រាជធានីភ្នំពេញ ៖ ជនមួយក្រុមដែលគេអះអាងថា មានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ បានចូលទៅអុកទ្បុកនិងវាយបំផ្លិចបំផ្លាញកន្លែងលក់បាយ និងក្នុងលំនៅឋាន១គ្រួសារ ដែលកំពុងតែស្នាក់នៅក្នុងអតីតសាលាសង្កាត់បឹងកក់ទី១ ដែលទីតាំងនេះ ធ្លាប់តែមានរឿងចម្រូងចម្រាសគ្នាជាមួយក្រុមហ៊ុនមួយរបស់ឧកញ៉ាម្នាក់ ដែលទទួលបានសិទ្ធិដោះដូរ ។
ទោះបីជាយ៉ាងណា ជនដៃដល់បានគេចខ្លួនបាត់ស្រមោលពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទ្បើយ ។ ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៦ មេសា នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៥២៧ កែងផ្លូវលេខ២៨៩ ដែលជាអតីតសាលាសង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាដីត្រូវប៉ាន់បណ្តាលឱ្យកែវ ចាន ឆ្នាំង តុ កៅអីលក់បាយរងការខូចខាតស្ទើរតែទាំងស្រុង ។ ជញ្ជាំងផ្ទះនិងសម្ភារមួយចំនួនបានរងការខូចខាត ព្រមទាំងធ្វើឱ្យស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះបានដួលសន្លប់ផងដែរ ។
ម្ចាស់ផ្ទះដែលរងការគំរាមកំហែងឈ្មោះ លី ស៊ាខេង ភេទប្រុស អាយុ៦២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ក់ សៀវហ៊ូង អាយុ៥១ឆ្នាំ ក្នុងចំណោម៣គ្រួសារ ដែលកំពុងក្រាញននៀលស្នាក់នៅក្នុងអតីតសាលាសង្កាត់ ដែលមិនទាន់ដោះស្រាយចប់ ។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ នៅពេលម្ចាស់ផ្ទះកំពុងតែលក់បាយនៅមុខផ្ទះ ស្រាប់តែមានជន១ក្រុម មានគ្នាប្រមាណជាង១០នាក់ បានទៅបង្ករឿងនិងវាយបំផ្លិចបំផ្លាញរបស់របរ រួមមាន តុ កៅអី ចាន ឆ្នាំង កែវ និងវាយបំផ្លាញជញ្ជាំងផ្ទះ ព្រមទាំងសម្ភារជាច្រើនទៀត រួចគេចខ្លួនបាត់ ហាក់ដូចមកដេញឱ្យចេញ កុំចង់នៅទីនេះទៀត ។ តាមសាក្សីបន្តថា ខណៈនោះគេឃើញស្ត្រីជាម្ចាស់ផ្ទះ បានស្រែកឱ្យគេជួយ តែពុំមាននរណាម្នាក់ហ៊ានជួយទ្បើយ ។ លុះក្រោយមកគេឃើញក្រុមអ្នកតវ៉ានៅបឹងកក់ បានលើកគ្នាទៅជួយការពារនិងតវ៉ាផងដែរ ។
ទាក់ទិនការវាយបំផ្លិចបំផ្លាញរបស់របរនេះ ត្រូវបានលោក លី ស៊ាខេង ធ្វើការចោទប្រកាន់ថា ជនដៃដល់ដែលបានប្រើហិង្សា ជាក្រុមអ្នកយាមដីឱ្យក្រុមហ៊ុន ដែលទទួលសិទ្ធិក្នុងការដោះដូរសាលាសង្កាត់បឹងកក់ទី១នេះ ព្រមទាំងបានដាក់ពាក្យបណ្តឹងទៅនគរបាលមូលដ្ឋានហើយ ។ រឿងដីអតីតសាលាសង្កាត់បឹងកក់ទី១ ក្រុមហ៊ុន ដែលមានសិទ្ធិដោះដូរយកឆ្នាំងដីមកដូរយកឆ្នាំងស្ពាន់ បានព្យាយាមដោះស្រាយធ្វើការសម្របសម្រួលនៅសល់តែ៣គ្រួសារប៉ុណ្ណោះ ដែលបានទាមទារក្នុងតម្លៃខ្ពស់ហួសហេតុពេកទើបមិនអាចរកដំណោះស្រាយបាន ។ គួរបញ្ជាក់ថា អតីតសាលាសង្កាត់បឹងកក់ទី១ ត្រូវបានដោះដូរហើយដោយក្រុមហ៊ុនឧកញ៉ាម្នាក់ទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ ។ ខណៈនោះក្រុមហ៊ុននិងអាជ្ញាធរ បានព្យាយាមដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន៧គ្រួសារ ដែលស្នាក់នៅ ។ ក្នុងនោះ៤គ្រួសារទទួលយកដំណោះស្រាយរួចហើយ នៅសល់៣គ្រួសារ បានទាមទារយកតម្លៃខ្ពស់កប់ពពកពេក ។ ទន្ទឹមនោះ គ្រួសារនៅសល់បានតវ៉ាក្រាញននៀលបន្តស្នាក់នៅលើដីនោះ ព្រមទាំងបានទាញរឿងនេះទៅជារឿងនយោបាយឱ្យអ្នកតវ៉ានៅបឹងកក់មកជួយ ហើយតែងមានទំនាស់ពាក្យសម្តីគ្នា និងផ្ទុះបាតុភាពជាបន្តបន្ទាប់ជាមួយអ្នកយាមដី ។
នៅពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានជំរុញឱ្យមានការដោះស្រាយ ព្រមទាំងហៅគ្រួសារដែលនៅសល់ទៅមើលផ្ទះក្នុងគោលបំណងដោះដូរផងដែរ ប៉ុន្តែគេមិនព្រម ។ រឿងចម្រូងចម្រាសគួរឱ្យកត់សម្គាល់នោះ ធ្លាប់មានលែងពស់វែកចូលផ្ទះ ការវាយមនុស្សម្នាក់តាមផ្លូវជាដើម និងបញ្ហាផ្សេងៗទៀត ។ រាល់រឿងអាក្រក់កើតទ្បើង ក្រុមហ៊ុនតែងតែរងការចោទប្រកាន់ពីសំណាក់ពលរដ្ឋ ដែលស្នាក់នៅក្នុងទីតាំងអតីតសាលាសង្កាត់នេះគ្រប់ពេល ៕
ចែករំលែកព័តមាននេះ