នាយករដ្ឋមន្ត្រីថ្មីបារាំង លោក Manuel Valls កាលពីយប់ថ្ងៃទី៨ មេសា បានទទួលទំនុកចិត្តពីសភាបារាំង ដោយសំឡេង៣០៦គាំទ្រ ២៣៩សំឡេងប្រឆាំង និង២៦សំឡេងអនុប្បវាទ បន្ទាប់ពីសុន្ទរកថារបស់លោកពីនយោបាយទូទៅរយៈពេលប្រមាណជា៤៥នាទី នៅមុខសភាមក ។
ក្នុងសុន្ទរកថាពីនយោបាយទូទៅ លោក Valls បានអះអាងពីការដើរតាមមាគ៌ារបស់វិមានប្រធានាធិបតី គឺកាត់បន្ថយការចំណាយសាធារណៈចំនួន៥០ពាន់លានអឺរ៉ូ ក្នុងដំណាក់កាល២០១៥-២០១៧ ។ អំពីបញ្ហាអត់ការងារធ្វើ នាយករដ្ឋមន្ត្រីថ្មីមានប្រសាសន៍ថា ភាពអត់ការងារធ្វើជាការប្រឈមធំមួយសម្រាប់ប្រទេសយើង ចាប់តាំងពីច្រើនទសវត្សមកហើយ ។
ចាប់តាំងពី១ឆ្នាំមកនេះ អ្នកគ្មានការងារធ្វើវ័យក្មេងៗបានថយចុះ ប៉ុន្តែប្រការនេះនៅពុំទាន់គ្រប់គ្រាន់នៅឡើយ ។ លោកបញ្ជាក់ថា បើគ្មានកំណើនសេដ្ឋកិច្ចខ្លាំងមួយទេ យើងពុំអាចដោះស្រាយបញ្ហានេះបានឡើយ ។ យើងត្រូវពង្រីកពាណិជ្ជកម្មក្រៅប្រទេសរបស់យើង ទេសចរណ៍ និងបច្ចេកវិទ្យា ក្នុងវិស័យជាច្រើន ។ នេះជាគោលដៅរបស់យើងខាងផ្នែកសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ