រាជធានីភ្នំពេញ ៖ គ្រប់ជាតិសាសន៍នៅកម្ពុជាការរៀបចំពិធីបុណ្យសពធ្វើឡើងទៅតាមបែបបទប្រពៃណី ទំនៀមទម្លាប់ និងសាសនារបស់ខ្លួន ដែលបានគោរពប្រតិបត្តិតាំងពីដូនតាដ៏យូរលង់មក ។ មិនថាជនជាតិខ្មែរ ជនជាតិចាម ចិន វៀតណាម និងជាតិសាសន៍ដទៃ ផ្សេងៗទៀតនោះទេ សុទ្ធតែគោរពប្រតិបត្តិទៅតាមសាសនា រៀងៗខ្លួន ។
ទន្ទឹមនេះ កោះសន្តិភាពសូមនាំប្រិយមិត្តអ្នកអានទៅជួបជាមួយហាកឹមគីឡូម៉ែត្រលេខ៨ រាជធានីភ្នំពេញដើម្បីឈ្វេងយល់ពីទំនៀបទម្លាប់ ប្រពៃណីនៃសាសនាអ៊ិស្លាម និងចង់ដឹងថាតើសាសនានេះរៀបចំពិធីបុណ្យសពរបៀបណា ?
លោកសាឡេះ ពិតអាពូតឡឹប ហាកឹម គីឡូម៉ែត្រលេខ៨ ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា អ្នកកាន់សាសនាអ៊ិស្លាម គ្រប់ៗរូបទាំងប្រុសទាំងស្រីពេលណាអស់សង្ខារទៅ អ្នកនៅរស់ត្រូវតែរៀបចំឱ្យគេ៤យ៉ាង ទៅតាមប្រពៃណីនៃច្បាប់សាសនា ។
ហាកឹម គីឡូម៉េត្រលេខ៨បានរៀបរាប់ពីការរៀបចំពិធីបុណ្យសពឲ្យដឹងថា បន្ទាប់ពីបុគ្គលដែលកាន់សាសនាអ៊ិស្លាមស្លាប់ទៅ ៖
១-គឺយើងត្រូវងូតទឹកសំអាតខ្លួនឱ្យសព តាមទំនៀមទម្លាប់នៃសាសនា គឺលាងសំអាតឱ្យសព្វខ្លួនប្រាណដោយសង្កត់ពោះឱ្យចេញលាមកឱ្យអស់ ។ ពេលលាងសម្អាតរួចយើងយកទឹកស្អាត៣យ៉ាង ១ទឹកស្អាត១ធុង ,២ទឹកស្អាតលាយស្លឹកពុទ្រា១ធុង និង៣ទឹកស្អាតលាយកម្បោរ១ធុង រួចហើយយកទឹកស្អាត៣មុខ ស្រោចពីលើសព១មុខ៣ដង ។ បន្ទាប់មកយកទឹកសំញ៉ាំងស្វាយបង្គំឱ្យសព (ស្រោចទឹកលើសពរួចសូត្រធម៌) ។
២-គឺយកក្រណាត់សរុំសព(ហៅការហ្វាន់)។ ការហ្វាន់នេះមាន២ សម្រាប់បុរសរុំក្រណាត់៣ជាន់ និងសម្រាប់ស្ត្រី៥ជាន់ ដោយរាប់ទាំងសំពត់ ឬអាវ និងក្រណាត់ស ។ ការរុំនេះដោយក្រាលពីក្រោម ៣ ឬ៥ជាន់ទៅតាមប្រុស ឬស្រី រួចរុំជាន់ទី១ ទី២រហូតដល់៥ជាន់ ។ ក្រោយពីរុំហើយ រួចចងជាចំណងចំនួន៥, ចង់ក្បាល (ដូចចងបេ),ចងចុងជើងផុត, ចងត្រង់កណ្តាលត្រង់ទ្រូង និងកែងដៃ,ចងត្រង់ចង្កេះត្រគាក និងក្បាលជង្គង ់។ គ្រប់ចំណងត្រូវមានមុខសម្រាប់ស្រាយនៅពេលបញ្ចុះ ។
៣-លើកយកសពទៅដាក់លើគ្រែសែង បញ្ជូនទៅវិហារ ដើម្បីថ្វាយបង្គំសូត្រធម៌សុំពីព្រះអាល់ឡោះឱ្យអ្នកស្លាប់ទៅក៏ដូចជាអ្នកនៅរស់មានសេចក្ដីសុខ ។ និងទី៤-ដង្ហែយកទៅកប់នៅទីបញ្ចុះសពសាសនិកអ៊ិស្លាម ។
លោកសាឡេះ ពិតអាពូតឡឹប ឱ្យដឹងទៀតថា តាមប្រពៃណីទំនៀមទម្លាប់នៃសាសនាអ៊ិស្លាម ការរៀបចំបញ្ចុះសពឱ្យបានមុនថ្ងៃលិច បើមានករណីខ្លះក្រោយថ្ងៃលិច ក៏បានដែរតែកុំឲ្យហួស១យប់មិនល្អទេសម្រាប់សាសនាអ៊ិស្លាម ។ ការជីករណ្តៅ វាស់តាមសព និងមានជំម្រៅ១សន្ទូង ។ បើអាចរាក់ជាងនេះក៏បានដែរតែកុំឱ្យធុំក្លិន ឬសត្វកាយសពយកបាន ។ បន្ទាប់មកជីកលុងប្រវែងប៉ុនខ្លួនសពទៅចំហៀងខាងលិច ។ ពេលកប់ត្រូវដាក់សពបែរមុខទៅលិច ដាក់ក្បាលទៅជើងរួចយក្ដារបាំង ហើយកប់ដីតែម្តង ។ ការកប់សពមិនពូនផ្នូរនោះទេ គឺគ្រាន់តែដាក់ថ្មសម្គាល់ប៉ុណ្ណោះ។
លោកឡឹប ម៉ាត់ អាយុ៨០ឆ្នាំ មានលំនៅភូមិទី៣ សង្កាត់ច្រាំងចំរេះទី១ ដែលជាជនជាតិចាមកាន់សាសនាអ៊ិស្លាម បានឱ្យដឹងដូចគ្នានេះដែរ ពីរបៀបរៀបចំបុណ្យសព ។ នៅពេល កប់សពពេញទីលានអស់កន្លែងហើយ ដោយមិនមានកន្លែងកប់ទៀត អាចចាក់ដីពីលើរួចកប់ជាបន្តបន្ទាប់ជាន់លើគ្នា បានដូចជាទីលានបញ្ចុះសពវិហារគីឡូមែត្រលេខ៩ ចាក់ដីពីរលើកមកហើយ។
លោកឡឹប ម៉ាត់ ឱ្យដឹងទៀតថា តាមសាសនាអ៊ិស្លាមបន្ទាប់ពីបញ្ចុះសពរួច សាសនិកអ៊ិស្លាមអាចធ្វើបុណ្យ៣ថ្ងៃ ៧ថ្ងៃ ,៤០ថ្ងៃ,១០០ថ្ងៃ ទៅតាមលទ្ធភាព តែការធ្វើបុណ្យមិនធំដុំនោះទេ ដោយគ្រាន់តែអញ្ជើញ តាៗ(អោងៗ)មកសូត្រធម៌តែប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ