ភ្នាក់ងារសន្តិសុខអេហ្ស៊ីបរាយការណ៍ថា ការផ្ទុះ៣បានសម្លាប់មនុស្ស២នាក់ ក្នុងនោះមានឧត្តមសេនីយ៍ប៉ូលិសម្នាក់ ហើយមនុស្ស៥នាក់ត្រូវរបួសកាលពីថ្ងៃទី២ មេសា នៅមុខសាកលវិទ្យាល័យទីក្រុងគែរ ។ការផ្ទុះទាំងនេះត្រូវបានក្រុមមួយឈ្មោះ ADJNAD MISR ប្រកាសថា ជាស្នាដៃរបស់ខ្លួន ។ សាកលវិទ្យាល័យទីក្រុងគែរ រយៈពេលបុ៉ន្មានសប្តាហ៍ចុងក្រោយនេះជាទីលាននៃបាតុកម្មបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ក្នុងជួរពួកនិស្ស័យអ៊ិស្លាមនិយម ។
គ្រាប់បែក២គ្រាប់ដាក់បន្លំជាមួយដើមឈើខាងមុខសាកលវិទ្យាល័យនៅជិតរថយន្តប៉ូលិស១គ្រឿង បានផ្ទុះដំបូងគេដោយសម្លាប់ឧត្តមសេនីយ៍ម្នាក់ ហើយធ្វើឱ្យសមាជិកកងកម្លាំងសន្តិសុខការពារសាកលវិទ្យាល័យ៥នាក់ត្រូវរបួស ។ បន្ទាប់ពីនេះបន្តិច គ្រាប់បែកទី៣ មួយគ្រាប់ទៀតបានផ្ទុះសម្លាប់មនុស្សម្នាក់ ។ ចំណែកគ្រាប់បែកទី៤ ត្រូវបានប៉ូលិសរកឃើញទាន់ពេល ។ ភាពចលាចលកើតមានក្នុងបរិវេណសាកលវិទ្យាល័យ ដោយពួកនិស្សិតនាំគ្នារត់ប្រសាចរកទីជម្រក ។ និស្សិតម្នាក់និយាយថា តើប៉ូលិសអាចការពារយើងបែបណាទៅ បើប៉ូលិសពុំអាចការពារខ្លួនឯងបានផងនោះ ។
រដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីបគូសបញ្ជាក់ក្នុងសប្តាហ៍នេះថា មនុស្សជិត៥០០នាក់ភាគច្រើនជាប៉ូលិស និងទាហានបានត្រូវស្លាប់ក្នុងការវាយប្រហារនានាចាប់តាំងពីការផ្តួលរំលំប្រធានាធិបតីអ៊ិស្លាមនិយម លោកម៉ូហាម៉េដ ម័រស៊ី កាលពីខែកក្កដា ឆ្នាំ២០១៣ មក ។ ក្រោយការផ្ទុះនានាកាលពីថ្ងៃទី២ មេសា រដ្ឋាភិបាលអេហ្ស៊ីបប្រកាសថា ខ្លួននឹងប្រកាសច្បាប់មួយនាថ្ងៃទី៣ មេសា ទាក់ទិននឹងការតស៊ូប្រឆាំងភេរវកម្ម ។
ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប គ្រោងធ្វើនាថ្ងៃទី២៦ និង២៧ ឧសភា ដោយសេនាប្រមុខអាប់ដែលហ្វាតា អាល់ស៊ីសស៊ី ជាេបក្ខជនដែលគេយល់ថាអាចជាប់ឆ្នោត ៕
ចែករំលែកព័តមាននេះ