រាជធានីភ្នំពេញ ៖ សេចក្តីរាយការឲ្យដឹងថា គ្រឿងញៀនប្រមាណជិត៤០គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅក្នុងបន្ទប់ខុនដូមួយកន្លែង និងចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ដែលសម្ងំលាក់ខ្លួនជួញគ្រឿងញៀននោះ ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង៩យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរៈសេនីយ៍ត្រី សេង ឃុនណាង នាយការិយាល័យទី១១ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយករណី ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ឡឹក វណ្ណៈ បន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ YUN LIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ដោយដកហូតវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ ដែលមានទម្ងន់៣៩គីឡូក្រាម ។ ជាងនេះទៀតកម្លាំងជំនាញបាន និងកំពុងបន្តតាមចាប់មុខសញ្ញាម្នាក់ដែលជាម្ចាស់ថ្នាំញៀនបាននាំយកមកលក់ និងប្រគល់ឲ្យជនជាតិចិនរូបនេះ ។ ទោះជាយ៉ាងណាក្តីជនសង្ស័យ និងថ្នាំញៀនជិត៤០គីឡូក្រាមនេះសមត្ថកិច្ចបាន និងកំពុងកសាងសំណុំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ