សារព័ត៌មានក្នុងស្រុករាយការណ៍កាលពីថ្ងៃទី៥ មេសា ថា រដ្ឋមន្ត្រីការពារប្រទេសជប៉ុន លោកអុីតស៊ូណូរី អូណូដឺរ៉ា បានចេញបញ្ជាដល់កងកម្លាំងស្វ័យការពារជប៉ុន ស្ទាក់រាល់មីសុីលដែលបាញ់ចេញដោយកូរ៉េខាងជើង ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូញូវ ដែលដកស្រង់ប្រភពព័ត៌មានរដ្ឋាភិបាលមិនបញ្ចេញឈ្មោះមួយរាយការណ៍ថា នាវាពិឃាត KIRISHIMA បំពាក់ដោយប្រព័ន្ធការពារប្រឆាំងមីសុីល AEGIS ហើយមានបណ្តាមីសុីលស្ទាក់កម្ទេចរយៈឆ្ងាយធុន SM-3 ត្រូវបានបញ្ជូនមកកាន់សមុទ្រជប៉ុន តាមបញ្ជារបស់ក្រសួងការពារប្រទេស ដែលពុំលាតត្រដាងប្រាប់ជាសាធារណៈ ។ បទបញ្ជានោះចេញដោយសារហេតុផលដែលកូរ៉េខាងជើង កាលពីថ្ងៃទី២៦ មីនា បានបាញ់មីសុីលបាលីស្ទីក កម្រិតមធ្យមធុន RODONG មកកាន់សមុទ្រជប៉ុននេះ អាចបាញ់មីសុីលថែមទៀត ។ បទបញ្ជានេះដែលនឹងមានជាធរមានរហូតដល់ថ្ងៃទី២៥ មេសា ជាថ្ងៃខួបកំណើតកងទ័ពប្រជាជនកូរ៉េ ត្រូវគេរក្សាជាការសម្ងាត់ ដើម្បីពុំលាតត្រដាងពីសមត្ថភាពស្ទាក់កម្ទេចរបស់មីសុីលជប៉ុន៕
ចែករំលែកព័តមាននេះ