រាជធានីភ្នំពេញ ៖ បន្ទាប់ពីការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ពុះកញ្ជ្រោលយ៉ាងខ្លាំងនៅតាមបណ្តារោងចក្រមួយចំនួនមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការដ៏ចម្បងមួយ បន្តពិភាក្សាបញ្ហាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ។
យោងតាមលិខិតមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៤ មេសា បានលើកឡើងថា ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តសិក្សាអំពីលទ្ធភាពក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ បានពិភាក្សាជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងបានព្រមព្រៀងគ្នាដូចខាងក្រោម ៖
១-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ បានឯកភាពសហការជាមួយអង្គការអន្តរជាតិ ខាងការងារ ដើម្បីសិក្សាលើការកំណត់ប្រាក់ឈ្នួលអប្បបរមា ។
២-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ ក៏បានឯកភាពជាមួយអង្គការអន្តរជាតិខាងការងារ កំណត់នូវផែនការសកម្មភាពដូចតទៅ ៖
-រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ថ្នាក់ជាតិលើកទី១ នៅសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០១៤ ដើម្បី (១)-កំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមា ដែលអាចទទួលយកបានពីគ្រប់ភាគី (២)-ឆ្លុះបញ្ចាំងឱ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក និង (៣)-ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាចប្រើប្រាស់ជាសារវ័ន្ត ។
-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសម្របសម្រួលផ្នែកបច្ចេកទេស រវាងអង្គការអន្តរជាតិខាងការងារ ជាមួយនឹងស្ថាប័នពាក់ព័ន្ធមានជាអាទិ៍ វិទ្យាស្ថានស្ថិតិ និងក្រុមការងារបច្ចេកទេសនៃគណៈកម្មការសិក្សាស្រាវជ្រាវ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីធ្វើឱ្យមានភាពសុីសង្វាក់គ្នាលើការងារបច្ចេកទេសក្នុងការសិក្សា ។
៣-អង្គការអន្តរជាតិខាងការងារ នឹងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការងារបច្ចេកទេសនេះ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០១៤ ហើយបន្ទាប់ពីនោះ នឹងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ។
៤-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ នឹងជំរុញការសិក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាឱ្យបានឆាប់ និងសូមស្វាគមន៍ដល់ការចូលរួមផ្តល់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ៕
ចែករំលែកព័តមាននេះ