ពួកអ្នកគាំទ្ររដ្ឋាភិបាលគឺពួកអាវក្រហមថៃជាច្រើនពាន់នាក់ កាលពីថ្ងៃទី៥ មេសា បានប្រមូលផ្តុំគ្នានៅទីក្រុងបាងកកដែលនោះជាការបង្ហាញកម្លាំងមួយដើម្បីបញ្ជាក់ថា ពួកគេនឹងមិនបណ្តោយឱ្យមានរដ្ឋប្រហារតុលាការមួយប្រឆាំងនាយករដ្ឋមន្ត្រីចាំផ្ទះលោកស្រី យីងឡាក់ សីុណាវ៉ាត្រា ឡើយ ។ ប៉ូលិស និងទាហានជាង៣.០០០នាក់ត្រូវបានកេណ្ឌប្រមូលដើម្បីធានាសន្តិសុខនៅកន្លែងធ្វើបាតុកម្ម ស្ថិតក្នុងសង្កាត់មួយនៃក្រុងបាងកក។
លោក ប៉ារ៉ាឌន ប៉ាតតាណាតាប៊ុត ទីប្រឹក្សារបស់លោកស្រី យីងឡាក់ ទទួលបន្ទុកខាងសន្តិសុខវាយតម្លៃថា អាជ្ញាធរគិតថា ពួកអាវក្រហមដល់ទៅជាង២០០.០០០នាក់ចូលរួមក្នុងបាតុកម្មនេះដែលគ្រោងធ្វើរហូតដល់ថ្ងៃទី៧ មេសា ។
លោក ប៉ារ៉ាឌន អះអាងប្រាប់អ្នកកាសែតថា លោកពុំមានការភ័យខ្លាចចំពោះការប៉ះទង្គិចគ្នាជាមួយពួកបាតុករប្រឆាំងដែលកំពុងកាន់កាប់ឧទ្យានមួយនាកណ្តាលក្រុងបាងកក បន្ទាប់ពីការតវ៉ាប្រឆាំងរបស់ពួកគេ ចាប់តាំងពី៦ខែមកហើយ ជួនកាលមានផ្ទុះអំពើហិង្សានោះឡើយ ។ ទោះបីយ៉ាងណាលោកពុំបដិសេធឡើយចំពោះការបង្កហេតុនានារបស់ពួកជនទី៣ ដែលភាគច្រើននៃមនុស្សស្លាប់២៤នាក់ចាប់តាំងពីផ្ទុះវិបត្តិមក ត្រូវសម្លាប់ដោយការលបបាញ់ឬដោយការគប់គ្រាប់បែកដែលពុំដឹងចេញពីប្រភពណា ។
ប្រសិនបើបាតុកម្មរបស់ពួកអាវក្រហមសម្រាប់ពេលនេះធ្វើដោយសន្តិវិធី តែសភាពការណ៍នឹងអាចផ្លាស់ប្តូរទៅជាអាក្រក់ក្នុងករណីមានការដកហូតតំណែងលោកស្រី យីងឡាក់ ដែលពួកប្រឆាំងចោទប្រកាន់លោកស្រីថា ជាអាយ៉ងរបស់បងប្រុសលោកស្រី គឺលោក ថាក់សីុន សីុណាវ៉ាត្រា ។
ពេលគណបក្សស្និទ្ធលោកថាក់សីុន តែងឈ្នះឆ្នោតជាប់ចាប់តាំងពីជាង១០ឆ្នាំមកហើយ ពួកប្រឆាំងបានចោទប្រកាន់គ្រួសារសីុណាវ៉ាត្រាថា ពុករលួយនិងប្រើប្រាស់ប្រាក់សាធារណៈដើម្បីធានាការជួយទ្រទ្រង់ដល់យុទ្ធនាការយោឃោសនាបោះឆ្នោត នៅភាគខាងជើងនិងភាគឦសានប្រទេស ។
ពួកអាវក្រហមបានលើកគ្នាមកតាមរថយន្តបឺស កាលពីថ្ងៃទី៥ មេសា ពីតំបន់ទាំងនោះ ហើយពួកគេចោទប្រកាន់ពួកប្រឆាំងថា រៀបចំរដ្ឋប្រហារខាងតុលាការមួយ ជាវិធីដែលពួកនេះធ្លាប់ប្រើរួចហើយ ដើម្បីដណ្តើមអំណាចកាលពីឆ្នាំ២០០៨ ។
ពួកប្រឆាំងយល់ថា បើលោកស្រីយីងឡាក់ ត្រូវដកចេញនោះ លោកស្រីនឹងត្រូវជំនួសដោយនាយករដ្ឋមន្ត្រីអព្យាក្រិតមួយរូបដែលនឹងជានិមិត្តរូបនៃការបញ្ចប់ការកាន់អំណាចរបស់ត្រកូលសីុណាវ៉ាត្រា ។
ប្រមុខក្រុមអាវក្រហម លោក ចតុពន ប្រូមប៉ាន នៅមុខក្រុមអ្នកកាសែតឯកន្លែងធ្វើបាតុកម្មបានប្រមានថា ប្រសិនបើពួកប្រឆាំងនៅតែរឹងរូសហើយឈានទៅតែងតាំងនាយករដ្ឋមន្ត្រីអព្យាក្រឹត១រូប និងរៀបចំរដ្ឋប្រហារមួយនោះពួកអាវក្រហមនឹងប្រឆាំងដោយប្រើកម្លាំង ។ លោកនិយាយថា ខ្ញុំចង់ឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ ។
ក្នុងពេលមានវិបត្តិកាលពីឆ្នាំ២០១០ពេលពួកអាវក្រហមលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកកប្រឆាំងការឡើងកាន់អំណាចរបស់បណ្តាមនុស្សនៃគណបក្សប្រជាធិបតេយ្យ ដោយសារនីតិវិធីតុលាការ មានអន្តរាគមន៍បង្ក្រាបរបស់កងយោធាបណ្តាលឱ្យមនុស្សស្លាប់ដល់ទៅជាង៩០នាក់ឯណោះ ៕
ចែករំលែកព័តមាននេះ