ប៉ូលិសតំបន់សាន់តា បាបារ៉ា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក គូសបញ្ជាក់កាលពីថ្ងៃទី៦ មេសា ថា មនុស្សជាង១០០នាក់បានត្រូវចាប់ខ្លួន ហើយមនុស្សយ៉ាងតិច៤៤នាក់ ត្រូវរបួសបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងអុីស្លា វីស្តា ពេលពិធីបុណ្យមួយរបស់ពួកនិស្សិតប្រែក្លាយទៅជាការប្រទូស្តរ៉ាយគ្នាយ៉ាងធំមួយមក ។
ការប្រទូស្តរ៉ាយគ្នាចាប់ផ្តើមកាលពីយប់ថ្ងៃទី៥ មេសា ក្នុងឱកាសបុណ្យ Deltopia ជាបុណ្យមួយអបអរសាទរដល់វិស្សមកាលរដូវផ្ការីកសម្រាប់ពួកនិស្សិតសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា សាន់តា បាបារ៉ា ហើយបុណ្យនោះមានមនុស្សចូលរួមដល់ទៅប្រមាណជា១៥.០០០នាក់ ។
ប៉ូលិសម្នាក់ដែលរាយការណ៍ពីឧប្បត្តិហេតុដំបូងៗ បានត្រូវរបួសត្រង់ក្បាលដោយសារដបស្រា ។ សភាពការណ៍កាន់តែអាក្រក់ពេលប៉ូលិសបញ្ជូនកម្លាំងបន្ថែម ។ បណ្តាប៉ាណូចរាចរណ៍ត្រូវបានបំផ្លាញ រួចបណ្តាភ្លើងបំភ្លឺ និងបណ្តារថយន្តប៉ូលិសក៏ត្រូវបំផ្លាញដែរ ។ ប៉ូលិសបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីបំបែកហ្វូង ។ ប៉ូលិសយ៉ាងតិច៥នាក់ ត្រូវរបួសក្នុងការប្រទូស្តរ៉ាយគ្នានោះ ហើយសភាពការណ៍វិលមកធម្មតាវិញ នាព្រឹកថ្ងៃទី៦ មេសា ៕
ចែករំលែកព័តមាននេះ