ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៩ មេសា បានរៀបចំការបោះឆ្នោតសភាដ៏សំខាន់ ខណៈសល់ពេល៣ខែទៀតដល់ការបោះឆ្នោតប្រធានាធិបតីដែលអភិបាលក្រុងហ្សាការតា ជាបេក្ខជនសង្ឃឹមឈ្នះ ។ ក្នុងប្រទេសអ៊ិស្លាមដែលមានប្រជាជនច្រើនជាងគេដល់ទៅ២៥០លាននាក់នោះ បណ្ដាគណបក្សដែលទទួលបានជាង២០%នៃកៅអីសភា ទាំង៥៦០ ឬទទួលបានសំឡេង២៥% ឡើងទៅទើបអាចជ្រើសតាំងបេក្ខជនប្រធានាធិបតីបាន ។
គណបក្សប្រជាធិបតេយ្យឥណ្ឌូណេស៊ីនៃការតស៊ូ PDI-P ជាគណបក្សប្រឆាំងសំខាន់អាចដណ្ដើមកៅអីច្រើនក្នុងសភា រួចបេក្ខជនប្រធានាធិបតីរបស់គណបក្សនោះ គឺអភិបាលក្រុងហ្សាការតាលោកហ្សូកូ វីដូដូ បើតាមការស្ទាបស្ទង់មតិនានាថាជាអ្នកដែលនឹងឈ្នះក្នុងការបោះឆ្នោតប្រធាធាធិបតី នាថ្ងៃទី៩ កក្កដាខាងមុខនេះ។ ផ្ទុយទៅវិញ គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីលោក ស៊ីលីឡូ បាមបង់យូដូ យ៉ូណូ អាចចាញ់ក្នុងការបោះឆ្នោតសភានោះដែលជាលើកទី៤ ចាប់តាំងពីឆ្នាំ១៩៩៨មក ពេលបញ្ចប់ការកាន់អំណាចរបស់ជនផ្ដាច់ការស៊ូហារតូ ៕
ចែករំលែកព័តមាននេះ