យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា សេតវិមានអាមេរិកបានជ្រើសរើសក្រុមហ៊ុន Samsung និង LG សម្រាប់ជំនួសឱ្យក្រុមហ៊ុន BlackBerry លើការប្រើប្រាស់ស្មាតហ្វូនទាក់ទងព័ត៌មានផ្ទៃក្នុងរបស់បុគ្គលិក ។ នេះជាការផ្លាស់ប្តូរដ៏ធំមួយរបស់សេតវិមានអាមេរិក បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលលើកឡើងថា សហរដ្ឋអាមេរិកត្រូវមានប្រព័ន្ធគ្រប់គ្រងទិន្នន័យខ្ពស់បំផុត ក្នុងការតាមដាន និងស្វែងរកព័ត៌មានថ្មីទាក់ទងនឹងប្រព័ន្ធដំណើរការទូទៅរបស់សហរដ្ឋអាមេរិក។
ដោយឡែកគេហទំព័រ Wall Street សរសេរថា សេតវិមាន នឹងសាកល្បងលើបណ្តាញទាក់ទងរបស់ក្រុមហ៊ុន Samsung និង LG ដើម្បីតាមដានពីបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ពួកគេ ក្នុងគោលបំណងជ្រើសរើសយកក្រុមហ៊ុនដែលមានសមត្ថភាពពិសេសបំផុតក្នុងការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិក និងបណ្តាញទាក់ទងដល់សេតវិមាន ។ ការសាកល្បងមួយនេះត្រូវអ្នកជំនាញអេឡិចត្រូនិក ព្យាករថា សហរដ្ឋអាមេរិកនឹងឈានមុខគេ ក្នុងចំណោមប្រទេសជឿនលឿនមួយចំនួនទៀតលើការប្រើប្រាស់បណ្តាញគ្រប់គ្រងទិន្នន័យ ព្រមទាំងការរក្សាបានព័ត៌មានសម្ងាត់ទៀតផង ។ សេតវិមានបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន BlackBerry អស់រយៈពេលជាច្រើនឆ្នាំមកហើយ សម្រាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ៕
ចែករំលែកព័តមាននេះ