ក្លិនស្អុយអាចម៌ជ្រូក! ពលរដ្ឋប្តឹង… បែកធ្លាយរឿងផ្សេងនៅ៣ទីតាំងផ្សេងគ្នា (វីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រឿងស្អុយអាចម៌ជ្រូក ក៏ត្រូវបានពលរដ្ឋនៅជុំវិញរបងផងជាមួយបានប្តឹងឱ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ បែរជាបែកធ្លាយរឿងឈើជាច្រើនរយដុំតែមានម្ចាស់ទីតាំងឈ្មោះតែមួយ ហើយត្រូវសមត្ថកិច្ចចម្រុះបានចុះធ្វើការហ៊ុមព័ទ្ធក្នុងរយៈពេល២ថ្ងៃ ដែលមាន៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងសង្កាត់ស្លក្រាម បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅពីខាងកើតស្ទឹងសៀមរាប ម្តុំស្ពានរោករាក ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានលួចបង្ហើបនៅកន្លែងកើតហេតុនាល្ងាចថ្ងៃទី៥ តុលានេះថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ និងលោកប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឱ្យសហការជាមួយកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ចុះបង្ក្រាប និងធ្វើការឆែកឆេរទីតាំងសន្និធិផល អនុផលព្រៃឈើ០៣កន្លែងផ្សេងគ្នាដែលមានម្ចាស់ទីតាំងដីតែមួយ គឺឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបររកស៊ីឈើ បច្ចុប្បន្នរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម។ ហើយឈើទាំងអស់ដែលកម្លាំងរកឃើញ ក្នុងនោះមានច្បាប់មួយចំនួនផងដែរ។

ប្រភពដដែលបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងចម្រុះបានចុះត្រួតពិនិត្យ និងដកហូតវត្ថុតាងរួមមាន ៖ ទីតាំងទី១ និងទី២-ដែលមានម្ចាស់ទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក និង គោឈ្មោះ លៀម មុំ បានធ្វើឡើងនៅថ្ងៃទី៤ តុលា រកឃើញឈើសរុបឈើទាំងអស់ ២០.៨៧០ម៉ែត្រគូប ក្នុងនោះឈើប្រភេទលេខ១ សុក្រម និងឈើប្រណីត(ធ្នង់)ប្រភេទលេខ២។ ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះធ្វើការវាស់វែង និងផ្ទៀងផ្ទាត់វិក័យបត្រទិញឈើពីដេប៉ូលក់រួចមកឃើញថា មានឈើលើសចំនួន ៦.២៣០ម៉ែត្រគូប។

ប្រភពបានបញ្ជាក់ទៀតថា ចំណែកទីតាំងទី៣ ធ្វើឡើងនៅរសៀលថ្ងៃទី៥ តុលា ដែលមានម្ចាស់ឈ្មោះ អេង សុម៉ាលី ភេទស្រី អាយុ៣៨ឆ្នាំ រកឃើញឈើប្រភេទលេខ១ សុក្រម ចំនួន៥៥ដុំ ស្មើនឹង៤,១៧០ម៉ែត្រគូប ដែលជាដីឡូតិ៍ស្នាក់នៅបណ្តោះអាសន្នលើដីរបស់ឈ្មោះ លៀម មុំ ដើម្បីទុកដាក់ឈើបណ្តោះអាសន្នយកទៅលក់ឱ្យឈ្មួញនៅប្រទេសជិតខាងប៉ុណ្ណោះ។

សូមបញ្ជាក់ទៀតថា ចំពោះចំនួនឈើដែលកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញរកឃើញ ឈើខុសច្បាប់ទាំងអស់នោះ បែរជាមានឈើលើសមួយចំនួនមានលិខិតអនុញ្ញាតិទិញពីដេប៉ូចំនួន១០,៤០ម៉ែត្រគូប ហើយឈើដែលគ្មានលិខិតស្នាមត្រូវសមត្ថកិច្ចប្រគល់ឱ្យមន្ត្រីជំនាញធ្វើកំណត់ហេតុដកហូត និងដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ។ ចំណែកម្ចាស់ទីតាំងខាងលើ ត្រូវចូលខ្លួនដោះស្រាយ ដើម្បីធ្វើការផាកពិន័យ ប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនចូលខ្លួនដោះស្រាយទៅតាមនីតិវិធីទេនោះ មន្ត្រីរដ្ឋបាលព្រៃឈើ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក និងគោនោះ គឺសមត្ថកិច្ចចម្រុះដែលចុះទៅបានសង្ស័យថា ទីតាំងខាងលើប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលច្បាប់ហាមឃាត់ផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)























































ចែករំលែកព័តមាននេះ