សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ មេសា ឆ្នាំ២០១៤ បានចុះផ្សាយដោយយោងតាមប្រភពព័ត៌មាន Earth Observatory របស់អង្គការ NASA ថា កោះភ្នំភ្លើងនៅភាគខាងត្បូងប្រទេសជប៉ុន ដែលកើតពីការផ្ទុះភ្នំភ្លើងនៅក្នុងសមុទ្រ ក្លាយជាកោះថ្មីកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ និងមានឈ្មោះថា កោះ «នីអុីជីម៉ា» បានរីកមាឌគ្របទៅលើកោះនៅក្បែរគ្នា គឺជាកោះកើតពីការផ្ទុះភ្នំភ្លើងកាលពី៤០ឆ្នាំមុន ។
កោះនីអីុជីម៉ា បានផុសទ្បើងនៅក្បែរកោះនីស៊ីណូស៊ីម៉ា នៅភាគខាងត្បូងនៃកោះ អូហ្គាសាវ៉ារ៉ា ប្រហែល១០០០គីទ្បូម៉ែត្រ ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ វាមានទំហំត្រឹមតែ៥០០ម៉ែត្រ ប៉ុន្តែតាមការសង្កេតមកដល់ត្រឹមថ្ងៃទី៣០ មីនា ឆ្នាំ២០១៤ កោះទាំង២ផ្តុំគ្នាក្លាយជាកោះតែមួយមានទំហំប្រហែល១គីទ្បូម៉ែត្រ ។ ចំណុចដែលខ្ពស់បំផុតរបស់កោះខ្ពស់ជាងនីវ៉ូទឹកសមុទ្រ៦០ម៉ែត្រ កើនលើសកាលពីខែធ្នូ ឆ្នាំ២០១៣ ដល់ទៅ៣ដង ។
ភ្នំភ្លើងដែលជាប្រភពដើមកំណើតកោះនីអីុជីម៉ា នៅតែបន្តផ្ទុះបញ្ចេញផ្សែង និងកំអែរជាបន្តបន្ទាប់ ។ លោក អីុរិក គ្លីមេ៉តទី អ្នកជំនាញភ្នំភ្លើងវិទ្យាបានថ្លែងកាលពីដើមឆ្នាំ២០១៤ ថា កោះនេះ គឺជាគំរូដ៏ល្អ ដែលបញ្ជាក់ឱ្យដឹងថា ជាកោះកើតពីភ្នំភ្លើង ដូចគ្នានឹងកោះ អូហ្គាសាវ៉ារ៉ា មានទំហំធំកើតពីការផ្ទុះភ្នំភ្លើងជាច្រើនលើក ៕
ចែករំលែកព័តមាននេះ