ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមរបស់ប្រទេសថៃ បានកាត់បន្ថយការវាយតម្លៃរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៤ នេះពី៣%ទៅ៤% បន្ទាប់ពីការមើលមិនឃើញនូវសញ្ញាវិជ្ជមាននៃការធ្វើឱ្យប្រសើរឡើងវិញនៃវិស័យសេដ្ឋកិច្ចក្នុងអំឡុងខែមករា និងកុម្ភៈ ដោយសារតែការអូសបន្លាយពេលនៃភាពទ័លច្រកផ្នែកនយោបាយ ។
ទីភ្នាក់ងារខាងលើនេះ ក៏បានបង្ហើបឱ្យដឹងថា កំណើនសេដ្ឋកិច្ចប្រហែលជាអាចដើរលើទិសដៅមួយក្នុងកម្រិតល្បឿនយឺតជាងមុន៥% សម្រាប់ឆ្នាំ២០១៤នេះ ។ លោក Porametee Vimolsiri អនុលេខាធិការទូទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមបានលើកឡើងថា ប៉ះពាល់នៃវិបត្តិនយោបាយលើវិស័យសេដ្ឋកិច្ចថៃ បានធ្វើឱ្យមានការពិនិត្យឡើងវិញនៃការវាយតម្លៃលើកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះពីការព្យាករ៤-៥%មកត្រឹម៣-៤%វិញ ។ ចំណែកការកែតម្រូវឡើងវិញនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិបត្តិខាងលើបានប្រែក្លាយមកជាលក្ខណៈមិនគួរឱ្យជឿ ខណៈគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងរង្វង់ទឹកប្រាក់៤,៣៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោកនិងផ្លូវទឹក នឹងត្រូវបានធ្វើឱ្យក្លាយជាការពិតនៅក្នុងឆ្នាំនេះ ។
ដោយឡែកនៅក្នុងខែមករា និងកុម្ភៈ កន្លងមកនេះ ការនាំចេញរបស់ប្រទេសថៃបានកើនឡើង០,២% គិតជាតម្លៃនៃទឹកប្រាក់ដែលនាំចេញ និងកើន២%នៅក្នុងបរិមាណនាំចេញក្នុងនោះរាប់បញ្ចូលការនាំចេញមាសបានធ្លាក់ចុះ១,៩% ធៀបនឹងអំឡុងពេលដូចគ្នានៃឆ្នាំ២០១៣ ។មួយវិញទៀត ប្រសិនបើកំណើននៃការនាំចេញពុំសម្រេចបានក្នុងទិសដៅ៥% នោះ GDP របស់ថៃអាចនឹងពង្រីកបានតិចជាង៣%ខណៈដែលវិស័យផ្សេងដែលជាកត្តាជំរុញសេដ្ឋកិច្ចដូចជា ការចំណាយរបស់រដ្ឋ ការប្រើប្រាស់វិស័យឯកជន និងការវិនិយោគរបស់ឯកជនដែលមានឥទ្ធិពលលើការអូសបន្លាយពេលនៃភាពទ័លច្រកផ្នែកនយោបាយ ៕
ចែករំលែកព័តមាននេះ