ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣ មេសា បានលុបចោលពន្ធ០% ដែលអនុវត្តរហូតមកទល់ពេលនេះសម្រាប់ការនាំចេញឧស្ម័នធម្មជាតិរបស់ខ្លួនដល់អ៊ុយក្រែន ។នាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីទ្រីម៉េដ វេដេវ ថ្លែងទៅកាន់ប្រធានអគ្គនាយករបស់ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី GAZPROM លោកអាឡិចសី មីលល័រ ក្នុងឱកាសនៃកិច្ចប្រជុំមួយថា ខ្ញុំធ្វើការសម្រេចលុបចោលក្រិត្យរបស់រដ្ឋាភិបាលលេខ២៩១ ចុះថ្ងៃទី៣០ មេសា ឆ្នាំ២០១០ ដោយគិតដល់ប្រការដែលថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន ក៏ត្រូវលុបចោលដែរ ។
កាលពីខែមេសា ឆ្នាំ២០១០ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងខាកូវ ដែលកំណត់ការយកពន្ធ០% សម្រាប់ការនាំចេញឧស្ម័នរុស្ស៊ីទៅអ៊ុយក្រែន ។ ជាថ្នូរវិញអ៊ុយក្រែនយល់ព្រមពន្យារពេលវត្តមានរបស់កងនាវាចរណ៍រុស្ស៊ីក្នុងសមុទ្រខ្មៅនៅមូលដ្ឋាននាវាចរណ៍គ្រីមេរយៈពេល២៥ឆ្នាំបន្ថែមទៀត ។ចំពោះលោកម៉េដវេដេវ យល់ថា ហេតុផលនៃការលុបចោលកិច្ចព្រមព្រៀងនេះមកពីការផ្លាស់ប្តូរសភាពការណ៍នាពេលថ្មីៗនេះ ។
កាលពីថ្ងៃទី២ មេសា ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលលុបចោលសន្ធិសញ្ញា៤ ជាមួយអ៊ុយក្រែនដែលទាក់ទិនដល់កងនាវាចរណ៍សមុទ្រខ្មៅ ក្នុងនោះរួមមានកិច្ចព្រមព្រៀងក្រុងខាកូវផង ។ លោកម៉េដវេដេវ ធ្វើការកត់សម្គាល់ថា កិច្ចព្រមព្រៀងក្រុងខាកូវនាំឱ្យមានការខាតបង់សម្រាប់រុស្ស៊ី ដែលពុំអាចទទួលបានចំណូលច្រើនពីការនាំចេញឧស្ម័ន ។ លោកបន្តថា អ៊ុយក្រែនត្រូវរកប្រភពចំណូលសម្រាប់បង់ប្រាក់ថ្លៃឧស្ម័នរុស្ស៊ីទាំងអស់ និងសងបំណុលដែលខ្លួនជំពាក់ ។ បណ្តាមនុស្សដែលបច្ចុប្បន្នជាអ្នកធ្វើការសម្រេចចិត្តនៅអ៊ុយក្រែនត្រូវយល់ច្បាស់ពីរឿងនេះ ។
ចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១៤ ទៅ GAZPROM ចាប់ផ្តើមលក់ឧស្ម័នឱ្យអ៊ុយក្រែនក្នុងតម្លៃ៣៨៥,៥ដុល្លារក្នុងឧស្ម័ន១.០០០ម៉ែត្រគូប តំណាងឱ្យការកើនឡើងយ៉ាងខ្ពស់បំផុតមួយ បើប្រៀបធៀបទៅនឹងតម្លៃ២៦៨,៥ដុល្លារដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ឆ្នាំ២០១៣ ។ រុស្ស៊ីបានបង្កើនជាលើកទី២ រយៈពេលតែ៣ថ្ងៃនូវតម្លៃឧស្ម័នលក់ឱ្យអ៊ុយក្រែន តំណាងឱ្យការដំឡើងដល់៨០% ដែលនោះជាការគាបសង្កត់ថ្មីលើសេដ្ឋកិច្ចរបស់អ៊ុយក្រែនដែលស្ថិតលើមាត់ជ្រោះនៃការបះជើងស្រាប់មកហើយ ។
ប្រទេសអ៊ុយក្រែនដែលពាក់កណ្តាលនៃសេចក្តីត្រូវការឧស្ម័នរបស់ខ្លួនពឹងលើការផ្គត់ផ្គង់របស់រុស្ស៊ីនោះ ចាត់ទុកការផ្តួចផ្តើមគំនិតនេះរបស់ GAZPROM ថា ជាការសម្រេចចិត្តខាងនយោបាយដែលមិនអាចទទួលយកបានទាំងស្រុង ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកអាសឺនី អុីយ៉ាតសឺនីអ៊ុក ថ្លែងថា យើងរង់ចាំរុស្ស៊ីធ្វើការគាបសង្កត់អ៊ុយក្រែនខ្លាំងជាងនេះទៀតលើបញ្ហាឧស្ម័ន រួមទាំងការកម្រិតការផ្គត់ផ្គង់ឧស្ម័នឱ្យអ៊ុយក្រែនផង ។ សហរដ្ឋអាមេរិកក៏ថ្កោលទោសចំពោះការសម្រេចចិត្តនេះរបស់រុស្ស៊ីដែរ ។
ក្រុងមូស្គូរមែងប្រើអាវុធឧស្ម័នសម្រាប់ធ្វើការគាបសង្កត់បណ្តាប្រទេសជិតខាង និងបណ្តាម៉ូយអឺរុ៉បរបស់ខ្លួន ខណៈជាមួយព្រឹត្តិការណ៍នៅអ៊ុយក្រែន និងនៅគ្រីមេ ព្រមទាំងភាពតានតឹងបច្ចុប្បន្នរវាងពួកលោកខាងលិច និងរុស្ស៊ីនាំឱ្យគេរំលឹកដល់សម័យកាលនៃសង្គ្រាមត្រជាក់វិញ។ ប្រធានអគ្គនាយករបស់ GAZPROM លោកអាឡិចសីមីលល័រ ថ្លែងកាលពីថ្ងៃទី៣ មេសា ប្រាប់ដល់លោកម៉េដវេដេវថា តម្លៃឧស្ម័ននឹងបង្កើនថែមទៀតចាប់ពីខែនេះទៅក្រោយក្រុងមូស្គូកំណត់អត្រាថ្មីលើការនាំចេញឧស្ម័នទៅអ៊ុយក្រែន ។
លោកនិយាយថា តម្លៃឧស្ម័ននឹងកើនខ្ពស់ដោយស្វ័យប្រវត្តិចាប់ពីខែមេសាទៅ ។ ការដំឡើងតម្លៃចុងក្រោយនេះនឹងធ្វើឱ្យតម្លៃឧស្ម័នលក់ឱ្យអ៊ុយក្រែនឡើងដល់៤៨៥ដុល្លារក្នុង១.០០០ម៉ែត្រគូប២ថ្ងៃប៉ុណ្ណោះក្រោយការដំឡើងមុននេះ៤៤% ធ្វើឱ្យតម្លៃឧស្ម័នលក់ឱ្យអ៊ុយក្រែនពីមុនត្រឹម២៦៨,៥ដុល្លារឡើងដល់៣៨៥,៥ដុល្លារក្នុង១.០០០ម៉ែត្រគូប ។ម្យ៉ាងវិញទៀត ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣ មេសា ស្នើអ៊ុយក្រែនបង់ប្រាក់២,២ពាន់លានដុល្លារដែលជំពាក់មិនទាន់បង់ឱ្យ ។ តាមរយៈការដំឡើងតម្លៃឧស្ម័នយ៉ាងខ្ពស់ ប្រទេសរុស្ស៊ីពេលនេះបានបង្កើនការលំបាកដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែនដែលកំពុងមានភាពផុយស្រួយស្រាប់ ៕
ចែករំលែកព័តមាននេះ