ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​កម្ពុជា​បន្ត​ប្រឹងប្រែង​ទាក់ទាញ​អ្នក​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ចិន​បន្ថែម​ទៀត?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​ធំ​ៗ​នៅ​កម្ពុជា​ទទួល​បាន​នូវ​ការ​វិនិយោគ​យ៉ាង​ជោគ​ជាំ​ពី​សំណាក់​វិនិយោគិន​ចិន ដូច​ជា​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សី​ហុ ដែល​វិនិយោគិន​ចិន​កំពុង​តែ​គ្របដណ្ដប់​ទីផ្សារ​នៅ​ទីនោះ​លើ​វិស័យ​អចល​ទ្រព្យ កាស៊ីណូ សណ្ឋាគារ និង​ខុន​ដូរ ខណៈ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​របស់​ចិន ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​ធំ​ៗ​នៅ​កម្ពុជា​ទទួល​បាន​នូវ​ការ​វិនិយោគ​យ៉ាង​ជោគ​ជាំ​ពី​សំណាក់​វិនិយោគិន​ចិន ដូច​ជា​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សី​ហុ ដែល​វិនិយោគិន​ចិន​កំពុង​តែ​គ្របដណ្ដប់​ទីផ្សារ​នៅ​ទីនោះ​លើ​វិស័យ​អចល​ទ្រព្យ កាស៊ីណូ សណ្ឋាគារ និង​ខុន​ដូរ ខណៈ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ទាក់ទាញ​អ្នក​វិនិយោគ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​របស់​ចិន ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ចិន​ថ្មី​ៗ​បន្ថែម​ទៀត សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ផ្សព្វផ្សាយ​អំពី​កាលានុវត្តភាព សក្តានុពល​វិនិយោគ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​លើក​ស្ទួយ​បរិយាកាស​ធុរកិច្ច វិនិយោគ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដល់​សហគមន៍​ធុរកិច្ច​ខេត្ត​ក្វា​ង​ស៊ី ។

ក្នុង​វេទិកា​ជំរុញ​ធុរកិច្ច វិនិយោគ និង​ទេសចរណ៍ ស្តី​ពី «​កម្ពុជា​កសាង​ទិស​ដៅ​ថ្មី ដើម្បី​ទាក់ទាញ​ធុរជន វិនិយោគិន និង​អ្នកទេសចរ ពី​ប្រទេស​ចិន​» នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ អាស៊ាន​-​ចិន លើក​ទី​១៦ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង ពាណិជ្ជកម្ម​បាន​លើក​ឡើង​អំពី​កំណែទម្រង់ និង​វិធានការ​សំខាន់​ៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ប្រតិបត្តិការ​ធុរកិច្ច​របស់​ផ្នែក​ឯកជន សំដៅ​ពង្រឹង​ឯករាជ្យ​ភាព និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​។ ជា​ពិសេស​ទាក់ទាញ​ការ​បណ្តាក់ទុន​ថ្មី​ៗ​ពី​បរទេស លើ​វិស័យ​សំខាន់​ៗ​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។

លោក​រដ្ឋ​លេខា​បាន​បញ្ជាក់​ថា «​ខេត្ត​ក្វា​ង​ស៊ី គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត ដែល​មាន​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​កម្ពុជា ដោយ​យោង​តាម​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​ក្វា​ង​ស៊ី មាន​ចំនួន​៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ ហើយនឹង​កើនឡើង​ប្រហែល​៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៩​។ នេះ​បាន​បង្ហាញ​ថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​ចិន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ និង​បញ្ជាក់​អំពី​មិត្តភាព​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​» ។ បើ​តាម​លោក​រដ្ឋ​លេខា បន្ថែម​លើស​ពី​នេះ​ក៏​បាន​អំពាវនាវ​ដល់​ធុរជន វិនិយោគិន និង​អ្នកទេសចរ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ពិសេស​នៅ​ខេត្ត​ក្វា​ង​ស៊ី អ​ញ្ចើ​ញ​មក​ទស្សនកិច្ច និង​ធ្វើការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពាក់ព័ន្ធ​ការ​វិនិយោគ​និង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន នា​ពេល​កន្លង​មក​ក៏​ដូច​ជា​ទៅ​ថ្ងៃ​ខាង​មុខ តាម​លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ការ​អនុវត្ត​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​គំនិត​របស់ លោក ស៊ី ជី​ន​ភីង ប្រធានាធិបតី​ចិន ក្នុង​ការ​កែទម្រង់​ស៊ីជម្រៅ​លើ​អភិបាលកិច្ច​ប្រទេស​ចិន និង​ក្នុង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​មិន​ត្រឹម​ដើរតួ​នាទី​ជា​គន្លឹះ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​គិតគូរ​វែង​ឆ្ងាយ​សំដៅ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ ព្រមទាំង​រវាង​ប្រជាជន នឹង​ប្រជាជន ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក​ផង​ដែរ ដែល​នឹង​បង្កើត​បាន​នូវ «​ក្បាលម៉ាស៊ីន​ថ្មី​មួយ​ក្នុង​ការ​អូស​ទាញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​» ថែម​ទៀត​។

ក្នុង​បរិការណ៍​នៃ​ការ​ជំរុញ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​នេះ ទំនាក់ទំនង​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​គ្រប់​វិស័យ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ធំធាត់ និង​រឹង​មាំ​ថែម​ទៀត​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក​បាន​បន្ត​ថា ផ្តើម​ចេញពី​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​ជា​បន្ត​នូវ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជា​កា​រត​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ពង្រឹង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ប្រៀប​លើ​ការ​ប្រកួតប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក ដែល​កំពុង​ធ្វើ​បដិវត្តន៍​ឌី​ជី​ថ​ល​៤.០ ។

លោក សំ សិរី​រតន៍ មាន​ប្រសាសន៍​ថា យោង​តាម​ស្ថិតិ​គយ និង​រដ្ឋាករ​កម្ពុជា បាន​ស្តែង​ឱ្យ​ឃើញ​ថា​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​កាន់តែ រីក​ចម្រើន ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០១៨ យើង​សម្រេច​បាន​៦.៤៥៧​លាន​ដុល្លារ​អាម​រិ​ក កើនឡើង​១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ត្រឹមតែ​៥.៥៧៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​បើ ធៀប​ទៅ​៤​ឆ្នាំ​មុន គឺ​កាលពី​ឆ្នាំ​២០១៥ ត្រឹមតែ ៤.៣៣៣​លាន​ដុល្លារ កើនឡើង​៤៩%​។ ចំពោះ​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​វិញ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ ២០១៨ ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​សរុប​៨,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​បោះទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​រួម​មានការ​វិនិយោគ​ផ្នែក​តំបន់​សេដ្ឋកិច្ច​ពិសេស​រោងចក្រ​ឧស្សាហកម្ម សហគ្រាស កសិកម្ម សំណង់ និង​អចលនទ្រព្យ​ជាដើម​។

បន្ថែម​ពី​នេះ ដោយ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ទេសចរណ៍​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឆ្នាំ​២០១៨ មាន​អ្នកទេសចរ​ចំនួន​ប្រមាណ​៦,២​លាន​នាក់ កើនឡើង​១១% ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង​១២.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​នៅ​លំដាប់​នាំមុខ​គេ ដែល​មាន​ចំនួន​ប្រមាណ​១,៩​លាន​នាក់ កើនឡើង​ជាង​៧០% ហើយ​ធ្វើ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន កាន់តែ​ច្រើន​ឡើង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ