រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះបានឱ្យដឹងថា នឹងត្រៀមបញ្ជូនកីឡាករប្រដាល់សាកលជម្រើសជាតិចំនួន២រូបទៅចូលរួមក្នុងព្រឹត្តិ
ការណ៍«2nd Belt and Road CHINA-ASIAN Boxing Championship 2019» ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់២៧ ខែតុលា នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិត
ចិន ដោយមានប្រទេសចំនួន៩ចូលរួមមានប្រទេសចិនជាម្ចាស់ផ្ទះ កម្ពុជា ថៃ ហ្វ៊ីលីពីន ម៉ាឡេស៊ី ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងវៀត ណាម ។
លោក ប៊ុយ សោភ័ន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានឱ្យដឹងថា សម្រាប់ការប្រកួតនេះសហព័ន្ធបានធ្វើការជ្រើសរើសយ៉ាងសម្រិតសម្រាំងនូវកីឡាករឆ្នើមចំនួន២រូបដើម្បីទៅចូលរួមគឺ កីឡាករ សៅ រង្សី ប្រភេទទម្ងន់៤៩គីឡូក្រាម និងកីឡាករ បាំង ណុន ប្រភេទទម្ងន់៥២គីឡូក្រាម ។ កីឡាករទាំង២រូបនេះ គឺជាកីឡាករជម្រើសជាតិ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វ៊ីលីពីន ។
ការទៅចូលរួមប្រកួតនេះដឹកនាំដោយលោក វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធានសហព័ន្ធនិងលោក ប៊ុយ សោភ័ន អគ្គលេខាធិការ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រតិភូកីឡាទាំង២ រូបក៏នឹងត្រូវចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សាកលរបស់ប្រទេស ចិន និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍កីឡាប្រដាល់សាកលក្នុងតំបន់អាស៊ានជាមួយប្រទេសចិន ។
លោក ប៊ុយ សោភ័ន បានឱ្យដឹងទៀតថា នេះគឺជាឱកាសដ៏ល្អបំផុត ដែលកីឡាប្រដាល់សាកលកម្ពុជា បានធ្វើការដកស្រង់បទពិសោធន៍និងបច្ចេកទេសជាមួយបណ្ដាប្រទេសក្នុងតំបន់ ហើយក៏ជាឱកាសក្នុងការវាស់ស្ទង់នូវកម្រិតបច្ចេកទេសមុនពេលចេញទៅប្រកួតស៊ីហ្គេមផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ