ខេត្តសៀមរាប ៖ កាលពីល្ងាចថ្ងៃទី៥ មេសា មានភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់ផង ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១០៦គ្រួសារ នៅសង្កាត់ចុងឃ្នៀស ។ នេះជាលើកទី១ហើយ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលទទួលរងនូវមហន្តរាយដោយខ្យល់កន្ត្រាក់នេះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីល្ងាច បណ្តាលឱ្យលំនៅឋានរលំចំនួន១៦ខ្នង ក្នុងនោះមានទីតាំងសមាគមអង្គការកូរ៉េមួយ ដែលធ្វើរោងដាក់ទូក បានប៉ើងដំបូលអស់៥ខ្នង អគារសមាគមមិត្តភាពសប្បុរសធម៌ជនជាតិកាតា ១ខ្នង មាន២៦បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ ព្រមទាំងទ្រេតអស់២ខ្នង បណ្តាលឱ្យមានអ្នករងរបួសធ្ងន់-ស្រាល៣នាក់ និងខូចខាតម៉ូតូរបស់សមាគមជនជាតិកាតា ១គ្រឿងផងដែរ ។
ប្រភពព័ត៌មានពីសមាគមមិត្តភាពសប្បុរសធម៌ជនជាតិកាតា ប្រាប់ថា ពួកគាត់សុំច្បាប់សាងសង់អគារនេះទើបបានរយៈពេលជាង១ខែប៉ុណ្ណោះ មិនទាន់រួចរាល់ស្រួលបួលផង ស្រាប់តែមានភ្លៀងធ្លាក់ ព្រមទាំងមានខ្យល់កន្ត្រាក់បក់មកប៉ះចំផ្ទះរបស់សមាគមពួកគាត់ បណ្តាលឱ្យខូចខាតទាំងស្រុង ។
តាមលោក ឯម ម៉ាន់ ចៅសង្កាត់ចុងឃ្នៀស ឱ្យដឹងថា នេះជាលើកទី១ហើយ ក្នុងឆ្នាំ២០១៤ មានការរលំ និងប៉ើងដំបូលផ្ទះដោយសារខ្យល់កន្ត្រាក់ ព្រមទាំងទ្រេតលំនៅឋានប្រជាពលរដ្ឋចំនួន១០៦គ្រួសារ ។
មហន្តរាយនេះ ពុំធ្លាប់កើតមានទេនាពេលកន្លងមក ទើបតែល្ងាចថ្ងៃទី៥ មេសា ឃើញមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឱ្យមានការខូចខាត រលំផ្ទះអស់ចំនួន១៦ខ្នង ក្នុងនោះមានសមាគមអង្គការកូរ៉េ ធ្វើរោងដាក់ទូក ប៉ើងដំបូលអស់៥ខ្នង សមាគមមិត្តភាពសប្បុរសធម៌ជនជាតិកាតា ១ខ្នង មាន២៦បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ។
លោកចៅសង្កាត់ចុងឃ្នៀស បានសំណូមពរដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត មានលោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ដើម្បីចុះមកជួួយប្រជាពលរដ្ឋផងដែរ ហើយក្រុមប្រឹក្សាសង្កាត់ ក៏មិនទុកឱ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់គាត់ រងគ្រោះដោយសារមិនមានការអើពើនោះទេ ៕
ចែករំលែកព័តមាននេះ