កងឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងថ្លែងថា នាវាកាហ្គោ១គ្រឿងដោតទង់ជាតិម៉ុងហ្គោលី ហើយដឹកសមាជិកក្រុមនាវិក១៦នាក់ជាជនជាតិកូរ៉េខាងជើង បានលិចកាលពីថ្ងៃទី៤ មេសា ក្នុងដែនទឹកនៃឆ្នេរសមុទ្រក្រុង Yeosu ជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២នាក់ ។
ដោយដកស្រង់ប្រភពព័ត៌មានរបស់កងឆ្មាំឆ្នេរសមុទ្រ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap រាយការណ៍ថា សមាជិកក្រុមនាវិក ៣នាក់ បានត្រូវជួយសង្គ្រោះ ហើយបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសមាជិកក្រុមនាវិកឯទៀតៗបាត់ខ្លួន ។ នាវាកាហ្គោ មានចំណុះ៤.៣០០តោននោះ ដែលដឹកផលិតផលដែកបានចេញពីក្រុងកំពង់ផែ Cheongjin របស់កូរ៉េខាងជើងទៅកាន់កំពង់ផែចាងដាវ ខេត្តសានដុង របស់ចិន ។
នាវានោះបានលិចនាវេលាម៉ោង១និង៩នាទី រំលងអធ្រាត្រម៉ោងក្នុងស្រុក នៅកន្លែងមួយចម្ងាយប្រមាណជា៦៣គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុង Yeosu ខេត្ត Jeolla ខាងត្បូង ។ ភ្លាមៗ ក្រោយទទួលបានសញ្ញាប្រកាសអាសន្ន កងឆ្មាំឆ្នេរសមុទ្រក៏បើកប្រតិបត្តិការជួយសង្គ្រោះ ។ កងឆ្មាំឆ្នេរសមុទ្របន្តតាមរកសមាជិកក្រុមនាវិកដែលបាត់ខ្លួន ហើយធ្វើការស៊ើបអង្កេតមួយរកមូលហេតុដែលនាវាកាហ្គោនោះ ដោតទង់ជាតិម៉ុងហ្គោលី តែដឹកពលរដ្ឋកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ