ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ-កម្ម​ការិនី​ដួល​សន្លប់​បន្ត​បន្ទាប់​រាប់​រយ​នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ មេសាមក​ ព័ត៌​មាន​ពី​កម្ម​ករ​-​កម្ម​ការិនី​​​ដួល​សន្លប់​នៅ​តាម​រោង​ចក្រ​​​កាត់​ដេរ​មួយ​ចំនួន​ បាន​កើត​​មាន​ជា​បន្ត​បន្ទាប់​ និង​មាន​ចំនួន​រាប់​រយ​នាក់​ទៅ​ហើយ​ ។ ប៉ុន្តែ​មូល​ហេតុ​ដែល​បណ្តាល​​ឱ្យ​មាន​ការ​​ដួល​សន្លប់​នេះ​ មិន​ទាន់​បាន​​ទទួល​នូវ​ការ​អះ​អាង​ជា​ផ្លូវ​ការ​ណា​មួយ​​ឡើយ​ ។ ទោះ​បី​ជា​​បែប​​នេះ​ក្តី​ មិន​មាន​កម្ម​ករ​-​កម្ម​ការិនី​ណា​ម្នាក់​​ឈាន​ដល់​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ ឬ​ក៏​ស្លា.ប់​បាត់​បង់​ជីវិត​នោះ​ទេ​។​

រាជធានីភ្នំពេញ ៖ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ មេសាមក​ ព័ត៌​មាន​ពី​កម្ម​ករ​-​កម្ម​ការិនី​​​ដួល​សន្លប់​នៅ​តាម​រោង​ចក្រ​​​កាត់​ដេរ​មួយ​ចំនួន​ បាន​កើត​​មាន​ជា​បន្ត​បន្ទាប់​ និង​មាន​ចំនួន​រាប់​រយ​នាក់​ទៅ​ហើយ​ ។ ប៉ុន្តែ​មូល​ហេតុ​ដែល​បណ្តាល​​ឱ្យ​មាន​ការ​​ដួល​សន្លប់​នេះ​ មិន​ទាន់​បាន​​ទទួល​នូវ​ការ​អះ​អាង​ជា​ផ្លូវ​ការ​ណា​មួយ​​ឡើយ​ ។ ទោះ​បី​ជា​​បែប​​នេះ​ក្តី​ មិន​មាន​កម្ម​ករ​-​កម្ម​ការិនី​ណា​ម្នាក់​​ឈាន​ដល់​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ ឬ​ក៏​ស្លាប់​បាត់​បង់​ជីវិត​នោះ​ទេ​។​

​ព័ត៌​មាន​ថ្មី​បំផុត​ចុង​ក្រោយ​​គិត​ត្រឹម​​​ថ្ងៃ​​ទី​៤ មេសា​​​ កម្ម​​ការិនី​​ជាង​៤០​នាក់​ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោង​ចក្រ​​កាត​់ដេរ​យីហោ​អាយ​ស៊ី​​​ (IC) ដែល​​មាន​​ទី​តាំង​​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​បេតុង​ក្នុង​បុរី​ចោម​ចៅ​​​ ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​បាន​ដួល​សន្លប់​​ជា​បន្ត​បន្ទាប់​​ កាល​ពី​​វេលា​ម៉ោង​​៩​ព្រឹក​​​ ដោយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​​ឡើយ​ ។

​មន្ត្រី​​​នគរ​បាល​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ រោង​ចក្រ​កាត់​ដេរ​​អាយ​ស៊ី​​ មាន​កម្ម​ករ​-​កម្ម​ការិនី​បម្រើ​ការងារ​​សរុប​ចំនួន​​​៧៣០​​នាក់ ហើយ​កន្លង​មក​​ មិន​ដែល​មាន​បញ្ហា​​ដួល​សន្លប់​​បែប​នេះ​​ទេ​ គឺ​ពួក​គេ​ធ្វើ​ការ​ក្នុង​​សភាព​សុខ​សប្បាយ​រហូត ។

ដោយ​ឡែក​​ នៅ​​ថ្ងៃ​កើត​ហេតុ​​​ខាង​លើ​ ខណៈ​ពេល​ដែល​​កម្ម​ករ​​​-​កម្ម​ការិនី​កំពុង​ធ្វើ​ការ​​ញាប់​ដៃ​​ញាប់​ជើង​​ ស្រាប់​តែ​មាន​អាការ​មិន​ស្រួល​​ខ្លួន​ ដោយ​អ្នក​ខ្លះ​ងងឹត​​មុខ ខ្លះ​វិល​​​មុខ​រក​កល់​ចង់​ក្អួត​​ចង្អោរ​ ហើយ​បាន​ទន់​ដៃ​ទន់​ជើង និង​ដួល​សន្លប់​​ជា​បន្ត​​បន្ទាប់​​តែ​ម្តង ។

ខណៈ​នោះ ធ្វើ​ឱ្យ​ក​ម្ម​ការិនី​​​ដទៃ​ទៀត​​ មាន​ការ​ភ័យ​ស្លន់​​ស្លោ និង​​ច្រួល​​ច្របល់​ពេញ​ក្នុង​រោង​ចក្រ​ផង​នោះ ក៏​​នាំគ្នា​រត់​ចេញ​យ៉ាង​ប្រសេច​ប្រសាច​​ជាន់​ជើង​​គ្នា​បោះ​បង់​ចោល​ការងារ​ ។ ស្ថិត​ក្នុង​សភាព​បែប​នេះ រោង​​ចក្រ​នោះ​ក៏​បាន​បិទ​ទ្វារ​​ជា​បណ្តោះ​អាសន្ន​​ផង​ដែរ​​ នា​ព្រឹក​ថ្ងៃ​​ដដែល​នោះ​​ ។

កម្ម​ការិនី​​រង​គ្រោះ​​ទាំង​នោះ ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​​របស់​អង្គ​ភាព​៧១១​ ចំនួន​៥​គ្រឿង​ ទៅ​កាន់​មន្ទី​រ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​សង្គ្រោះ​បន្ទាន់​ ហើយ​មូល​ហេតុ​​នៃ​ការ​ដួល​សន្លប់​នោះ​​ មិន​ទាន់​ដឹង​ថា​បណ្តាល​​​មក​ពី​អ្វី​នៅ​ឡើយ​​ទេ​ ។

​ដោយ​ឡែក​​នៅ​​ព្រឹក​ថ្ងៃ​ដដែល​ នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ញូ​វ​វ៉ាយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ក៏​មាន​កម្ម​ការិនី​​​ចំនួន​៥១​នាក់​ និង​កម្ម​ករ​ចំនួន​៣​នាក់​ ​ដួល​សន្លប់​​​ដែរ​ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​ មាន​រយៈ​ពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​ហើ​យ​ សម្រាប់​រោង​ចក្រ​នេះ​ និង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯក​ជន​មូល​មិត្ត​ ដើម្បី​សង្គ្រោះ​​​បន្ទាន់​​ ។ មូល​ហេតុ​​នៃ​ការ​​ដួល​សន្លប់​នោះ​ គឺ​ប្រភព​ក្រៅ​ផ្លូវ​ការ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ធុំ​ក្លិន​ថ្នាំ​​ស្រៃ្ប៉ត៍​​បាញ់​ស៊ុម​កញ្ចក់​​នៅ​បន្ទប់​​​ការិយា​ល័យ​​ក្នុង​រោង​ចក្រ​ និង​ការ​ភ័យ​តៗ​គ្នា​​នៅ​ពេល​ដែល​​ឃើញ​មាន​អ្នក​ដួល​សន្លប់​​ហើយ ក៏​ដួល​តាម​គ្នា​ជា​បន្ត​បន្ទាប់​​តែ​ម្តង ។

សមត្ថ​កិច្ច​​បន្ត​ថា​​ នៅ​ក្នុង​​រយៈ​ពេល​១​សប្តាហ៍​​នេះ នៅ​ក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​រោង​ចក្រ​កាត់ដេរ​ចំនួន​៤​ហើយ​ ដែល​មាន​កម្ម​ករ​-​កម្ម​ការិនី​​ដួល​ស​ន្លប់​ ក្នុង​នោះ​មាន​​រោង​ចក្រ​​កាត់​ដេរ​​​យីហោ​​ញូវ៉ា រោង​ចក្រ​កាត់​ដេរ​​​​សេន​ចូវ​ រោង​ចក្រ​កាត់​ដេរ​ដាឃ្វីន និង​រោង​ចក្រ​កាត់​ដេរ​​អាយ​ស៊ី​ (IC) ។

កាល​ពី​ថ្ងៃ​ទី​​៣ មេសា កម្ម​ការិនី​ចំនួន​១១៣​នាក់​ ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ ២​ផ្សេង​គ្នា​ ប៉ុន្តែ​មាន​ថៅ​កែ​គ្រប់​គ្រង​តែ​មួយ​ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ។​ តាម​ការ​ពិនិត្យ​របស់​គណៈ​កម្ម​ការ​ចម្រុះ​ បាន​សង្ស័យ​ទៅ​លើ​ការ​ពុល​សាច់​មាន់​ចៀន​ ដែល​ខាង​រោង​ចក្រ​ធ្វើ​ឱ្យ​កម្ម​ករ​ហូប​នៅ​ក្នុង​រោង​ចក្រ​ មុន​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង​ ។​

​​រោង​ចក្រ​កាត់​ដេរ​ទាំង​២​ខាង​លើ​ គឺ​រោង​ចក្រ​សេន​ចូវ​ និង​រោង​ចក្រ​ daqian textile (Cambodia) Co.,Ltd. ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ក្រុម​កម្ម​ការិនី​ខាង​លើ​ បាន​នាំ​គ្នា​ធ្វើ​ការ​ងារ​ជា​ធម្មតា​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ ស្រាប់​តែ​មាន​អ្នក​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ហើយ​ខាង​តំណាង​រោង​ចក្រ​បាន​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​គ្លីនិក​ឯក​ជន​ ដែល​ស្ថិត​នៅ​ជិត​នោះ​ ។​ បន្ទាប់​មក​ ទើប​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន​ ដូច​ជា​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត​ មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ និង​មន្ទីរ​​ពេទ្យ​រដ្ឋ​ផ្សេង​ទៀត ព្រោះ​មិន​អាច​ទុក​ពួក​គេ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​បាន​ទេ​ ដោយ​សារ​តែ​ពួក​គេ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ ។​ ទោះ​បី​ជា​បែប​ណា​ មិន​មាន​កម្ម​ការិនី​ណា​ម្នាក់​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ឡើយ​ ។​ ក្រោយ​ពេល​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ រោង​ចក្រ​បាន​បិទ​ទ្វារ​បណ្តោះ​អាសន្ន​ មិន​មាន​កម្ម​ករ​-​កម្ម​ការិនី​ធ្វើ​ការ​បន្ត​ឡើយ​ ។​

គួរ​រំលឹក​ថា​ ក្នុង​ចំណោម​រោង​ចក្រ​ទាំង​២​ខាង​លើ​នេះ​ គឺ​រោង​ចក្រ​កាត់​ដេរ​សេន​ចូវ​ មាន​កម្ម​ការិនី​ដួល​សន្លប់​២​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ​ ដែល​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២​ មេសា​ មាន​ការ​ដួល​សន្លប់​ម្តង​រួច​មក​ហើយ​ ហើយ​តាម​សេចក្តី​រាយ​ការណ៍​ កម្ម​ការិនី​ដួល​សន្លប់​នោះ​ មាន​ចំនួន​ជាង​១០០​នាក់​ ។​ ចំណែក​ឯ​រោង​ចក្រ​កាត់​ដេរ​ daqian textile (Cambodia) Co., Ltd. មិន​មាន​កម្ម​ការិនី​ដួល​សន្លប់​ទេ​ នៅ​ថ្ងៃ​ទី​២​ មេសា​ នោះ​ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​៣​ មេសា​ ស្រាប់​តែ​មាន​អ្នក​ដួល​សន្លប់​ ហើយ​រោង​ចក្រ​កាត់​ដេរ​ សេន​ចូវ​​ ក៏​មាន​កម្ម​ការិនី​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ទៀត​ដែរ​ ។​ បើ​តាម​របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​ចម្រុះ​ បាន​ឱ្យ​ដឹង​ថា​ ពួក​គេ​រង​គ្រោះ​ដោយ​សារ​ការ​ពុល​ម្ហូប​អាហារ​ ក្នុង​នោះ​មាន​សាច់​មាន់​ចៀន​ ដែល​ខាង​រោង​ចក្រ​បាន​ធ្វើ​ឱ្យ​បរិភោគ​ ។ ម្យ៉ាង​ទៀត​ រោង​ចក្រ​ទាំង​២​នោះ​ មាន​ថៅកែ​គ្រប់​គ្រង​តែ​មួយ​ ចំណែក​ឯ​ការ​ហូប​ចុក​ គឺ​ដូច​គ្នា​ទាំង​អស់​ ដូច្នេះ​ហើយ​ទើប​មាន​ការ​​សង្ស័យ​ថា​ពុល​ដួល​សន្លប់​ដូច​គ្នា​បែប​នេះ​ ។​

បន្ទាប់​ពី​ហូប​សាច់​មាន់​​ប្រឡាក់​ចៀន​នោះ​រួច​មក​ ពួក​គេ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ ដោយ​ចុក​ពោះ​ក្អួត​ វិល​មុខ​ ឈឺ​ក្បាល​ រាក​រូស​ បន្ទាប់​មក​ក៏​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​តែ​ម្តង​ ហើយ​ពួក​គេ​ត្រូវ​បាន​រ៉ាប់​រង​ក្នុង​ការ​ចេញ​ថ្លៃ​ព្យាបាល​ ដោយ​ថៅកែ​រោង​ចក្រ​ទាំង​អស់​ ៕​