បុគ្គលពួកខ្លះក្នុងលោកនេះ មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃមកជាទ្រព្យរបស់ខ្លួន, មិនរលីមរលាមគយគន់រំពៃប៉ងនឹងបង្អោនទ្រព្យអ្នកដទៃមកដើម្បីខ្លួន, មិនមានចិត្តប៉ុនប៉ងនឹងធ្វើប្រយោជន៍ និងសេចក្ដីសុខរបស់អ្នកដទៃឲ្យវិនាស, មានបញ្ញាយល់ត្រូវតាមសភាវធម៌, មិនបានយល់ខុសចាកសភាវៈធម៌ឡើយ ទាំអស់នេះលោកហៅថាកុសលកម្ម ។
កុសលកម្មនេះ បើបុគ្គលឯណាបានគោរព បានប្រព្រឹត្តត្រឹមត្រូវល្អហើយ ទោះបីបុគ្គលនោះមានចិត្តប្រាថ្នាចង់ទៅកើតក្នុងត្រកូលខត្តិយមហាសាលក្ដី ព្រាហ្មណ៍មហាសាលក្ដី គហបតិមហាសាលក្ដី ក៏បានសម្រេចដូចក្តីប្រាថ្នាមិនខានឡើយ ។
ក៏ពាក្យថា ខត្តិយមហាសាលគឺជាត្រកូលក្សត្រដែលមានទ្រព្យឧត្ដុង្គឧត្ដមច្រើន ព្រាហ្មណមហាសាល និងគហបតិមហាសាលក៏ដូចគ្នា ។ មួយទៀត បើប្រាថ្នាចង់ទៅកើតជាទេវតាក្នុងស្ថានចាតុម្ហារាជិកា តាវត្តិង្ស យាមា តុសិត និម្មានរតី ឬបរនិម្មិតវសវត្តីក៏បានសម្រេចដូចបំណងប្រាថ្នា ។
មួយទៀតបើមានក្តីប្រាថ្នានឹងទៅកើតក្នុងព្រហ្មលោកក៏បានសម្រេចដូចប្រាថ្នា ឬក៏ប្រាថ្នាចង់ឲ្យបានអរហត្តផលដ៏ខ្ពង់ខ្ពស់ជាងធម៌ទាំងពួង ក៏បានសម្រេចដូចបំណងប្រាថ្នា ដោយហេតុដែលបានប្រព្រឹត្តកុសលកម្មបថនោះជាប្រធាន ។
ការប្រព្រឹត្តកុសលកម្មអាចឲ្យបានសម្រេចសម្បត្តិ៣ប្រការដូចពោលមកយ៉ាងនេះឯង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ