ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាម៉ោងជាង៨ព្រឹកថ្ងៃទី០៧ មេសា ២០១៤ ខណៈមានស្រ្តីម្នាក់ពាក់អាវ-ខោព៌ណខ្មៅ ពាក់វ៉ែនតាខ្មៅ និងមានកាន់ថង់ខ្មៅមួយយួរនៅដៃ បានជិះម៉ូតូមកឈប់មុខស្នងការ រួចដើរចូលសំដៅឆ្ពោះមករកប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៏ខេត្តរតនគិរី ដែលកំពុងអង្គុយលេងនៅបង់ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារ រួចគេឃើញស្រ្តីនោះទាញថង់ខ្មៅគប់មកលើផ្ទៃមុខលោកប្រធានការិយាល័យ បណ្តាលឲ្យបែកធ្លាយនិងធុំក្លិន ទើបគេដឹងថាជាទឹកស៊ីអ៊ីវ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តរតនគិរីបានបន្តថា ក្រោយពេលធ្វើសកម្មភាពគប់ថង់ច្រកស៊ីអ៊ីវលើផ្ទៃមុខលោកប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៏នោះរួចមក គេឃើញ និងឮស្រ្តីនោះស្រែកជេរ តែលោកប្រធានការិយាល័យដែលគេបង្ហើបឲ្យដឹងថាឈ្មោះ មឿង ខែម មិនបានតបតនោះទេ រួចស្រ្តីរូបនោះក៏បានដើរចេញពីស្នងការដ្ឋាននគរបាល ឡើងជិះម៉ូតូចេញទៅបាត់ ។ ចំណែកស្រ្តីដៃដល់នោះមិនស្គាល់ឈ្មោះពិតបា្រកដនោះទេ តែគ្រាន់តែមានអ្នកស្គាល់ឈ្មោះក្រៅហៅ ស្រីមួយ អាយុ២៩ឆ្នាំ រស់នៅក្នុងក្រុងបានលុងផ្ទាល់តែម្តង ។
សេចក្តីរាយការណ៏បានស្រង់សម្តីប្រភពបញ្ចាក់ឲ្យដឹងទៀតថា ករណីខាងលើទំនងជាកើតឡើងដោយសាររឿងស្នេហាត្រីកោណ ។
យ៉ាងណាក៏ដោយគេមិនអាចទាក់ទងស្រ្តីដៃដល់នោះដើម្បីសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេ រីឯលោក មឿង ខែម នោះវិញ ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទរបស់លោកទទួលការហៅចូលដល់់ទៅបួនដង តែពុំមានអ្នកលើកទទួល ៕
ចែករំលែកព័តមាននេះ