បណ្តាមេដឹកនាំនយោបាយឥណ្ឌាត្រូវបញ្ចប់ការឃោសនាបោះឆ្នោតនាថ្ងៃទី៦ មេសា សម្រាប់ការបោះឆ្នោតសភាដ៏ធំបំផុតលើពិភពលោក ដោយក្នុងការបោះឆ្នោតនោះគណបក្សជាតិនិយមហិណ្ឌូរបស់លោកណារេនដ្រា ម៉ូឌី សង្ឃឹមឈ្នះលើគណបក្សកុងក្រេសរបស់ត្រកូលគន្ធី។
ប្រទេសឥណ្ឌាចាប់ផ្តើមពីថ្ងៃទី៧ មេសាទៅ នូវការបោះឆ្នោតជា៩ដំណាក់កាលដែលនឹងបញ្ចប់នាថ្ងៃទី១២ ឧសភា ដើម្បីជ្រើសរើសសមាជិកសភា ។ មនុស្សយ៉ាងតិច៨១៤លាននាក់ត្រូវទៅបោះឆ្នោតដែលមាន១០០លាននាក់លើសកាលពីឆ្នាំ២០០៩ ។ ក្រោយកាន់អំណាចរយៈពេល១០ឆ្នាំមក បើតាមការស្ទាបស្ទង់មតិនានាថា គណបក្សកុងក្រេសអាចចាញ់ឆ្នោតដោយសារបញ្ហាពាណិជ្ជកម្ម ហើយកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ព្រមទាំងអតិផរណា ។
លោកម៉ូឌី បេក្ខជននៃគណបក្សជាតិនិយមហិណ្ឌូ BHARATIYA JANATA PARTY (BJP) កាលពីថ្ងៃទី៦ មេសា បានចោទប្រកាន់គណបក្សកុងក្រេសថា ទទួលបរាជ័យក្នុងការកែលម្អវាសនារបស់ពួកអ៊ិស្លាម ខណៈគណបក្សលោកទទួលការចោទប្រកាន់ថា បង្កើតភាពតានតឹងខាងសាសនា ។ ក្នុងឱកាសនៃមីទ្ទីងមួយនៅអ៊ុតតាប្រាដេស លោកម៉ូឌី ក៏ស្នើផងដែរដល់អ្នកបោះឆ្នោតឱ្យផ្តល់អាណត្តិខ្លាំងមួយដល់រូបលោក ដើម្បីលើកស្ទួយប្រទេសឥណ្ឌា ។ មេដឹកនាំគណបក្ស BJA រូបនេះបានផ្តោតការឃោសនាបោះឆ្នោតរបស់លោកលើការជំរុញសេដ្ឋកិច្ច វិនិយោគ និងបង្កើតការងារឱ្យបានច្រើន ។
ប្រសិនបើការស្ទាបស្ទង់មតិទាំងឡាយក្លាយទៅជាការពិត នោះលោករ៉ាហ៊ុល គន្លី កូនប្រុសរបស់លោកស្រីសូនីញ៉ា គន្លី ប្រមុខគណបក្សកុងក្រេស ហើយជាចៅទួតរបស់លោកនេរុ នឹងត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈលោកពុំធ្លាប់កាន់តំណែងណាមួយក្នុងរដ្ឋាភិបាលនៅឡើយ ។
ទោះបីយ៉ាងណា អ្នកនាំពាក្យរបស់គណបក្សកុងក្រេសបាននិយាយសម្រាលលើការស្ទាបស្ទង់មតិទាំងនោះ ដោយនិយាយប្រាប់ AFP ថា គណបក្សកុងក្រេសជាគណបក្សតែមួយគត់ដែលមានឈ្មោះល្បីល្បាញក្នុងប្រទេសឥណ្ឌាទាំងមូល ។
យោងតាមពួកអ្នកវិភាគថា លោករ៉ាហ៊ុល គន្លី អាយុ៤៣ឆ្នាំ ក្នុងករណីមានការចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកនេះ តែលោកនឹងអាចនាំគណបក្សកុងក្រេសមកកាន់អំណាចវិញក្នុងបុ៉ន្មានឆ្នាំខាងមុខ ៕
ចែករំលែកព័តមាននេះ