មិនថាអ្នកជាអ្នកធ្វើការ Freelance ជាអាជីព ឬក្រៅម៉ោងទេ អ្នកប្រហែលជាជួបករណីនៅពេលដែលមានការងារច្រើនជ្រុល ឬពេលដែលគ្មានការងារទាល់តែសោះហើយ ។ ប្រាកដណាស់អត្ថប្រយោជន៍មួយនៃការធ្វើការ Freelance គឺអ្នកមិនចាំបាច់មានម៉ោងធ្វើការ ឬកន្លែងធ្វើការជាក់លាក់ណាមួយទេ ប៉ុន្តែវាក៏មានន័យថាការងារអ្នកមិននឹងនរដែរ ។
យ៉ាងណាក្តី វាមិនមែនមានន័យថាអ្នកមិនអាចពឹងផ្អែកលើការងារ Freelance ជាអាជីពបានទេ ។ ផ្ទុយមកវិញ មានអ្នកធ្វើការ Freelance ជាច្រើនដែលក្លាយជាអ្នកជោគជ័យ និងរកប្រាក់ចំណូលបានច្រើន ។ ហើយយុទ្ធសាស្ត្រក្នុងការឈានទៅរកចំណុចនេះ គឺត្រូវការរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងតម្រូវឲ្យអ្នកអនុវត្តដូចខាងក្រោមនេះ ៖
១. កត់ត្រាពីកិច្ចការដែលត្រូវបំពេញ៖ មុនពេលអ្នកបំពេញកិច្ចការ អ្នកគួរតែមានទម្លាប់អង្គុយចុះនិងគិតថាតើអ្នកមានកិច្ចការអ្វីខ្លះដែលត្រូវបញ្ចប់ ។ អ្នកមិនគួរគេងគិតពីកិច្ចការជាច្រើនដែលអ្នកមិនទាន់បំពេញទេ ព្រោះវាប៉ះពាល់ដល់ប្រសិទ្ធិភាពការងាររបស់អ្នក ។ ប្រសិនបើអ្នកកត់ត្រាវាទុក មិនថាលើក្រដាស ឬឧបករណ៍អេឡិចត្រូណិចទេ អ្នកនឹងដឹងថាអ្នកត្រូវបំពេញកិច្ចការណាមុន និងកិច្ចការណាខ្លះដោយងាយ ។
២. រៀនចំប្រព័ន្ធសង្គម ឬគេហទំព័រអ្នកឲ្យមានភាពទាក់ទាញ៖ ក្នុងសម័យកាលអ៊ីនធើណេតនេះ មនុស្សមិនចាំតែពឹងលើការសួរនាំគ្នាដើម្បីស្វែងរកអ្នកធ្វើការ Freelance ទៀតទេ ។ ផ្ទុយមកវិញ អ្នកអាចប្រើប្រព័ន្ធសង្គមរបស់អ្នក ឬគេហទំព័រផ្ទាល់ខ្លួនជាប្រវត្តិរូបសង្ខេប និងការដាក់តាំងការងារអ្នកជាដើម ។
៣. ត្រួតពិនិត្យមើលតម្លៃខ្លួនអ្នកឡើងវិញ៖ ពេលខ្លះអ្នកមិនអាចរកលុយបានច្រើន គឺព្រោះតែអ្នកយកថ្លៃទាបពេកសម្រាប់ជំនាញ ឬចំណេះដឹងរបស់អ្នក ។ ប្រសិនបើអ្នកមានជំនាញដែលអ្នកដទៃត្រូវការ និងចង់បាន នោះអ្នកមានសិទ្ធិក្នុងការទាមទារតម្លៃដែលសាកសមនឹងពេលវេលានិងកម្លាំងរបស់អ្នក ។
៤. ប្តេជ្ញាអភិវឌ្ឍន៍ខ្លួនជានិច្ច៖ បច្ចុប្បន្ននេះអ្នកមិនអាចពឹងផ្អែកលើចំណេះដឹង និងជំនាញដែលខ្លួនមានស្រាប់ជារៀងរហូតទេ ។ ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែចេះសម្របខ្លួននិងការផ្លាស់ប្តូរជុំវិញខ្លួន ។ ដូច្នេះអ្នកត្រូវតែចំណាយពេលតាមដានរាល់ការវិវត្ដន៍ថ្មីៗទាក់ទិននឹងវិស័យរបស់អ្នក និងត្រួតពិនិត្យថាតើខ្លួនមានខ្វះខាតចំណុចអ្វីទេ ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលមានជំនាញ និងចំណេះដឹងថ្មីខុសពីដៃគូប្រកួតប្រជែងនោះ វាជាឱកាសល្អមួយក្នុងការទាក់ទាញអតិថិជនកាន់តែច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ