ខេត្តពោធិ៍សាត់ ៖ អ្នកជិះម៉ូតូ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឯរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងក៏ត្រូវឆេះខ្ទេចគ្មានសល់ដែរ បន្ទាប់ពីបុកម៉ូតូអូសជាង១០០ម៉ែត្រចេញផ្កាភ្លើងធ្លាយស៊ីទែនសាំងម៉ូតូបណ្តាលឱ្យឆាបឆេះ ចំណែកអ្នកដំណើរជិះក្នុងរថយន្តមិនរងគ្រោះថ្នាក់ទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី១០ មេសា ២០១៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្វាយស ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលឆេះខ្ទេចនេះជារបស់ក្រុមហ៊ុន KSO ឯអ្នកជិះម៉ូតូ២នាក់ដែលស្លាប់ ម្នាក់ឈ្មោះកែ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះឆន ឡី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកអធិការឱ្យដឹងថា នៅរសៀលនោះជនរងគ្រោះទាំង២នាក់ បន្ទាប់ពីចាក់សាំងរួចបានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច ឯរថយន្តក្រុងក៏កំពុងបោះពួយយ៉ាងលឿនស្របទិសគ្នាដែរ។ ខណៈទៅដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូបានបត់ឆ្វេងចូលផ្ទះកៀកពីមុខរថយន្តក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូជាប់ក្រោមរថយន្តក្រុងអូសចម្ងាយ១៦០ម៉ែត្រចេញផ្កាភ្លើងលើថ្នល់បណ្តាលឱ្យធ្លាយស៊ីទែនសាំងម៉ូតូឆាបឆេះតែម្តង។
លោកប៊ិន វណ្ណា បានឱ្យដឹងទៀតថា នៅកន្លែងរថយន្តក្រុងឆេះនេះ ពេលយប់ថ្ងៃដដែលស្រាប់តែមានរថយន្តដឹកស្រាបៀរមួយគ្រឿងបើកទៅក្រឡាប់ដែរ ប៉ុន្តែមិនមែនវាក់នឹងខ្មោចរថយន្តទេ គឺចាំងភ្លើងហ្វារថយន្តមកពីមុខ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ