ពួកបាតុករស្និទ្ធវិមានក្រឹមឡាំង កាលពីថ្ងៃទី៦ មេសាបានលុកចូលកាន់កាប់អគាររដ្ឋទាំងឡាយនៅទីក្រុង DONETSK ទីក្រុងខាគៀវ និងទីក្រុងលូហាន់ស្ក៍ ជាទីក្រុង៣នាភាគខាងកើតអ៊ុយក្រែន តំបន់បង្អែករបស់ប្រធានាធិបតីអ៊ុយក្រែន ត្រូវផ្ដួលរំលំលោក វិកទ័រ អីុយ៉ានូកូវីត ដើម្បីទាមទារឱ្យមានការបោះប្រជាមតិមួយផ្សារភ្ជាប់តំបន់ពួកគេជាមួយប្រទេសរុស្សុីដូចតំបន់គ្រីមេ ។
ប្រធានាធិបតីស្ដីទីអ៊ុយក្រែន លោកអូឡេក សាន់ឌ័រតួកជីណូវ បានលុបចោលដំណើរទស្សនកិច្ចរបស់លោកនៅលីទុយអានី ដើម្បីគ្រប់គ្រងសភាពការណ៍បំបែកខ្លួននិយមនោះ ។ លោកតួកជីណូវ បានកោះធ្វើកិច្ចប្រជុំបន្ទាន់មួយរបស់បណ្ដាអ្នកទទួលខុសត្រូវនៃក្រសួង និងស្ថាប័នទាំងឡាយទទួលបន្ទុកខាងសន្ដិសុខ ហើយគ្រប់គ្រងដោយខ្លួនលោកផ្ទាល់នូវសភាពការណ៍បង្កើតឡើងដោយពួកបំបែកខ្លួននិយម ។
រដ្ឋមន្ដ្រីមហាផ្ទៃអ៊ុយក្រែនលោក សេនវ៉ាកូវ បានចោទប្រកាន់ប្រធានាធិបតីរុស្សុីលោកវ៉្លាឌីមៀរពូទីនថា រួមគំនិតជាមួយលោក វិកទ័រ អីុយ៉ានូកូវីត ដើម្បីបង្កអស្ថេរភាពដល់អ៊ុយក្រែន ។ លោកសរសេរក្នុង FACEBOOK ថា លោកពូទីននិងលោកអីុយ៉ានូកូវីត បានរៀបចំនិងផ្ដល់លុយកាក់សម្រាប់បង្កើតរលកនៃការបំបែកខ្លួននេះ នៅភាគខាងកើតប្រទេស ។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្សុី INTE-
RFAX ថា ចលនាតវ៉ាចាប់ផ្ដើមនាពេលថ្ងៃនៅក្រុង DONESTK និងក្រុងលូហាន់ស្ក៍ហើយ នាវេលាល្ងាចរាលដាលដល់ទីក្រុងខាគៀវ ដែលនៅទីនោះពួកបាតុករបាននាំគ្នាលើកទង់ជាតិរុស្សុី ហើយលុកចូលកាន់កាប់ទីស្នាក់ការរដ្ឋបាលតំបន់។
ប្រជាជននិយាយភាសារុស្សុី ភាគច្រើនរស់នៅភាគខាងកើតអ៊ុយក្រែន ពុំពេញចិត្ដចំពោះរដ្ឋាភិបាលថ្មី កើតចេញពីការបះបោរ ដែលបណ្ដេញលោក វិកទ័រ អីុយ៉ានូកូវីត ចេញពីអំណាចកាលពីដំណាច់ខែកុម្ភៈ ។ នៅក្រុង DONESTK មនុស្សប្រមាណជា១.៥០០នាក់ ប្រមូលផ្ដុំគ្នានៅជុំវិញអគាររដ្ឋមួយដោយស្រែកពាក្យថា រុស្សុី! រុស្សុី! ហើយនាំគ្នាទះដៃពេលទង់ជាតិរុស្សុីមួយត្រូវបានលើកនៅជាន់ទី២នៃអគារនោះ ចំណែកប្រដាប់បំពងសំឡេងចាក់បទភ្លេងទាំងឡាយសម័យកាលសហភាពសូវៀត។ ពួកបាតុករនាំគ្នាស្រែកថា យើងពុំចង់ភ្ជាប់ខ្លួនជាមួយសហភាពអឺរ៉ុបឡើយ ហើយយើងក៏ពុំចង់ភ្ជាប់ខ្លួនជាមួយអូតង់ដែរ ។ យើងចង់ឱ្យកូនចៅយើងរស់នៅក្នុងសុខសន្ដិភាព។ ពួកបាតុករបានរាំងខ្ទប់ក្នុងអគារទីស្នាក់ការរដ្ឋបាលតំបន់ ដោយយកតុ កៅអីខ្ទប់ទ្វារទាំងឡាយ ហើយទាមទារឱ្យមានការបោះប្រជាមតិមួយលើលក្ខន្ដិកៈតំបន់ដូចការបោះប្រជាមតិនៅគ្រីមេ ដែលសម្រេចភ្ជាប់ជាមួយរុស្សុីកាលពីខែមុន ។ អ្នកកាសែតម្នាក់រាយការណ៍ថា ប៉ូលិសប្រមាណជា៥០០នាក់មានវត្ដមាននៅក្បែរអគារនោះ តែពុំធ្វើអន្ដរាគមន៍ឡើយ ។
នៅក្រុង លូហាន់ស្ក៍ ជិតក្រុង DONESTK ការិយាល័យរបស់ភ្នាក់ងារសន្ដិសុខត្រូវពួកបាតុករលុកចូលកាន់កាប់ ហើយការប៉ះទង្គិចគ្នាបណ្ដាលឱ្យមនុស្ស៣នាក់ត្រូវរបួស ។ បាតុករនៅទីនោះក៏ទាមទារឱ្យមានការបោះប្រជាមតិព្រមទាំងដោះលែងសកម្មជនទាំងឡាយដែលត្រូវចាប់ខ្លួនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
ចែករំលែកព័តមាននេះ