រាជធានីភ្នំពេញ ៖ នៅពេលរដូវបុណ្យភ្ជុំបិណ្យម្តងៗនាពេលកន្លងមក គេសង្កេតឃើញថាតម្រូវការសាច់ជ្រូកនិងតម្លៃសាច់ជ្រូកនៅលើទីផ្សារតែងតែហក់ឡើងខ្ពស់ជាងថ្ងៃធម្មតា។ ប៉ុន្តែសម្រាប់បុណ្យភ្ជុំបិណ្យឆ្នាំឆ្នាំ២០១៩នេះ ថាតើតម្រូវការនិងថ្លៃសាច់ជ្រូកអាចហក់ឡើងខ្ពស់ជាងថ្ងៃធម្មតាបានដែរឬទេ ខណៈថ្ងៃបុណ្យភ្ជុំធំរំកិលចូលជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ ហើយប្រជាពលរដ្ឋមួយចំនួននៅមានភាពរអារនឹងការទទួលទានសាច់ជ្រូកដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកន្លងមក ?
តាមប្រធានសមាគអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជាបានធ្វើការកត់សម្គាល់ឃើញថាចាប់តាំងពីថ្ងៃបិណ្ឌភ្ជុំបិណ្យទី១រហូតមកដល់បិណ្ឌទី១០ម្សិលមិញនេះតម្រូវការនិងតម្លៃសាច់ជ្រូករស់នៅលើទីផ្សារទូទាំងប្រទេសមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺតម្រូវការក្នុងមួយថ្ងៃក្នុងរង្វង់ជាង៥.០០០ក្បាល ហើយតម្លៃជ្រូករស់មួយគីឡូក្រាមថ្លៃពី៨.០០០រៀលទៅ៩.០០០រៀល។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជាមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២២ ខែកញ្ញា ថា «តាមការពិនិត្យនិងការតាមដានរបស់សមាគម មើលឃើញថាតម្រូវការសាច់ជ្រូកមិនសូវមានការប្របែប្រួលប៉ុន្មាននោះទេ តម្លៃសាច់ជ្រូកឡើងដែរ តែឡើងតិចតួចតាំងពីមុនថ្ងៃភ្ជុំម្លេះ តែមិនទាន់ឡើងដល់តម្លៃដើមកាលពីមុននោះទេ មួយគីឡូក្រាមថ្លៃជាង១ម៉ឺនរៀល»។ លោកបានបញ្ជាក់ថា តម្លៃជ្រូករស់សព្វថ្ងៃនៅលើទីផ្សារមួយគីឡូក្រាមថ្លៃ ៨.០០០ទៅ៩.០០០រៀល តែកាលពីមុនផ្ទុះជំងឺប៉េសជ្រូកអាហ្វិក មួយគីឡូក្រាមថ្លៃពី១០.០០០ទៅ១១.០០០រៀលឯណោះ ។
បើតាមលោកប្រធានសមាគម សព្វថ្ងៃនេះកសិករចិញ្ចឹមជ្រូកក្នុងស្រុកបានដួលរលំស៊ឹងតែចង់អស់ទៅហើយ គឺនៅសល់តែជ្រូកកសិដ្ឋាននិងជ្រូកចិញ្ចឹមដោយក្រុមហ៊ុន តែប៉ុណ្ណោះ បន្ទាប់ពីផ្ទុះជំងឺជ្រូកកន្លងទៅថ្មីៗនេះ។ ពីមុនមកក្នុងមួយថ្ងៃយើងមានតម្រូវការនៅលើទីផ្សារប្រមាណពី៦.០០០ទៅ៧.០០០ក្បាល ប៉ុន្តែមកដល់សព្វថ្ងៃនេះមានជាង៥.០០០ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស។
លោក ស្រ៊ុន ពៅ បានសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះតម្លៃក៏ដូចជាតម្រូវការសាច់ជ្រូកនៅលើទីផ្សារទូទាំំងប្រទេសកម្ពុជាមិនទាន់ឡើងដល់កម្រិតពីមុនៗនោះទេ ដោយសារអ្នកហូបនៅតែហូប តែអ្នកមិនហូបក៏មានច្រើនដែរ។ តែទោះជាយ៉ាងនេះក្តីនៅពេលថ្ងៃបុណ្យភ្ជុំធំមកដល់ កម្ពុជាមិនអាចផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារបានដោយមិនពឹងលើការនាំចូលជ្រូកពីខាងក្រៅបាននោះទេ ដោយសារជំងឺប៉េសជ្រូកអាហ្វ្រិកធ្វើឱ្យអ្នកចិញ្ចឹមជ្រូកដួលរលំភាគច្រើន ហើយនេះជាបញ្ហាប្រឈមធំមួយសម្រាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកក៏ដូចជាអ្នកបរិភោគ»។
អ្នកស្រី សម្ផស្ស អាជីវករលក់សាច់ជ្រូកបានឱ្យដឹងថា ក្នុងរដូវបុណ្យភ្ជុំបិណ្យឆ្នាំនេះអ្នកស្រីទិញជ្រូករស់ពីប្រជាពលរដ្ឋមួយគីឡូក្រាមថ្លៃក្នុងរង្វង់៩.០០០រៀលហើយលក់ចេញវិញនៅលើទីផ្សារក្នុងមួយគីឡូក្រាមថ្លៃពី១៤.០០០រៀលទៅ១៥.០០០រៀល ហើយក្នុងមួយថ្ងៃអាចលក់អស់សាច់ជ្រូកពី២ទៅ៣ក្បាល។ អ្នកស្រីបានបញ្ជាក់ថា «ចាប់ពីថ្ងៃកាន់បិណ្ឌទី១មកដល់ថ្ងៃកាន់បិណ្ឌទី៩នេះប្រជាពលរដ្ឋត្រូវការសាច់ជ្រូកមានលក្ខណៈធម្មតា ដូចថ្ងៃមុនភ្ជុំដែរហើយយើងហ៊ានរំពឹងថាការលក់សាច់ឆ្នាំនេះបានច្រើនជាងឆ្នាំមុននោះទេដោយសារអ្នកលក់សាច់ជ្រូកមានច្រើន ហើយម្យ៉ាងទៀតប្រជាពលរដ្ឋនៅពុំទាន់ហ៊ានបរិភោគសាច់ជ្រូកច្រើនដូចពេលមុនៗនៅឡើយ»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ