តើការតាមរុករកយន្តហោះបាត់ដានទីបំផុតសម្រេចបានគោលដៅឬ ? មួយខែហើយ ក្រោយការបាត់ដានយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 នាវាមួយគ្រឿងរបស់កងម៉ារីនអូស្ត្រាលីចាប់បានសញ្ញាថ្មីៗដូចសញ្ញាអ៊ុលត្រាសុង បញ្ចេញដោយប្រអប់ខ្មៅនៃយន្តហោះមួយគ្រឿង ។ នេះជាការប្រកាសកាលពីថ្ងៃទី៧ មេសា របស់អ្នកទទួលខុសត្រូវខាងប្រតិបត្តិការតាមរុករក ។
លោក Angus Houston ប្រមុខមជ្ឈមណ្ឌល សម្របសម្រួលតាមរុករករួម JACC អះអាងកាលពីថ្ងៃទី៦ មេសា ថា នាវាអូស្ត្រាលី និងនាវាចិនចាប់បានសញ្ញានានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយលោកបញ្ជាក់ថា បណ្តានាវា និងបណ្តាយន្តហោះបានទៅកាន់តំបន់មានសញ្ញាទាំងនោះ ដើម្បីធ្វើការត្រួតពិនិត្យ ។
នាថ្ងៃទី៧ មេសា ក្នុងសន្និសីទសារព័ត៌មានមួយ លោក Angus Houston ថ្លែងថា ខ្ញុំអាចរៀបរាប់នូវព័ត៌មានគួរជាទីលើកទឹកចិត្តទាំងឡាយ ទទួលបានរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ឧបករណ៍តាមរកសញ្ញាប្រអប់ខ្មៅរបស់នាវា Ocean Shield ចាប់បានសញ្ញានានាដូចសញ្ញាបញ្ចេញដោយប្រអប់ខ្មៅនៃយន្ត ហោះ ។យោងតាមសារព័ត៌មានទាំងឡាយថា ពួកអ្នកជំនាញការលើនាវាចិន Haixun 01 ចាប់បានសញ្ញានានាមានហ្វ្រេកង់៣៧,៥Khz ក្នុងមហាសមុទ្រឥណ្ឌា ដែលហ្វ្រេកង់នោះស្រដៀងគ្នានឹងហ្វ្រេកង់បញ្ចេញដោយប្រអប់ខ្មៅ ។
លោក Houston និយាយថា នាវា Haixun 01 ចាប់បានសញ្ញាថ្មីរយៈពេល៩០វិនាទី កាលពីថ្ងៃទី៥ មេសា នៅកន្លែងមួយចម្ងាយតែ២គីឡូម៉ែត្រប៉ុណ្ណោះពីកន្លែងដែលសញ្ញានានាចាប់បានកាលពីថ្ងៃទី៤ មេសា ។ ម៉្យាងទៀតលោកលាតត្រដាងថា នាវាអូស្ត្រាលី Ocean Shield បំពាក់ដោយឧបករណ៍ចាប់សញ្ញា ក៏ចាប់បានសញ្ញានានាកាលពីថ្ងៃទី៦ មេសា នៅកន្លែងមួយចម្ងាយ៣០០ម៉ាយ ពីកន្លែងដែលនាវា Haixun 01 ចាប់បានសញ្ញាដែរ ។ប៉ុន្តែលោក Houston ស្នើឱ្យប្រុងប្រយ័ត្នទាក់ទិនដល់ការរកឃើញថ្មីៗ ដែលនៅពុំទាន់ធ្វើការត្រួតពិនិត្យនៅឡើយ ៕
ចែករំលែកព័តមាននេះ