ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវយុវជនម្នាក់ទៀតចាក់ខ្នងលិចជម្រៅជាង៣ហ៊ុនរបួសធ្ងន់ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៤ មេសា ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខណៈពួកគេទាំង២នាក់ទាស់គ្នារឿងបបួលលេងបាល់ ។ ទោះជាយា៉ងណា ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។
នគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះឈ្មោះ បឿ ជា អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិខាងលើ ចំណែកជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ សាន់ សេត ហៅចិ អាយុ២២ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ បឿ ជា បានបបួលឈ្មោះ សាន់ សេត លេងបាល់ជាមួយខ្លួន តែឈ្មោះ សាន់ សេត ប្រកែកមិនព្រមលេងជាមួយ ដោយសំអាងថា កន្លងមកឈ្មោះ បឿ ជា ពេលលេងបាល់ចាញ់ខ្លួនមិនដែលឱ្យលុយឡើយ ហេតុនេះហើយទើបមិនព្រមលេងបាល់ជាមួយ ។ ពេលនោះក៏មានការឈ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមក ហើយឈ្មោះ សាន់ សេត ក៏បានយកដែកចុងស្រួចមានសណ្ឋានដូចផ្លែដែកឆាបចាក់ចំកណ្តាលខ្នងឈ្មោះ បឿ ជា បណ្តាលឱ្យមុតលិចជម្រៅប្រមាណ៣ហ៊ុនរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត ចំណែកជនដៃដល់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាមានស្ថានទម្ងន់ទោស និងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ។ ចំណែកនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត នឹងកសាងសំណុំរឿងបន្ថែមដើម្បីបញ្ជូនខ្លួនជនដៃដល់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ