តាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា ភាពអត់ការងារធ្វើនៅក្នុងប្រទេសបានធ្លាក់ចុះ៣,៥% នៅក្នុងខែមីនាកន្លងមក ដោយសារតែការងារថ្មី ត្រូវបានបង្កើតទ្បើងនៅក្នុងវិស័យកសិកម្ម និងសេវាកម្មសង្គម ។ ក្នុងខ្លឹមសារនៃស្ថិតិរបស់ជាតិ បានបញ្ជាក់ថា តួលេខប្រែប្រួលទៅតាមរដូវកាលធៀបទៅនឹងខែមុនមានចំនួន៣,៩% ។
បរិមាណនៃអ្នកមានការងារធ្វើសរុបមានចំនួន២៥,២លាននាក់ ធៀបនឹងខែកុម្ភៈមានត្រឹមតែ២៤,៨លាននាក់ប៉ុណ្ណោះ ចំណែកវិស័យកសិកម្មនិងនេសាទ បានបន្ថែមការងារដល់ពលរដ្ឋប្រមាណជា២០៤.០០០នាក់ ខណៈ៩០.០០០នាក់ផ្សេងទៀត ត្រូវបានបង្កើតការងារថ្មីនៅក្នុងវិស័យថែទាំសុខភាព និងសេវាកម្មសង្គម ។ រីឯអត្រាយុវជនអត់ការងារធ្វើក្នុងចន្លោះវ័យ២៥ឆ្នាំ និង២៩ឆ្នាំ មានកម្រិតខ្ពស់ជាងមុន៨,៨% ប៉ុន្តែបើប្រៀបធៀបនឹងខែកុម្ភៈ មានកម្រិតទាបជាង៩,៨% ។
គួររំលឹកថា កូរ៉េខាងត្បូងគឺជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ ក្នុងតំបន់អាស៊ីដែលកំពុងបង្ហាញនូវសញ្ញានៃការធ្វើឱ្យប្រសើរទ្បើងវិញ ពីវិបត្តិសេដ្ឋកិច្ច ដែលអូសបន្លាយពេលយូរអង្វែងរបស់ខ្លួន ជាការជាក់ស្តែងគឺពង្រីកបាន៣% នៅក្នុងឆ្នាំ២០១៣ ធៀបនឹងបរិមាណ២,៣%ក្នុងឆ្នាំ២០១២ ។ ចំណែកធនាគារកណ្តាលប្រចាំទីក្រុងសេអូសព្យាករថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ២០១៤ នឹងកើនទ្បើង៣,៨%ដែលមានការជ្រោមជ្រែងតាមរយៈការចំណាយរបស់រដ្ឋ និងការបង្កើនតម្រូវការពីទីផ្សារបរទេស ៕
ចែករំលែកព័តមាននេះ