ ក្រោយពីបង្កការអុកឡុក មួយប្រាវសត្វដំរីនោះ ក៏វិលត្រឡប់ចូលទឹកដីថៃវិញទាំងកណ្ដាលយប់ចូលព្រៃបាត់ទៅ ។
ចែករំលែកព័តមាននេះ