ខេត្តតាកែវ ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ត្រូវបានសមត្ថកិច្ចអះអាងថា ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យធ្លាក់ពីលើជណ្តើរបោកក្បាលស្លាប់ នៅពេលជនរងគ្រោះយកជណ្តើរដែកឡើងតខ្សែភ្លើងដាក់កង្ហារនៅក្រៅផ្ទះរបស់ខ្លួន។ ចំណែកគ្រូពេទ្យបង្អែកអះអាងថា ជនរងគ្រោះមិនមែនស្លាប់ដោយសារចរន្តអគ្គិសនីឆក់ឡើយគឺអាចនៅពេលជនរងគ្រោះឡើងជាន់ជណ្តើរដើម្បីតខ្សែភ្លើងដាក់កង្ហារនោះហើយក៏ដួលជណ្តើរផ្ងារមកក្រោយបែកក្បាលពីក្រោយឈាមកកពេញខួរក្បាល បណ្តាលឱ្យស្លាប់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងឃុំពពេល ស្រុកត្រាំកក់ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះសេង សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង និងរស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុកសំរោងបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកជណ្ដើរដែកឡើងតខ្សែភ្លើងដាក់កង្ហារនៅមុខផ្ទះរបស់ខ្លួន ក៏ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់ពីលើជណ្ដើរបោកក្បាលនឹងឥដ្ឋការ៉ូផ្ទះ ។ ភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រូសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដែរ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបានឡើយ ដោយសារតែជនរងគ្រោះមានសភាពធ្ងន់ធ្ងពេកក៏បានស្លាប់នៅម៉ោងប្រមាណ៨យប់ថ្ងៃដដែល។
បើតាមសម្តីគ្រូពេទ្យបង្អែកខេត្តបានឱ្យដឹងថា បើតាមការពិនិត្យ គឺជនរងគ្រោះមិនមែនស្លាប់ដោយសារឆក់ខ្សែភ្លើងនោះឡើយ គឺជនរងគ្រោះអាចយកជណ្តើរដែកមកជាន់ឡើងដើម្បីតកង្ហារនោះ បណ្តាលឱ្យដួលជណ្តើរផ្ងារមកក្រោយក៏បែកក្បាលពីក្រោយឈាមកកពេញខួក្បាលទៅហើយរួចក៏ស្លាប់ទៅ ។
បច្ចុប្បន្ន សពលោកមេប៉ុស្តិ៍ត្រូវក្រុមគ្រូសារបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតនៅក្នុងឃុំពពេល ស្រុកត្រាំកក់ ។ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ