បុគ្គលគួរយកបញ្ញាមកពិចារណាឱ្យឃើញប្រាកដថា លាភ យស សរសើរជាគ្រឿងបញ្ឆោតចិត្តមិនគួរនាំជីវិតឱ្យស្រវឹងវង្វេងនៅក្នុងសក្ការៈទាំងអស់នេះទេ ព្រោះសុទ្ធតែជារបស់ក្រៅខ្លួន ។
ការដែលមិនបានពិចារណាហ្នឹងហើយទើបបានជាមនុស្សខ្លះពេលជីវិតមានរោគា ព្យាធិ អត់លាភ អត់យស គ្មានការរាប់អានអំពីអ្នកដទៃ ក៏ត្រូវទទួលអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនល្អ មិនជាទីប្រាថ្នាសព្វគ្រប់ប្រការ ។
កាលបើជីវិតពើបប្រទះនូវហេតុការណ៍ទាំងនេះ ហើយបើគេមិនមានបញ្ញាពិចារណាឱ្យឃើញប្រាកដថា ជីវិតនេះគ្រាន់តែជារបស់ហេតុ ពិតប្រាកដតាមហេតុ ជាសច្ចធម៌ មិនមែនជារបស់យើងទេ រលាស់ចោលនូវជីវិតនេះប្រគល់ឱ្យហេតុជាអ្នកតាក់តែងដោយមិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងជីវិតបច្ចុប្បន្ននេះទេ ការពិចារណាឱ្យឃើញការពិតប៉ុណ្ណេះជាដើមនឹងធ្វើឱ្យសន្តានចិត្តស្ងប់ ត្រជាក់បានខ្លះ ។
ការចេះរស់នៅជាមួយជីវិតបច្ចុប្បន្នត្រូវយកបញ្ញាជាធំក្នុងការរៀបចំតាក់តែងជីវិតឱ្យមានដំណើរទៅតាមលក្ខណៈរបស់ហេតុដែលមិនអាចកែប្រែបាន ដោយមិនប្រកាន់ជីវិតថាជារបស់ខ្លួន ជារបស់អញទើបនាំមកនូវសេចក្តីស្ងប់រស់នៅបានសុខព្រោះមិនជាប់ជំពាក់ក្នុងជីវិត ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ