ខេត្តព្រៃវែង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាសទិសគ្នា បុកចំពីមុខពេញទំហឹងនិងកិនអូសជាង ៥០ម៉ែត្រជាប់ទាំងម៉ូតូនិងមនុស្សនៅពីក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៨ មេសា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ។
បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឈួន រតនា អាយុ២៨ឆ្នាំ ជាអ្នកបើករថយន្តដឹកដី មានទីលំនៅក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ។ ចំណែករថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ៣A-៧៦៥១ ជារបស់ក្រុមហ៊ុនអ៊ុយញ៉ុង( U-N )។
ពាក់ពន្ធ័នឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំមានប្រភពណាមួយអះអាងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយសារតែគ្មានសាក្សីណាម្នាក់បានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ដែលផ្អែកលើស្លាកស្នាមនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តបង្កធ្វើដំណើរមកពីទិសខាងជើងទៅត្បូង ។ ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កទំនងជាបើកវ៉ារថយន្តនៅខាងមុខ ទើបបានជារថយន្តឆ្លងផុតគំនូសលឿងចែកទ្រូងផ្លូវ ជ្រុលចូលទៅខាងស្តាំដៃរបស់ម៉ូតូជនរងគ្រោះ ហើយបុកម៉ូតូជនរងគ្រោះពេញទំហឹង និងកិនអូសទាំងម៉ូតូនិងមនុស្សនៅពីក្រោមរថយន្តអស់ជាង៥០ម៉ែត្រ ទើបរថយន្តឈប់ហើយអ្នកបើកបរ បានលោតចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ចែករំលែកព័តមាននេះ