រាជធានីភ្នំពេញ ៖ រថយន្តBMW328I បានបើកទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្តាលឱ្យម៉ូតូបើុងខ្ទាតទៅមុខសាលា២៣តុលាបង្រៀនបើកបរ របួសធ្ងន់០២នាក់ ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីរំលងអធ្រាត ថ្ងៃ ទី ១១មេសា២០១៤នៅចំណុចផ្លូវព្រះមុនីរ៉េតកែងនិងផ្លូវ ព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត BMW328I ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-0634 ជិះគ្នា០៣នាក់ (ប្រុស០២-ស្រី០១) បើកតាមផ្លូវព្រះសីហនុ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ហើយរថយន្តបានបត់ឆ្លងទៅផ្លូវព្រះមុនីរ៉េត ស្របពេលនោះក៏មានម៉ូតូ HONGDA WIN100 ពណ៌ខ្មៅ អត់មានស្លាកលេខ ជិះដោយមន្រ្តីប៉ូលិស ពីរនាក់ ពីមុខរថយន្តហើយបានបត់ឆ្លងផ្លូវ ត្រូវបានរថយន្តBMW មកពីក្រោយយកចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូបើុងខ្ទាត ទៅចិញ្ចើមផ្លូវមុខសាលាបង្រៀនបើកបរ២៣តុលា បណ្តាលឱ្យអ្នកជិះម៉ូតូ០២នាក់របួសធ្ងន់ ។
បន្ទាប់ពីបុកម៉ូតូហើយ រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ហើយអ្នកជិះរថយន្តបង្ក នាំគ្នាបើកទ្វាររថយន្ត ចេញទៅឡើងរថយន្ត មួយទៀត ជម្លៀសខ្លួនទៅអស់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ