ប្រភពព័ត៌មានរដ្ឋាភិបាលមួយរាយការណ៍កាលពីថ្ងៃទី៩ មេសា ថា កងទ័ពកូរ៉េខាងត្បូងគ្រោងទិញរ៉ាដាអីុស្រាអែលចំនួន១០ដើម្បីត្រួតពិនិត្យបណ្ដាយន្ដហោះ ដែលហោះទាបៗហើយដើម្បីអាចចាប់បានប្រកបដោយប្រសិទ្ធភាពនូវបណ្ដាយន្ដហោះគ្មានមនុស្សបើកកូរ៉េខាងជើង ។ ប្រភពនោះបន្ដថា កងទ័ពកូរ៉េខាងត្បូងគ្រោងទឹកប្រាក់២០ពាន់លានវ៉ុន (១៩លានដុល្លារ) ជាថវិកាបន្ទាន់ដើម្បីទិញរ៉ាដាអីុស្រាអែលធុន RPS-42 ចំនួន១០សម្រាប់ត្រួតពិនិត្យបណ្ដាយន្ដហោះដែលហោះទាបៗសំដៅតស៊ូប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើកកូរ៉េខាងជើង ព្រមទាំងទិញឧបករណ៍ត្រួតពិនិត្យដទៃៗទៀត ។
ខណៈដែលរ៉ាដាត្រួតពិនិត្យប្រភេទនេះត្រូវបានកងទ័ពប្រើប្រាស់នាពេលបច្ចុប្បន្នក្ដីក៏រ៉ាដា TPS-830K នៅពុំទាន់គ្រប់គ្រាន់ដើម្បីចាប់ ឬត្រួតពិនិត្យយន្ដហោះគ្មានមនុស្សបើកកូរ៉េខាងជើងបានដែរ ដូច្នេះកងទ័ពគ្រោងទិញបណ្ដារ៉ាដាអីុស្រាអែលសម្រាប់ដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗរបស់ប្រទេសក្នុងនោះ រួមទាំងវិមានប្រធានាធិបតីផង ។
រ៉ាដា ធុន RPS-42 អាចចាប់ឃើញយន្ដហោះក្នុងចម្ងាយ៣០គីឡូម៉ែត្រ ខណៈគេត្រូវការរ៉ាដាដែលមានសមត្ថភាពចាប់ឃើញយន្ដហោះយ៉ាងតិចក្នុងចម្ងាយ១០គីឡូម៉ែត្រដើម្បីអាចចាប់យន្ដហោះគ្មានមនុស្សបើកកូរ៉េខាងជើង។ មន្ដ្រីម្នាក់នៃក្រសួងការពារប្រទេសកូរ៉េខាងត្បូងឱ្យដឹងថា យើងសម្រេចទិញរ៉ាដាទាំងនោះដោយប្រើថវិកាមួយទៀតសម្រាប់ផែនការទិញឧបករណ៍នោះ ។ យើងគ្រោងចុះហត្ថលេខាលើកុងត្រាទិញរ៉ាដាអីុស្រាអែលក្រោយការសាកល្បងមើលគុណភាពរួចហើយ ៕
ចែករំលែកព័តមាននេះ