បាតុភូតដ៏ចម្លែកមួយកើតឡើងនៅវៀតណាម កាលពីថ្ងៃទី៣ មេសា ឆ្នាំ២០១៤ គឺផ្ទៃមេឃចាប់ផ្តើមងងឹតគ្របដណ្តប់ពាសពេញក្រុង នាវេលាព្រឹកម៉ោង៩ ក្នុងរយៈពេល១៥នាទី ។ អតីតប្រធានឧតុនិយមក្រុងហាណូយ បញ្ជាក់ថា វាជារឿងធម្មតានៅមុនពេលមានព្យុះកម្តៅបោកបក់ចូលតំបន់ណាមួយ ។ បាតុភូតនោះកើតឡើងទៅលើទីក្រុងចំនួន២ ក្នុងពេលតែមួយ គឺនៅទីក្រុងហាឡុង ខេត្តគ័ងនីញ និងក្រុងនីញប៊ីញ ស្ថិតនៅទិសខាងលិចជាង២០០គីឡូម៉ែត្រ ។ នៅទូទាំងក្រុងទាំង២ ប្រជាពលរដ្ឋត្រូវបើកភ្លើងអគ្គិសនីដូចនៅពេលយប់ ។
ពលរដ្ឋក្នុងស្រុកហាឡុងម្នាក់ និយាយថា ក្នុងរយៈពេលពី៧០ឆ្នាំ ទៅ៨០ឆ្នាំកន្លងមក មិនធ្លាប់មានបាតុភូតបែបនេះកើតឡើងទេ ។ ក្រោយពេលកើតបាតុភូតនៅព្រឹកថ្ងៃទី៣ មេសា មានមនុស្សជាច្រើននិយាយ តៗគ្នាថា វាជាសញ្ញានៃក្តីវិនាសផែនដី អ្នកខ្លះថា ជាឥទ្ធិពលរបស់មនុស្សពិភពផ្កាយ ។
អ្នកបួសម្នាក់បានថ្លែងថា អាចជាបាតុភូតបញ្ជូនសញ្ញាពីឋានលើឆ្ពោះមកផែនដី ធ្វើឱ្យមានបម្រែបម្រួលគ្រប់យ៉ាង ភាពអាក្រក់នឹងគ្រប់គ្រងផែនដី មនុស្សល្អនឹងរងការបំផ្លិចបំផ្លាញ ។ដោយឡែក លោក Bui Minh Tang អតីតអ្នកឧតុនិយម ថ្លែងថា «គ្មានអ្វីខុសប្រក្រតី ឬត្រូវភិតភ័យទេ វាគឺជាបាតុភូតនៃការរំកិលរបស់ពពកភ្លៀងខ្មៅ ។ បាតុភូតបែបនេះកើតមានជាញឹកញាប់ នៅមុនពេលមានព្យុះភ្លៀង» ៕
ចែករំលែកព័តមាននេះ