យោងតាមគេហទំព័របរទេសចេញផ្សាយ កាលពីពេល ថ្មីៗនេះឱ្យដឹងថា បុរសម្នាក់បានប្រើប្រាស់បន្ទះ Sensor ប្រមាណ៧០០ប្រភេទបង្កប់ក្នុងរាងកាយ ដើម្បីបង្ហាញពីភាពអស្ចារ្យដល់ពិភពលោក ។
លោក Chris Dancy ជនជាតិអាមេរិកវ័យ៤៥ឆ្នាំ អ្នកផលិតកម្មវិធី Software បានក្លាយទៅជាបុរសដែលមានឧបករណ៍អេឡិចត្រូនិកក្នុងរាងកាយច្រើនជាងគេបំផុតក្នុងពិភពលោក។ ក្នុងរាងរបស់លោក Cris Dancy ពោរពេញទៅដោយឧបករណ៍វិទ្យាសាស្ត្រជាច្រើនប្រភេទដូចជាខ្សែចំលងអគ្គិសនីដាក់បញ្ចូលក្នុងដៃខាងឆ្វេងបន្ទះ Sensor ដាក់បញ្ចូលក្នុងក ដើមទ្រូង ខ្នង និងមានឧបករណ៍ជាច្រើនប្រភេទទៀតសរុបប្រហែល៧០០ប្រភេទ ស្ថិតនៅក្នុងខ្លួនប្រាណរបស់គាត់ ។
លោក Dancy និយាយថា «មានមនុស្សម្នាជាច្រើនបានសើចចំអក និងងឿងឆ្ងល់ពីសកម្មភាពប្លែកៗរបស់ខ្ញុំ តែខ្ញុំមិនចាប់អារម្មណ៍ពីពាក្យសម្តីរបស់ពួកគេទេ ។ ផ្ទុយទៅវិញវាជាកម្លាំងចិត្តជំរុញឱ្យរូបខ្ញុំសម្រេចបានជោគជ័យក្នុងការភ្ជាប់ប្រព័ន្ធអេឡិចត្រូនិកក្នុងរាងកាយ» ។
លោក Dancy បន្ថែមទៀតថា វាមិនមែនជាការកម្សាន្តធម្មតា តែវាជាថាមពលពិសេសម្យា៉ងដែលអនុញ្ញាតឱ្យយើងទទួលនូវព័ត៌មានមួយចំនួនដែលយើងមិនបានដឹងពីមុនដូចជា ការបង្ហាញពីព័ត៌មានដែលនៅជុំវិញខ្លួនរបស់យើង បន្ទាប់ពីប៉ះផ្ទាល់លើវត្ថុទាំងអស់នោះ ។ យើងក៏អាចទទួលបានអានុភាពអច្ឆរិយពីឧបករណ៍ទាំងនេះ ដែលបង្ហាញពីការរស់នៅស្របតាមមជ្ឈដ្ឋានជុំវិញខ្លួន វិធីសាស្ត្រធ្វើឱ្យរាងកាយលូតលាស់បានល្អ និងរបបទទួលទានអាហារជាប្រចាំថ្ងៃទៀតផង ។
ក្រៅពីមានប្រព័ន្ធទាក់ទងដ៏ស្អេកស្កះក្នុងនិងក្រៅរាងកាយ លោក Dancy ក៏មានស្មាតហ្វូនស៊េរីទំនើបចំនួន២គ្រឿងគឺ iPhone 5S និង Motor X ព្រមទាំង Google Glass ។
វេជ្ជបណ្ឌិតឯកទសផ្នែកប្រព័ន្ធរាងកាយអះអាងថា វាជាគ្រោះថ្នាក់មួយដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាទំនើបភ្ជាប់ជាមួយសរីរាង្គកាយដែលឈានទៅរកការបង្អាក់ការលូតលាស់របស់កោសិកា ជាលិកា និងប្រព័ន្ធតំណពូជដែលជាសរីរាង្គដ៏សំខាន់របស់មនុស្សទៀតផង ។ ទោះជាមានការផ្តល់ដំបូន្មានពីវេជ្ជបណ្ឌិត និងមិត្តភក្តិមួយចំនួនយា៉ងណាក៏ដោយក៏លោក Dancy មិនបោះបង់ចោលគំនិតមួយនេះទេ ៕
ចែករំលែកព័តមាននេះ