ខេត្តកណ្តាល ៖ យ៉ាងហោចណាស់០២នាក់ប្តី-ប្រពន្ធស្លាប់និងកូនស្រីម្នាក់របួស ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏រថយន្តបើកបុកម៉ូតូ កាលពីវេលាម៉ោង ៣និង២០នាទី រសៀលថ្ងៃទី ១០មេសា ២០១៤ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកញញ្ញាឭ ខេត្តកណ្តាល។
យោងតាមរបាយការណ៏របស់សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនរងគ្រោះទី១.ឈ្មោះ ង្វៀង យាំុងម៉ុម (ប្តី) ភេទប្រុស ស្លាប់, ទី២.ឈ្មោះ ង្វៀង ធីវ៉ាង (ប្រពន្ធ) ភេទស្រី ស្លាប់ និងទី៣.ឈ្មោះ ង្វៀង ធីអ៊ុក (កូនស្រី) ភេទស្រី អាយុ១០ឆ្នាំរបួស ។ជនរងគ្រោះទាំង០៣នាក់គឺជាជនជាតិវៀតណាម រស់នៅភូមិកណ្តាល ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រង់សម្តីពីសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-1098 បើកបរក្នុងទិសដៅ ពីកើតទៅលិច បើកដោយបុរសម្នាក់ និងរួមដំណើរជាមួយប្រពន្ធនិងកូនស្រីម្នាក់ លុះមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តស៊ីទែន ពណ៌ស មិនស្គាល់ស្លាកលេខ បើកមកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យ០២នាក់ប្តី-ប្រពន្ធស្លាប់និងកូនស្រីរបួសធ្ងន់ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចបាត់ស្រមោលតែម្តង ។
ចែករំលែកព័តមាននេះ