ខេត្តកំពង់ឆ្នាំង ៖ នារីម្នាក់បានស្លាប់ ក្រោយពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបាន៦ម៉ោង និងមនុស្ស០៤នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយអ្នកស្រវឹងបើកម៉ូតូអត់ភ្លើងបំភ្លឺបុករះជនរងគ្រោះ ខណៈដែលកំពុងឈរលើចិញ្ចើមផ្លូវមើលគេរាំវង់ក្នុងពិធីបង្កក់កូន។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៩ មេសា ២០១៤ នៅលើផ្លូវកៅស៊ូលេខ១៥៣A ក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ឱ្យដឹងថា ជនរងគ្រោះនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ១-ឈ្មោះ សួរ សារ៉ែន ភេទស្រី អាយុ២២ឆ្នាំ បានស្លាប់នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ មេសា បន្ទាប់ពីសង្គ្រោះនៅមន្ទីពេទ្យបាន៦ម៉ោង ,២-ឈ្មោះ សួរ ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ,៣-ឈ្មោះ ឃន សុខុម ភេទប្រុស រងរបួសស្រាល ពួកគេទាំង៣នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ,៤-ឈ្មោះ ប៊ិន សុភាព ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកម៉ូតូបង្កហេតុរងរបួសស្រាល និង៥-ឈ្មោះ នី គឹមសួរ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកជិះពីក្រោយរបួសស្រាល ពួកគេទាំងពីរនាក់រស់នៅភូមិកំពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស។
សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ ប៊ិន សុភាព បានបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ១៩៩៩ ពណ៌ក្រហម ពាក់ស្លាកលេខ ក ៥៩៦៩ កឆ១ ឌុបឈ្មោះ នី គឹមសួរ ពីក្រោយដោយបើកបរក្នុងស្ថានភាពស្រវឹងពីលិចទៅកើតក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេងដៃបុកចំដៃឈ្មោះ ឃន សុខុម បន្ទាប់មកក៍ជ្រុលទៅបុកនារីពីនាក់បងប្អូនដែលកំពុងឈរលើចិញ្ចើមថ្នល់មើលគេលេងរាំវង់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែកអ្នកជិះម៉ូតូបង្ករងរបួសដែរ។
ក្រោយពេលកើតហេតុនារីដែលរងរបួសធ្ងន់ទាំង២នាក់បងប្អូនត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះព្យាបាល។ ប៉ុន្តែនារីជាប្អូនឈ្មោះ សួរ សារ៉ែន ដោយសាររងរបួសធ្ងន់ពេកបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅវេលាទៀបភ្លឺថ្ងៃទី១០ មេសា។ ចំណែកអ្នកបើកម៉ូតូបង្កគ្រោះថ្នាក់ ឈ្មោះ ប៊ិន សុភាព ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ