ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៥ មេសា ត្រង់ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ លើកំណាត់ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អុិន ថា អាយុ៥៥ឆ្នាំ ស្នាក់នៅក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
មុនពេលកើតហេតុ បុរសចំណាស់នោះ បានជិះម៉ូតូមួយគ្រឿងធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BQ-2562 ស៊េរីឆ្នាំ២០១៣ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅអ្នកលឿង ខណៈមកដល់កន្លែងកើតហេតុ ដោយសារជនរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ដែលកំពុងបើកបរស្របទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់មួយរំពេច ខណៈគាត់មិនបានពាក់មួកសុវត្ថិភាព ។ ចំណែករថយន្ត បានបន្ថែមល្បឿនបើករត់បាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែង ហើយទាក់ទងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ