ក្រុមហ៊ុនបណ្តាញព័ត៌មានសង្គម Facebook បានឱ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានអ្នកប្រើប្រាស់ប្រព័ន្ធនេះប្រមាណជាង១០០លាននាក់ ដែលជាតួលេខច្រើនជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ។ លោក Kevin D’Souza ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Facebook India បានបញ្ជាក់ថា ទីផ្សារទូរស័ព្ទចល័តក្នុងប្រទេសឥណ្ឌាកំពុងតែមានការកើនឡើងស្របពេលដែលប្រព័ន្ធអុីនធើរណេតមានភាពល្អប្រសើរ ដែលគ្របដណ្តប់ពេញផ្ទៃប្រទេសដែលមានប្រជាជន១,២ពាន់លាននាក់នេះ ។ ម៉្យាងទៀត បច្ចុប្បន្នយើងមាន ប្រជាពលរដ្ឋជាង១០០លាននាក់ ដែលប្រើប្រាស់បណ្តាញព័ត៌មានសង្គមយ៉ាងសកម្មក្នុងប្រទេសឥណ្ឌាក្នុងមួយខែៗ ។
ដោយឡែកអ្នកវិភាគបានលើកឡើងថា ប្រទេសឥណ្ឌាមានក្តីរំពឹងថា នៅឆ្នាំក្រោយនេះនឹងតាមឱ្យទាន់សហរដ្ឋអាមេរិក ដើម្បីដណ្តើមកៅអីប្រទេសដែលមានអ្នកប្រើបណ្តាញ Facebook ច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងតួលេខនៃការព្យាករថានឹងលើស១៥០លាននាក់ទៅទៀត ។ ចំណែកតួលេខនៃបរិមាណសរុបរបស់អ្នកប្រើប្រាស់លើពិភពលោកគឺមានត្រឹមតែ១,២៣ពាន់លាននាក់ប៉ុណ្ណោះ ទាំងនេះក៏ព្រោះតែការរីកធំធាត់នៃទីផ្សារក្នុងតំបន់អាស៊ីដែលជាអ្នកពង្រីកនូវកំណើន។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានអ្នកជាវប្រព័ន្ធអុីនធើរណេត១៦៤,៨១លាននាក់ ជាមួយនឹងបរិមាណពាក់កណ្តាលនៃការចុះឈ្មោះ (Log In) ពីទូរស័ព្ទចល័តរបស់ពួកគេ៕
ចែករំលែកព័តមាននេះ