ខេត្តកំពត ៖ តាមប្រភពព័ត៌មានពីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យ កោះសន្តិភាព ដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលាក់ខ្លួនប្រើប្រាស់ និងចែកចាយគ្រឿងញៀនមួយកន្លែងស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រួចមកនៅរសៀលថ្ងៃទី៧នេះជនសង្ស័យពីរនាក់រួមនឹងវត្ថុតាងថ្នាំញៀនចំនួន២១កញ្ចប់ ធំ២កញ្ចប់ និងឧបករណ៍សំរាប់ជក់ពីរសំរាប់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់ និងបញ្ជូនទៅកាន់តុលាការនារសៀលនេះមាន៖ ទី១-ឈ្មោះ ធាង រ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងទី២-ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៤ឆ្នាំ រស់ នៅភូមិត្រពាំងរបើក ស្រុកឈូក ខេត្តកំពត ។
លោកវរៈសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ដ្ឋាននគរបាលខេត្តបានឲ្យ កោះសន្តិភាព ដឹងថា មុននឹងឈានទៅឃាត់ខ្លួនជនសង្ស័យបានពីរនាក់រួមនឹងថ្នាំញៀននោះ គឺដោយមានការសហការល្អពីប្រជាពលរដ្ឋនៅភូមិ-ឃុំ ខាងលើបានសហការផ្តល់ព័ត៌មានដល់កម្លាំងបង្កប់របស់សមត្ថកិច្ច ហើយកន្លែងដែលជន សង្ស័យទាំងពីរនាក់លាក់ខ្លួនធ្វើសកម្មភាពចែកចាយនេះ ស្ថិតនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋដោយធ្វើជារោងមួយដូចរោងចាំចំការនៅចំណុចលើភ្នំមួយ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋស្ថិតនៅ ភ្នំស្រែអង្គ្រង ក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ហើយត្រូវកម្លាំងសមត្ថកិច្ចក្រមួចជាប់តែម្តង ។ ជនទាំងនាក់នេះរួមនឹងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនារសៀលថ្ងៃនេះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ