ខេត្ដកំពង់ឆ្នាំង ៖ ដំណោះស្រាយវិវាទដីធ្លីរវាងអ្នកទាមទារដីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ជាមួយក្រុមហ៊ុន ខេ ឌី ស៊ី បានឈានដល់ការស្រុះស្រួលគ្នា ព្រោះអ្នកទាមទារជាង៩០ភាគរយ បានព្រមទទួលយកការសម្របសម្រួលរបស់គណៈកម្មការចម្រុះដោះស្រាយវិវាទ ដោយព្រមទទួលយកប្រាក់គោលនយោបាយរបស់ក្រុមហ៊ុន ខណៈបានដឹងខ្លួនឯងថា គ្មានដីនៅចំណុចវិវាទនោះសូម្បីមួយចំអាមយ៉ាងណាក្ដី ធ្វើឱ្យមេខ្យល់២-៣នាក់មុខស្អុយដូចហិតលាមកឆ្កែ ។
ដំណោះស្រាយបានលទ្ធផលផ្លែផ្កានេះបានប្រព្រឹត្ដឡើងរយៈពេលពេញ១ថ្ងៃទី៤ មេសា នៅសាលាស្រុកកំពង់ត្រឡាច ដើម្បីបានប្រាក់ចូលឆ្នាំថ្មីក្រោមកិច្ចប្រឹងប្រែងរបស់គណៈកម្មការចម្រុះ និងក្រុមហ៊ុន ខេ ឌី ស៊ី ក៏ដូចជាការបន្ទន់ឥរិយាបទរបស់អ្នកភូមិឡពាង បន្ទាប់ពីគ្មានការជ្រៀតជ្រែកពីមនុស្សទី៣ គឺឈ្មោះ រាជ សីម៉ា មេខ្យល់ផ្ទាល់ និងមេអង្គការម្នាក់ជាមេខ្យល់កុំស្មានគេល្ងង់ សូមភ្លើតែម្នាក់ឯងបានហើយ ។
ជាលទ្ធផលអ្នកភូមិចំនួន៣៣គ្រួសារបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយក្នុងចំណោម៥២គ្រួសារ ក្នុងនោះ២គ្រួសារទៅស្រុកថៃ ។ ដោយឡែក អ្នកតវ៉ាដែលនៅសេសសល់ គណៈកម្មការពុំទាន់កោះអញ្ជើញមកនៅឡើយទេ ព្រោះគេឃើញមេខ្យល់កំបុតត្បូងឈ្មោះ រាជ សីម៉ា នៅអែបជាមួយ ។
លោកមេធាវីក្រុមហ៊ុន ខេ ឌី ស៊ី បានបញ្ជាក់ថា ក្រុមហ៊ុនបានទិញដីនៅភូមិឡពាង ជាង៥០០ហិកតា នៅឆ្នាំ២០០៧ តពីក្រុមហ៊ុនមួយដែលគេមានប្លង់ត្រឹមត្រូវនៅឆ្នាំ១៩៩៧ ។ គិតទៅមានអាយុកាល១០ឆ្នាំហើយ គ្មានអ្នកតវ៉ាឡើយ ។ លុះពេលក្រុមហ៊ុន ខេ ឌី ស៊ី ចូលកាន់កាប់ ស្រាប់តែមានមេខ្យល់ឈ្មោះ រាជ សីម៉ា ដឹកនាំអ្នកភូមិក្រីក្រទាំងនោះមកតវ៉ារហូតដល់សព្វថ្ងៃ បើគិតពីអាយុកាលតវ៉ាគឺបានផុតសុពលភាពទៅហើយ ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុនព្យាយាមសម្របសម្រួលចូលដោះស្រាយចំនួន៣លើកមកហើយ តាំងពីពេលនោះមក នៅតែពុំទាន់ទទួលបានលទ្ធផល ព្រោះតែការដោះស្រាយមានមនុស្សទី៣ចំនួន២នាក់ចូលមកជ្រៀតជ្រែកដើម្បីបានសម្លេងគ្រាន់បានប្រាក់ខែពីអង្គការនៅបរទេស ។
ថ្មីៗនេះ ដោយសារតែភាគីអ្នកទាមទារក៏ដូចជាក្រុមហ៊ុន ទើបគណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើងតាមការសម្រេចរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី៣ មីនា ដោយមានសមាសភាព១៥រូប ក្នុងនោះមានលោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្ដជាប្រធាន ។
ថ្ងៃទី២៧ មីនា គណៈកម្មការចម្រុះបានសម្របសម្រួលជាមួយអ្នកទាមទារទាំងនោះនៅក្នុងឃុំតាជេស ដោយបែងចែកជា៣ក្រុម ក្នុងចំណោមអ្នកតវ៉ាទាំង៥២គ្រួសារ ដោយថ្ងៃទី២៧ មីនា ជួប៣២គ្រួសារ(ព្រឹក១២គ្រួសារ ល្ងាច២០គ្រួសារ) និងព្រឹកថ្ងៃទី២៨ មីនា ជួប២០គ្រួសារទៀត ។ ប៉ុន្ដែអ្វីដែលគួរឱ្យសោកស្ដាយនោះ ខណៈលោកមេធាវីរបស់ក្រុមហ៊ុនកំពុងបំភ្លឺដល់គណៈកម្មការថា ពួកគាត់ជាប្រជាពលរដ្ឋ១២គ្រួសារនេះពុំមានឯកសារច្បាស់លាស់មិនអាចយកជាការបាន និងខ្លះទៀតគ្មានដីពិតប្រាកដជាដីម៉ែឪចែកឱ្យ ដែលម៉ែឪអត់ដីមួយចំអាមសោះ ស្រាប់តែពួកគេងើបដើរចេញតាមការញុះញង់ពីឈ្មោះ រាជ សីម៉ា ជាមេខ្លោង ដោយពុំព្រមស្ដាប់ការបកស្រាយរបស់គណៈកម្មការឡើយ ។
ផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី២៨ មីនា មិនត្រឹមតែប្រជាពលរដ្ឋ២០គ្រួសារទៀត បានមកសាលាឃុំតាជេស តាមការគ្រោងទុករបស់គណៈកម្មការទេ សូម្បីតែអ្នកតវ៉ាដែលពីម្សិលងើបដើរចេញមិនព្រមស្ដាប់ការបកស្រាយរបស់គណៈកម្មការនោះ ក៏បានវិលមកវិញហើយបានបំភ្លឺជូនគណៈកម្មការដែរ ទើបធ្វើឱ្យអ្នកតវ៉ាទាំងនោះមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មការដែលត្រូវពិភាក្សាវាយតម្លៃ ។ នេះពួកគាត់ប្រហែលជាពេលត្រឡប់ទៅវិញគិតថា បើនៅតែជឿមេខ្លោងទៀតច្បាស់ជាស៊ីអំបិលហើយ បើមិនមកបំភ្លឺជូនគណៈកម្មការ ច្បាស់ជាគ្មានឱកាសទៀតឡើយ ។
ក្រោយពេលជួបជាមួយអ្នកតវ៉ារយៈពេល២ថ្ងៃចុងខែមីនា គណៈកម្មការចម្រុះបានសម្រេចវាយតម្លៃលើចម្លើយបំភ្លឺរបស់អ្នកភូមិទាំង៥០គ្រួសារ(២គ្រួសារទៅថៃ) ហើយនៅថ្ងៃទី៤ មេសា ការជួបគ្នាជាថ្មីជាមួយគណៈកម្មការនិងក្រុមហ៊ុនបានធ្វើឡើងជាថ្មីទៀត នៅសាលាស្រុកកំពង់ត្រឡាច ។
នៅព្រឹកនោះ គណៈកម្មការនិងក្រុមហ៊ុនបាននិយាយទៅកាន់អ្នកតវ៉ាថា ក្រោយការវាយតម្លៃហើយ បងប្អូនដែលតវ៉ានេះពិតជាដឹងខ្លួនឯងច្បាស់ណាស់ថា «ខ្លួនមានដី ឬគ្មានដី» ហេតុនេះហើយ បងប្អូនពេលនេះចង់បានប៉ុន្មាន? អ្នកតវ៉ាអស់ពាក្យតវ៉ាទៀត ហាក់មិនអាចឆ្លើយរួចដោយបង្ខំគ្នាទៅវិញទៅមកឱ្យឆ្លើយ ។ ឃើញសភាពមិនអាចដំណើរការបានបែបនេះ គណៈកម្មការនិងក្រុមហ៊ុនបានរៀបចំឱ្យអ្នកតវ៉ាចូលជួបម្នាក់ម្ដងៗ ដើម្បីពិភាក្សានិងចរចាគ្នាដោយផ្ទាល់ ហើយពួកគាត់បានសម្រេចទទួលយកប្រាក់គោលនយោបាយតាមការវាយតម្លៃរបស់គណៈកម្មការរៀងៗខ្លួន ។
នៅថ្ងៃនោះចាប់ពីព្រលឹមរហូតដល់ព្រលប់អ្នកតវ៉ាបានទទួលយកប្រាក់គោលនយោបាយមានចំនួន៣៣គ្រួសារ មានទឹកមុខញញឹមពព្រាយគ្រប់គ្នាដូចបានត្រូវឆ្នោត ដើរបង់បោយយ៉ាងរំភើយ លែងនឹកឃើញមេខ្យល់ឈ្មោះ រាជ សីម៉ា និងមេអង្គការស្អីហ្នុងតែម្ដង ។
លោកជំទាវ ដោក សុទ្ធា ប្រធានគណៈកម្មការមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវមកទទួលការដោះស្រាយនៅថ្ងៃនេះមានចំនួន៣៧គ្រួសារ តែ៤គ្រួសារមិនបានទទួលយកការដោះស្រាយទេ ។ ចំណែកអ្នកនៅសេសសល់នឹងជួបពិភាក្សាគ្នាដោះស្រាយនៅពេលក្រោយទៀត ។
លោកជំទាវបានបន្ដថា នេះជាជោគជ័យរបស់គណៈកម្មការចម្រុះដែលមានសមាសភាព១៥រូប ដែលបានប្រឹងប្រែងរយៈកាលកន្លងមក ហើយកត្ដាទាំងនេះ ក៏អាស្រ័យដោយការធ្វើសម្បទានរបស់ភាគីក្រុមហ៊ុន ខេ ឌី ស៊ី ដល់ប្រជាពលរដ្ឋ និងដោយសារប្រជាពលរដ្ឋឈប់ជឿតាមការញុះញង់ពីអ្នកដទៃ ព្រមទាំងស្ដាប់តាមគណៈកម្មការវិញ ។ ថ្វីដ្បិតថា ការទទួលជោគជ័យមិនទាន់បាន១០០% ពិតមែន ប៉ុន្ដែអ្នកនៅសេសសល់ គឺមួយចំនួនគណៈកម្មការមិនទាន់ហៅ ហើយគណៈកម្មការនឹងអញ្ជើញពួកគាត់នៅពេលក្រោយ ។
គួរបញ្ជាក់ផងដែរថា អ្នកតវ៉ា១១គ្រួសារដែលត្រូវបានគណៈកម្មការបានសាកសួរកាលពីថ្ងៃទី២៧ មីនា កន្លងទៅ ហើយបាននាំគ្នាងើបចេញមិនព្រមស្ដាប់តាមការបកស្រាយរបស់មេធាវីក្រុមហ៊ុន ដោយជឿតាមការញុះញង់របស់ឈ្មោះ រាជ សីម៉ា ជាមេខ្លោងស្រែកឱ្យដើរចេញតាមមាត់បង្អួចសាលាឃុំនោះ គណៈកម្មការមិនទាន់កោះហៅមកសាកសួរនៅឡើយទេ ក្នុងនោះមានឈ្មោះ រាជ សីម៉ា ផងដែរដែលអះអាងថា មានដីធ្លីក្នុងវិវាទនោះ ខណៈដែលអ្នកភូមិប្រាប់ក្រុមហ៊ុននិងគណៈកម្មការបានដឹងថា ឈ្មោះនេះគ្មានដីសូម្បីតែមួយចំអាម ។ ចំណែក២គ្រួសារអវត្ដមាន ព្រោះទៅធ្វើការនៅប្រទេសថៃ និង៤គ្រួសារទៀតមិនព្រមទទួលយកដំណោះស្រាយ ព្រោះនៅដើរតាមមេខ្យល់ រាជ សីម៉ា នៅឡើយ ។
ជុំវិញរឿងរ៉ាវវិវាទដីធ្លីរវាងអ្នកទាមទារនិងក្រុមហ៊ុនកើតមានយូរឆ្នាំនេះ លោក សំ ច័ន្ទគា ប្រធានការិយាល័យសិទ្ធិមនុស្សអាដហុក ខេត្ដកំពង់ឆ្នាំង ដែលកន្លងមក ជាអ្នកជ្រោមជ្រែងជួយអ្នកតវ៉ា ក្នុងការទាមទារជាមួយក្រុមហ៊ុនពេលនេះក៏បានជាប់ឈ្មោះជាគណៈកម្មការចម្រុះដែរនោះ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែត និងទូរទស្សន៍ថា កន្លងមក ក្រោយពីមានកិច្ចពិភាក្សាគ្នានៅសាលាឃុំតាជេស ស្រាប់តែមានកាសែត និងទូរទស្សន៍បានចោទលោកថា ជាមនុស្សទី៣នៅពីក្រោយខ្នងប្រជាពលរដ្ឋ ។ លោក គា សូមបំភ្លឺថា លោកពុំមែនជាមនុស្សទី៣ទេ ។ កិច្ចសម្របសម្រួលនេះគឺមានតែលោកទេ ដែលខិតខំប្រឹងប្រែងរហូតស្នើសុំឱ្យបង្កើតគណៈកម្មការនេះឡើង ទើបចេញរូបរាង ហើយលោកក៏មិនចង់ប្ដឹងរកខុសត្រូវតាមច្បាប់អីដែរ។
ពិតហើយ…លោក សំ ច័ន្ទគារ មិនមែនជាមនុស្សទី៣ស្អីហ្នុងទេ ហើយក៏មិនមែនជាមេខ្លោងដែរ ។ គួរកុំចោទលោក ច័ន្ទគា ថាជាមេក្រមីុឬជាមេខ្យល់ ឬជាមេនៅពីលើ…អ្វីៗទៀត ព្រោះលោកបានដឹងខ្លួនឯងហើយ ។ ប៉ុន្ដែតើមេខ្យល់មួយណាទៅដែលបោះពាក្យថា បើក្រុមហ៊ុនហ៊ានឱ្យគាត់៥០ម៉ឺុនដុល្លារ ពិតជាចប់ភ្លាម…តើមេខ្យល់មួយណា? រឿងនេះលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន«ដើមអំពិល»ដឹងច្បាស់ណាស់ ។ ចាំមើលតើឈ្មោះណា ? ហើយកោះសន្ដិភាពរង់ចាំជួយផ្សាយបន្ដ។
នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៤ មេសា នោះដែរ ខណៈប្រជាពលរដ្ឋចូលជួបជាមួយក្រុមហ៊ុន និងគណៈកម្មការម្ដងម្នាក់ៗ គេឃើញវត្ដមានលោក ចាន់ សាវ៉េត មន្ដ្រីសិទ្ធិមនុស្សនៅក្រុងភ្នំពេញបានទៅដល់ ហើយបានចូលជួបនិងនិយាយទៅកាន់ក្រុមប្រជាពលរដ្ឋដែលកំពុងរង់ចាំនៅខាងក្រៅថា បើការដោះស្រាយនេះបងប្អូនអាចទទួលយកបាន ក្រុមហ៊ុនក៏បានដំណើរការ បងប្អូនក៏បានប្រាក់សមស្រប ។ តែបើការដោះស្រាយនេះបងប្អូនមិនអាចទទួលយកបាន សូមបងប្អូនកុំទទួលយក និងនៅប្រើពាក្យបង្គាប់បញ្ជាច្រើនទៀត ។
ឮក្រុមអ្នកសង្កេតការណ៍យល់ថា ទោះបីមានអ្នកថ្មីមកជួយបក់ខ្យល់បែបនេះក្ដី ក៏ប្រជាពលរដ្ឋលោកហាក់លែងចង់ស្ដាប់ភាសាខ្យល់កំបុតត្បូងនេះទៀតហើយ ទើបគេឃើញប្រជាពលរដ្ឋចូលរួមជួបគណៈកម្មការ និងក្រុមហ៊ុនម្ដងម្នាក់ៗ ហើយពេលចេញមកវិញមានទឹកមុខញញឹមញញែម និងបានចូលទៅបន្ទប់មួយទៀត ទទួលយកប្រាក់ពីអ្នកចាត់ការរបស់ក្រុមហ៊ុនដោយក្ដីរីករាយក្រៃលែង រហូតគម្រប់៣៣នាក់ នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃដដែលទើបចប់ ។
ក្រោយពីទទួលបានប្រាក់ដោះស្រាយគោលនយោបាយពីក្រុមហ៊ុនរួចមក ប្រជាពលរដ្ឋទាំងនោះមានសេចក្ដីរីករាយក្រៃលែង ដោយបាននិយាយថា ពេលនេះឈប់ជឿតាមការញុះញង់ទៀតហើយ និងអ្វីដែលធ្វើឱ្យពួកគាត់សប្បាយចិត្ដខ្លាំងនោះគឺ៖
ទី១-ទឹកប្រាក់ដែលគាត់ទទួលយកបាន គឺជាការពេញចិត្ដ ។ ទី២-គឺបន្ទាប់ពីនេះទៅទឹកដីដែលវិវាទនោះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស ដែលត្រូវការធនធានមនុស្ស និងកម្មករប្រមាណជាង២ម៉ឺុននាក់ នោះបើតាមប្រសាសន៍លោកអភិបាលស្រុកប្រាប់គាត់ ។ គាត់និយាយថា ដល់ពេលនោះកូនចៅគាត់មិនពិបាកចេញពីស្រុក ទៅធ្វើការនៅខេត្ដឆ្ងាយ ឬធ្វើចំណាកស្រុកដូចមុនទៀតឡើយ ។ អ្វីដែលជាការកត់សម្គាល់នោះឈ្មោះ ផេង រុំ ដែលជាជើងខ្លាំងខាងញុះញង់ជាមួយឈ្មោះ រាជ សីម៉ា ក៏ព្រមទទួលលុយដែរ ។ គាត់ចាញ់មែន…អត់ដីមែន តែបានលុយ ។
ពិតជាក្រោយភ្លៀងមេឃស្រឡះមែន ប៉ុន្ដែគេចាំមើល ដល់ពេលជើងខ្លាំង១១នាក់ ក្នុងនោះមានឈ្មោះ រាជ សេម៉ា ផងដែរដែលមានមេខ្យល់ធំស៊ីប្រាក់ខែពីបរទេសនៅពីក្រោយ និងអាចចាំស៊ីឡាកនោះ នឹងត្រូវគណៈកម្មការកោះហៅមកជួបពិភាក្សាចុងក្រោយ តើពួកគាត់នឹងត្រូវបានប្រាក់គោលនយោបាយរបៀបម៉េចដែរ ។ អ្នកស្រុកប្រាប់ថា ពួកគេនេះគ្មានដីទេ តែលោភលន់ណាស់ ។ បើលោភលន់ពេកច្បាស់ជាអត់មែនទែនហើយ ។
ព័ត៌មានចុងក្រោយ
ម្សិលមិញនេះ អ្នកភូមិឡពាង២នាក់សុំមិនឱ្យបញ្ចេញឈ្មោះប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា ក្រោយពេលពួកគេបានទទួលប្រាក់ដំណោះស្រាយពីក្រុមហ៊ុនហើយ មេខ្យល់បានហៅទៅប្រជុំទៀត ។ គាត់និយាយថា ពួកខ្ញុំអត់ទៅប្រជុំទេ…ប្រជុំអីទៀត…ចប់ហើយ ។ ពួកគេនិយាយថា ប្រហែលប្រជុំសុំលុយពីអ្នកបានហើយមើលទៅ ។ មានគេនិយាយថា បើបានលុយពីក្រុមហ៊ុន កុំភ្លេចគុណមេខ្យល់២នាក់ ប្រយ័ត្នគេលែងជួយ ។
អ្នកភូមិម្នាក់ដែលបានប្រាក់និយាយថា មេខ្យល់ឈ្មោះ រាជ សីម៉ា ហៅញ៉េន អត់មានដីទេ គេខំធ្វើមេ ដើម្បីក្រែងបានផល ។ ឥឡូវអ្នកភូមិលែងស្ដាប់គាត់ហើយ ។
ប៉ូលិសប៉ុស្ដិ៍ម្នាក់នៅឃុំតាជេស ដែលជួយការពារក្នុងពិធីប្រជុំបានប្រាប់កោះសន្ដិភាពថា ពេលដែលគណៈកម្មការកំពុងដោះស្រាយគោលនយោបាយជាមួយអ្នកភូមិ ស្រាប់តែឃើញបុរសម្នាក់ឈ្មោះ ញ៉ាន នាំបក្សពួកប្រមាណ២០នាក់ មកប៉ុនប៉ងចុះឈ្មោះតវ៉ាក្រែងលោបានគោលនយោបាយពីក្រុមហ៊ុន ប៉ុន្ដែសកម្មភាពអគតិនេះត្រូវបានអាក់ខាន ព្រោះទីនោះមានកងកម្លាំងនៅការពារច្រើននាក់ ។
ក្រុមអ្នកសង្កេតការណ៍រង់ចាំមើលទៀត តើមេខ្យល់រាជ សីម៉ា ហៅញ៉េន និងប្អូនប្រុសរបស់ខ្លួនហក់ដល់ណាទៀត?
ពេលនេះច្បាប់មិនអនុញ្ញាតឱ្យជនទាំងនោះស្ថិតនៅក្រៅច្បាប់ទៀតឡើយ ។ ឯឈ្មោះ រាជ សីម៉ា បើតាមក្រឡាបញ្ជីសាលាដំបូងម្នាក់ប្រាប់ថា កំពុងជាប់ចោទដុតបំផ្លាញផ្ទះចាំដីរបស់ក្រុមហ៊ុន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិឯកជនអស់ច្រើនទៀត ដែលត្រូវមានទោសព្រហ្មទណ្ឌដោយចៀសមិនរួច ប្រសិនបើក្រុមហ៊ុនមិនដកពាក្យបណ្ដឹងចាស់ដែលនៅសល់ចេញទេ ៕
ចែករំលែកព័តមាននេះ