ខេត្តកោះកុង ៖ ចាប់តាំងពីម៉ោង១០ព្រឹក ថ្ងៃទី៤ មេសា រហូតដល់ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ មេសា កម្លាំងគយចល័តផ្លូវគោកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងគយសាខាខេត្តកោះកុង និងគយស្នាក់ការច្រកទ្វារអន្តរជាតិចាំាយាម រួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តផង បានឡោមព័ទ្ធរថយន្តម៉ាកឡិចសុីស ៥៧០ មួយគ្រឿង ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ រដ្ឋ7-2-6868 ពណ៌ ខ្មៅ ។
ការឡោមព័ទ្ធនេះ ដោយសារគយច្រកទ្វារចាំយាម សង្ស័យថា ជារថយន្តគេចពន្ធ ព្រោះរថយន្តខាងលើ បានបើកចេញពីប្រទេសថៃយ៉ាងលឿន រួចចូលសំដៅក្នុងកាសុីណូកោះកុងរីសតតែម្តង ដោយពុំចូលតាមច្រកដែលមានសមត្ថកិច្ចចម្រុះឈរជើងនោះឡើយ ។ នៅច្រកទ្វារអន្តរជាតិចាំយាម ច្រកចូលកាសុីណូ ជាច្រកអាទិភាពមិនបាច់ឆ្លងកាត់ការត្រួតពិនិត្យពីសមត្ថកិច្ចចម្រុះទេ ហេតុនេះហើយទើបសមត្ថកិច្ចមានការលំបាកក្នុងការគ្រប់គ្រងរថយន្តដឹកទំនិញចូលកាសុីណូ ឬរថយន្តគេចពន្ធបែបនេះខ្លាំងណាស់ ។ ប្រភពរាយការណ៍ពីខេត្តកោះកុង អះអាងថា ក្រោយពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោងរួចមក នៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី៥ មេសា ទើបសមត្ថកិច្ចបានសុំដីកាពីសាលាដំបូងខេត្ត ដើម្បីស្ទូចយករថយន្តខាងលើមករក្សាទុកនៅក្នុងស្នាក់ការគយ និងរដ្ឋាករចាំយាម ព្រោះតែរថយន្តនេះពុំមានម្ចាស់ចេញមុខ ឬក៏យកកូនសោរថយន្តមកប្រគល់ជូនសមត្ថកិច្ចតាមសម្រួល ។ តាមមន្ត្រីគយអះអាងថា ប្រតិបត្តិការបង្ក្រាបរថយន្តគេចពន្ធខាងលើនេះ បានទទួលបញ្ជាពីលោកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ទាប់ពីគយច្រកទ្វារស្រាវជ្រាវរកឃើញបទល្មើស រួចហើយរាយការណ៍តាមលំដាប់លំដោយទៅថ្នាក់លើ ។
ការចុះបង្ក្រាបផ្ទាល់ គឺដឹកនាំដោយលោក ជូ សុផាន់ណូ ប្រធានការិយាល័យបង្ក្រាបបទល្មើសគេចពន្ធ ទទួលបន្ទុកផ្លូវជាតិលេខ៤ និងកម្លាំងសហការីរបស់លោកជាច្រើនរូប រួមនឹងកម្លាំងសាខាខេត្តកោះកុង កម្លាំងច្រកទ្វារអន្តរជាតិចាំយាម និងកម្លាំងកងរាជអាវុធហត្ថខេត្ត ផងដែរ ។ តាមប្រភពដដែលបញ្ជាក់ទៀតថា រថយន្តខាងលើកំពុងស្ថិតក្រោមការសើុបអង្កេតរបស់សមត្ថកិច្ចគយ លុះត្រាតែម្ចាស់រថយន្តចូលខ្លួន និងនាំយកឯកសាររថយន្តមកបង្ហាញសមត្ថកិច្ច ទើបយើងហ៊ានអះអាងថា ជារថយន្តប្រភេទណាបាន ។ សមត្ថកិច្ចច្រកទ្វារអន្តរជាតិចាំយាមជាច្រើននាក់ អះអាងថា កន្លងមកដោយសារតែកាស៊ីណូកោះកុងរីសតផ្តល់អាទិភាពឱ្យរថយន្តថៃចូលមកលេងនៅកាស៊ីណូ ដោយពុំបាច់ឆ្លងកាត់ការត្រួតពិនិត្យ ទើបការចេញពីកាស៊ីណូទៅប្រទេសថៃ ឬចូលពីប្រទេសថៃមកកាស៊ីណូ មិនស្ថិតក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចច្រកទ្វារ និងបង្កឱ្យមានបទល្មើសជាច្រើន ។ ជាក់ស្តែង គឺមានរថយន្តគេចពន្ធ និងនាំមនុស្សឆ្លងដែនខុសច្បាប់ ហើយក្នុងរយៈពេលកន្លងមកមានរថយន្តគេចពន្ធជាច្រើនគ្រឿងសុទ្ធសឹងតែស៊េរីទំនើបៗត្រូវបានក្រុមឈ្មួញនាំចូលតាមច្រកកាស៊ីណូមួយនេះ ដោយសហការជាមួយសន្តិសុខ ឬអ្នកគ្រប់គ្រងក្នុងកាស៊ីណូនេះបង្កលក្ខណៈងាយស្រួលដល់ក្រុមឈ្មួញបញ្ចៀសរថយន្តប្រភេទគេចពន្ធបែបនេះឱ្យរួចពីភ្នែកសមត្ថកិច្ច ។
ក្រុមមន្ត្រីច្រកទ្វារ និយាយថា ហេតុនេះសូមរាជរដ្ឋាភិបាលពិចារណាអំពីការលំបាករបស់មន្ត្រីដែលមានតួនាទីប្រមូលប្រាក់ពន្ធ១០០% ថ្នាក់ក្រោមនេះផង និងគួរតែទប់ស្កាត់ថ្នាក់លើឱ្យគោរពថ្នាក់ក្រោមផង កុំបង្កតែបទល្មើសឱ្យថ្នាក់ក្រោមទប់ស្កាត់តែរហូតបែបនេះ ហើយប្រើរូបភាពសុទ្ធតែពាក់ស្លាកលេខរដ្ឋ ។ មានព័ត៌មានថា ស្លាកលេខខាងលើនេះត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោករដ្ឋលេខាធិការនៃក្រសួងមួយទៀតផង ៕
ចែករំលែកព័តមាននេះ